ខេត្តពោធិ៍សាត់ ៖ បុរសញៀនថ្នាំម្នាក់ត្រឡប់មកពីផឹកស៊ីស្រវឹងជោកជាំហើយបានហៅមិត្តភក្កិមកផឹកនៅផ្ទះបន្តទៀត លុះពេលប្រពន្ធធុញរករឿងឈ្លោះគ្នាស្រាប់តែចាក់ប្រពន្ធដែលកំពុងមានផ្ទៃពោះ៣ខែមួយកាំបិតធ្លាយពោះវៀនបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុរួចរត់គេចខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១១ មីនា ២០១៥ នៅក្នុងផ្ទះរបស់ជនរងគ្រោះស្ថិតក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់។
លោកនាយប៉ុស្តិ៍រដ្ឋបាលឲ្យដឹងថា ជនរងគ្រោះឈ្មោះហ៊ុន ស្រីមុំ ភេទស្រី អាយុ២៩ឆ្នាំ មានកូនប្រុស០២នាក់ ម្នាក់អាយុ០៦ឆ្នាំ ម្នាក់អាយុ០៣ឆ្នាំ និងកំពុងមានផ្ទៃពោះ០៣ខែទៀតផង។
ចំណែកប្ដីជាឃាតករឈ្មោះអំ បូរ៉ា អាយុ២៧ឆ្នាំ ជាមនុស្សញៀនថ្នាំ។ តាមការស៊ើបសួរឲ្យដឹងថា នៅថ្ងៃទី១១នោះ វេលាម៉ោង៧យប់ គេឃើញបុរសជាប្ដី និងមិត្តភក្កិម្នាក់ទៀតឈ្មោះទិត មិនដឹងជាមកពីណាទេ ដោយមានកាន់ស្រាបៀ០២កំប៉ុងក្នុងដៃក្នុងសភាពស្រវឹងជោកជាំហើយនាំគ្នាមកផឹកនៅផ្ទះបន្តទៀត។ ពេលនោះប្រពន្ធស្ដីបន្ទោសក៏កើតជារឿងឈ្លោះប្រកែកគ្នា។
ឃើញដូច្នេះឈ្មោះទិតក៏ងើបចេញទៅ ហើយបានទូរស័ព្ទប្រាប់ប៉ូលិសដើម្បីជួយអន្តរាគមន៍។ មួយសន្ទុះក្រោយមកប្រជាការពារ និងនគរបាលប៉ុស្តិ៍មកដល់មិនឮសម្លេងឈ្លោះគ្នាទេ ហើយក៏មិនឃើញប្ដីនៅផ្ទះដែរឃើញតែប្រពន្ធ និងកូនដេកក្នុងមុង។ ដោយមិនឮសម្លេងនិយាយតបតអ្វីសោះនោះសមត្ថកិច្ចមានការសង្ស័យក៏ដើរទៅមើលស្រាប់តែឃើញស្ត្រីរូបនោះធ្លាយពោះវៀនចេញក្រៅប្រឡាក់ដោយឈាមស្លាប់បាត់ទៅហើយៗនៅក្បែរនោះមានកូនកាំបិតកៃមួយផងដែរ។
តាមការពិនិត្យជាក់ស្ដែងស្ត្រីរងគ្រោះត្រូវប្ដីកំណាចចាក់ចំពីរកន្លែង មួយកន្លែងចំប៉េងទឹកខាងស្ដាំធ្លាយពោះវៀន និងមួយកន្លែងទៀតចំកែងជើងខាងស្ដាំ។ បងប្អូនស្ត្រីរងគ្រោះបានឲ្យដឹងថា ស្ត្រីរងគ្រោះកំពុងមានផ្ទៃពោះ០៣ខែ ហើយឈ្មោះអំ បូរ៉ា ជាឃាតករសម្លាប់ប្រពន្ធខ្លួនឯងនេះជាមនុស្សញៀនថ្នាំទៀតផង ដែលកន្លងមកនេះសមត្ថកិច្ចធ្លាប់បានហៅអប់រំណែនាំចំនួនពីរលើកមកហើយ។ ជនដៃដល់សមត្ថកិច្ចយើងកំពុងដុតដុតជើងតាមស្វែងរកដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ដែលខ្លួនបានប្រព្រឹត្ត៕
ចែករំលែកព័តមាននេះ