រាជធានីភ្នំពេញ ៖ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបំភ្លឺប្រាប់កោះសន្តិភាពថា កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី២ មេសា នៅមុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មិនមានអំពើប្លន់ ឬឆក់យកទូរស័ព្ទដៃពីបុរសម្នាក់ជាភ្ញៀវទេសចរជនជាតិកាហ្សាក់ស្ថានឡើយ ។
លោកអធិការបានបញ្ជាក់ថា បុរសជនជាតិកាហ្សាក់ស្ថានម្នាក់នោះ ជាអ្នកទេសចរថ្មើរជើង ហើយបានឆ្លងកាត់៤ប្រទេសរួចមកហើយមុននឹងចូលមកដល់ប្រទេសកម្ពុជាយើង គឺយប់កន្លែងណាដេកនៅកន្លែងនោះតែម្ដង ។ ដោយឡែកនៅយប់កើតហេតុនោះ លោកបានបញ្ជាកម្លាំងនគរបាលខណ្ឌចេញល្បាតពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋាន ហើយជួប ជនបរទេសរូបនេះនៅមុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញបម្រុងដេកនៅទីនោះ ។ ខណៈនោះកម្លាំងនគរបាលបាននាំបុរសនេះទៅសួរនាំទើបដឹងថា គាត់គឺជាជនជាតិកាហ្សាក់ស្ថានហើយជាអ្នកទេសចរថ្មើរជើងពីប្រទេសមួយទៅប្រទេសមួយ និងគ្មានប្រាក់នៅជាប់ខ្លួនមួយកាក់មួយសេនឡើយ ។
លោកអធិការបានបន្តថា ស្របពេលនោះដែរ ក៏មានប្រជាពលរដ្ឋមួយចំនួនយល់ច្រឡំថាបុរសនោះត្រូវចោរប្លន់និងឆក់ទូរស័ព្ទដៃ ព្រោះបុរសខាងលើនេះបានពឹងឲ្យប្រាប់នគរបាលឲ្យជួយរកកន្លែងស្នាក់នៅឱ្យគាត់ផង ។ ដោយមិនចេះស្ដាប់ភាសាទើបនាំគ្នានិយាយថា បុរសនោះត្រូវចោរប្លន់និងខ្លះថាឆក់ទៅវិញ ធ្វើឲ្យមានការយល់ច្រឡំដល់សារព័ត៌មានចុះផ្សាយថែមទៀតផង ។ លុះក្រោយពេលសួរនាំដឹងថា គាត់ចង់រកកន្លែងសម្រាកលោកក៏បញ្ជាឲ្យនគរបាលក្រោមឱវាទផ្អាកសួរនាំនិងរៀបចំកន្លែងឲ្យគាត់សម្រាករហូតអស់ចិត្តទើបសួរនាំបន្តទៀត ។
ប្រភពដដែលបានបន្តថា បុរសនោះបានប្រាប់ថា អត់មានចោរឆក់ឬប្លន់អ្វីឡើយនិងបញ្ជាក់ថា ខ្លួនគាត់គ្មានអ្វីឲ្យចោរប្លន់ទេ ការធ្វើទេសចរណ៍មានតែសម្បកខ្លួនប៉ុណ្ណោះហើយ ពេលជួបអាជ្ញាធរនិងសមត្ថកិច្ចប្រទេសណាគឺសុំលុយដើម្បីបន្ដដំណើរទៅមុខទៀត ។ បើដើរតាមផ្លូវមានអ្នកអាណិតស្រឡាញ់ផ្ដល់មធ្យោបាយឱ្យជិះដោយសារក៏ជិះទៅ តែបើគ្មានទេក៏ដើរទៅយប់ត្រង់ណាសម្រាកត្រង់នោះ ។ បន្ទាប់មកបានប្រាប់ថា គាត់ចង់បន្តដំណើរទៅកាន់ខេត្តព្រះសីហនុ ប៉ុន្តែគ្មានលុយទើបពេលនោះលោកបានផ្ដល់ប្រាក់ចំនួន២៥ដុល្លារ ឱ្យជិះរថយន្ដក្រុងឆ្ពោះទៅកាន់ខេត្ដព្រះសីហនុនាវេលារសៀលថ្ងៃទី២ មេសា ឆ្នាំ២០១៥ ៕
ចែករំលែកព័តមាននេះ