រាជធានីភ្នំពេញ ៖ នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងមន្ត្រីនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី២០ មីនា បានសហការគ្នាត្រួតពិនិត្យសិប្បកម្មផលិតប្រហិត ទឹកម្ទេស នឹងទឹកស៊ុប មួយកន្លែង ស្ថិតនៅផ្ទះលេខ១៥៦Eo តាមបណ្តោយផ្លូវលេខ១៤៣ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ប្រយោជន៍ដើម្បីវិនិច្ឆ័យពីគុណភាព ។
ការចុះត្រួតពិនិត្យនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡុង ស្រេង អនុប្រធាន នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងលោក គង់ វុទ្ធី មន្ត្រីកាំកុងត្រូល ។ អ្នកស្រី សុខ ណៃ អាយុ៥២ ឆ្នាំ ជាម្ចាស់សិប្បកម្មខាងលើ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា សិប្បកម្មប្រហិតសាច់គោនិងប្រហិតសាច់ជ្រូក របស់គាត់ ដំណើរការច្រើនឆ្នាំហើយ មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង-មន្ទីរពាក់ព័ន្ធ ។ សិប្បកម្មប្រហិតនេះ ពេលព្រឹកឡើងត្រូវការយកសាច់ប្រហិតទៅស្រុសនឹងទឹកក្តៅឲ្យឆ្អិន និងច្រកស្បោងប្លាស្ទិកដើម្បីយកទៅលក់លើទីផ្សារ ។
អ្នកស្រីបន្តថា ក្រោយពេលយើងស្រុសវាហើយ ទឹកក្តៅដែលស្រុសនោះ យើងដងដាក់ក្នុងធុងជ័រចំណុះប្រមាណ១០០លីត្រ ទុកលក់ទៅឱ្យអ្នកធ្វើគុយទាវ ឬអ្នកលក់ស៊ុបផ្សេងៗក្នុងរាជធានីភ្នំពេញ ក្នុង១ប៊ីដុងតម្លៃ២.០០០រៀល លក់១ថ្ងៃបានរាប់សិបប៊ីដុង ហើយប្រាក់ដែលបានពីការលក់ទឹកស្រុសប្រហិតនេះ ទុកសម្រាប់ឲ្យកម្មករចាយវាយក្រៅពីប្រាក់ខែ ហើយនៅពេលណាលក់សល់ ទឹកប្រហិតនេះត្រូវបានចាក់ចោលទៅក្នុងលូ ។ ឯទឹកម្ទេសក៏យើងផលិតនៅទីនេះដែរ ដែលម៉ូយនៅតាមផ្សារមកទិញជាហូរហែ ។
ទាក់ទងនឹងការចុះទៅពិនិត្យសិប្បកម្មផលិតសាច់ប្រហិត និងទឹកម្ទេសមួយកន្លែងនេះ លោកឧត្តមសេនីយ៍ត្រី ឡុង ស្រេង ថ្លែងថា កន្លងមកមានព័ត៌មានជាច្រើនបានផ្សព្វផ្សាយ ដោយដាក់ការសង្ស័យលើរឿងទឹកស៊ុបថានាំចូលពីប្រទេសវៀតណាម ហើយទឹកស៊ុបនោះមានដាក់ បញ្ចូលសារជាតិគីមី ជាហេតុធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ទើបលោកនាយឧត្តមសេនីយ៍ នេត សាវឿត អគ្គស្នងការនគរបាលជាតិ ចេញបទបញ្ជាមកនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលមានលោកឧត្តមសេនីយ៍ឯក ជា សុមេធី អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋាន ចាត់តាំងមន្ត្រីជំនាញឲ្យចុះសិក្សា និងស្រាវជ្រាវរកករណីនេះជាបន្ទាន់ ។ ជាបន្តបន្ទាប់ កម្លាំងជំនាញបានសហការជាមួយកាំកុងត្រូល ចុះពិនិត្យតាមសិប្បកម្មធ្វើប្រហិត និងឃើញថា ពិតជាមានការយកទឹកស្រុសប្រហិត ទៅលក់តាមហាងគុយទាវ និងហាងលក់ស៊ុបនានាក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមែន ។
លោក ឡុង ស្រេង អះអាងថា មិនមានការនាំចូលទឹកស៊ុបមកពីប្រទេសវៀតណាមទេ ។ នៅពេលកម្លាំងជំនាញចុះទៅដល់សិប្បកម្មរបស់អ្នកស្រី សុខ ណៃ សមត្ថកិច្ចជំនាញកាំកុងត្រូល បានយកទឹកស៊ុប១ប៊ីដុងចំណុះ៣០លីត្រ ទៅត្រួតពិនិត្យ ដើម្បីរកជាតិគីមី ឬធាតុផ្សំដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ឯលទ្ធផលយ៉ាងណានោះ នឹងបង្ហាញឱ្យដឹងនៅពេលក្រោយ៕
ចែករំលែកព័តមាននេះ