រាជធានីភ្នំពេញ ៖ ខ្មាន់កាំភ្លើងដេញតាមបាញ់២គ្រាប់ប្លន់យកម៉ូតូមិនបានសម្រេច បណ្តាលឱ្យម្ចាស់ម៉ូតូស្លាប់នៅជាប់ម៉ូតូ កាលពីវេលាម៉ោង១ និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ មេសា ២០១៥ ស្ថិតនៅផ្លូវលេខ៥១បេតុង ក្រុម៦ ភូមិសន្សំកុសល៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះពួក គឹមហុង អាយុ២៦ឆ្នាំ ដើរលក់ថ្នាំពេទ្យ ស្នាក់នៅផ្ទះលេខ៣៣ ក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិរមិញខាងជើង ឃុំរមិញ ស្រុកកោះអណ្តើក ខេត្តតាកែវ ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូធុនធំម៉ាក MSX ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CC 0005 បើកបរតាមផ្លូវបេតុង ពីកើតទៅលិច ខណៈមកជិតដល់ផ្ទះហើយ ស្រាប់តែមានជនសង្ស័យ៥នាក់ ជិះម៉ូតូ២គ្រឿងមិនចាំម៉ាកបានជិះដេញតាមជនរងគ្រោះ ហើយជនរងគ្រោះបានស្រែកថា ចោរៗស្រាប់តែមានឮស្នូរបាញ់២គ្រាប់ ធ្វើឱ្យរងរបួសមួយគ្រាប់ចំបបូរមាត់លើខាងឆ្វេងមួយគ្រាប់ ធ្លាយហូរឈាមដេកស្លាប់នៅតាមចិញ្ចើមផ្លូវនៅជាប់ម៉ូតូ ដែលជនសង្ស័យមិនបានយកម៉ូតូចេញទេ បាននាំគ្នាគេចខ្លួនអស់ ។
បើតាមសម្តីរបស់បងប្រុសជនរងគ្រោះឱ្យដឹងថា ជារៀងរាល់ថ្ងៃ ប្អូនប្រុសរបស់គាត់តែងតែចេញពីផ្ទះនៅវេលាម៉ោង៦ព្រឹក រហូតដល់ព្រលប់ទើបចូលផ្ទះ ដោយសារតែរូបគេជាបុគ្គលិកដើរយកថ្នាំពេទ្យបោះឱ្យម៉ូយ ហើយមុនពេលកើតហេតុ មិនបានដឹងថា ប្អូនប្រុសរបស់គាត់ ទើបនឹងត្រឡប់មកពីផឹកស៊ីជាមួយមិត្តភក្តិនៅទីណាទេ ព្រោះនៅជាប់នឹងខ្លួនមានធុំក្លិនស្រា ក៏ត្រូវខ្មាញ់កាំភ្លើងដេញបាញ់២គ្រាប់រហូតដេកស្លាប់នៅកន្លែងកើតហេតុ ។
ជុំវិញខាងលើ សមត្ថកិច្ចមិនទាន់បានសន្និដ្ឋានថា ជារឿងប្លន់ ឬក៏គំនុំនៅឡើយទេ ព្រោះម៉ូតូរបស់ជនរងគ្រោះមិនបានបាត់បង់ទេ រង់ចាំកោសល្យវិច័យចុះទៅពិនិត្យសព និងធ្វើការស្រាវជ្រាវបន្តទៀត ។ បន្ទាប់ពីពិនិត្យរួចទើបប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ