ខេត្តសៀមរាប ៖ អ្នកកាសែតមាតុភូមិម្នាក់ប្រចាំខេត្តសៀមរាប ត្រូវតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប កោះហៅឱ្យចូលខ្លួនមកបំភ្លឺជុំវិញករណីបរិហារកេរ្តិ៍តាមសារព័ត៌មាន បន្ទាប់ពីមានពលរដ្ឋមួយចំនួន និងអ្នកមានមុខមាត់ម្នាក់នៅស្រុកក្រឡាញ់ បានប្តឹងពីការសរសេរព័ត៌មានមិនពិត ដោយមិនបានសម្ភាសន៍សាក្សីម្ខាងៗឱ្យបានត្រឹមត្រូវ ។
ប្រភពបានឱ្យដឹងថា បុរសដែលត្រូវតុលាការកោះហៅនេះ ឈ្មោះស៊ឹម ហៀប ភេទប្រុស អាយុ៥៦ឆ្នាំ ជាអ្នកកាសែតមាតុភូមិប្រចាំខេត្តសៀមរាប មានទីលំនៅឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងដើមបណ្តឹងឈ្មោះផែន ផៃរ៉េត ជាអ្នកមានមុខមាត់ម្នាក់ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប ព្រមទាំងពលរដ្ឋមួយចំនួនផងដែរ ។
ការចូលខ្លួនមកបំភ្លឺធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី២០ មីនា ២០១៥ ដោយយោងតាមដីកាកោះចុះថ្ងៃទី០៦ មីនា ២០១៥ ចេញដោយលោកសុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានកោះហៅឈ្មោះស៊ឹម ហៀប ឱ្យចូលខ្លួនមកបំភ្លឺ។
ជុំវិញករណីខាងលើនេះដែរ ត្រូវបានទម្លាយឱ្យដឹងថា កាលពីថ្ងៃទី៤ កុម្ភៈ ២០១៤ កន្លងមក ព្រះតេជគុណព្រះនាម ស៊ីន ឃឺន ជាចៅអធិការវត្តពោធិ៍ក្រឡាញ់ ស្រុកក្រឡាញ់ ត្រូវបានជាប់ចោទប្រកាន់ថា បានលួចរួមរ័កជាមួយស្រីខារ៉ាអូខេម្នាក់អាយុ១៨ឆ្នាំ ។ នៅថ្ងៃនោះដែរ ចៅអធិការវត្តពោធិ៍ក្រឡាញ់ ក៏ត្រូវបានផ្សឹកទៅជាគ្រហស្ថ ។ ប៉ុន្តែនៅរយៈពេល៥ថ្ងៃក្រោយមក អតីតចៅអធិការ ស៊ីន ឃឺន ត្រូវគេបំបួសឡើងវិញ ស្ថិតនៅក្នុងវត្តស្រណាល ស្រុកក្រឡាញ់ ។ ប៉ុន្តែមិនបានគង់នៅវត្តស្រណាល ស្រុកក្រឡាញ់ទេ គឺលោកបាននិមន្តទៅគង់នៅវត្តមួយផ្សេងទៀត នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ការបំបួសអតីតចៅអធិការឡើងវិញ ក៏ដោយសារគេស្រាវជ្រាវរកឃើញថា អតីតចៅអធិការពោធិ៍ក្រឡាញ់ មិនបានរួមរ័កជាមួយស្រីខារ៉ាអូខេដូចគេចោទប្រកាន់នោះឡើយព្រោះថា មានមនុស្សមួយក្រុមនៅស្រុកក្រឡាញ់ ចង់កំចាត់ចៅអធិការចេញពីវត្ត ដោយដាក់ចៅអធិការថ្មី ព្រះនាម ណំ ណាំង ដែលនិមន្តពីវត្តតាប៉ុន នៅស្រុកក្រឡាញ់នោះដែរ ឱ្យមកដឹកនាំវត្តពោធិ៍ក្រឡាញ់ ។ ក្នុងដំណាក់កាលនោះដែរ ស្រីខារ៉ាអូខេខាងលើ ក៏បានគេស្រាវជ្រាវហើយនាងឆ្លើយថា មិនបានរួមរ័កជាមួយអតីតសង្ឃនោះទេ គឺមានមនុស្សមួយក្រុមបង្ខំនាងឱ្យផ្តិតមេដៃទទួលកំហុសថា បានរួមរ័ក ។
តែក្រោយមក ស្ត្រីខារ៉ាអូខេនោះក៏បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បាត់ទៅ ។ លេចចេញនៅដំណើររឿងបែបនេះ នៅថ្ងៃទី១៦ មករា ២០១៥ លោក ស៊ឹម ហៀប អ្នកកាសែតមាតុភូមិ ប្រចាំខេត្តសៀមរាប បានសរសេរអត្ថបទមួយចេញក្របមុខមានចំណងជើងថា «ទមិឡឥតសាសនាមួយក្រុម កម្ចាត់ព្រះសង្ឃចេញពីវត្តពោធិ៍ក្រឡាញ់ មិនខ្លាចចុះនរក» ។ អត្ថបទនេះហើយ ដែលឈ្មោះផែន ផៃរ៉េត ប្តឹងមកតុលាការ ហើយតុលាការក៏បានធ្វើការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ តាមសារព័ត៌មាន ដែលប្រព្រឹត្តឡើងនៅថ្ងៃទី១៦ មករា ២០១៥ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ