ខេត្តកំពង់ស្ពឺ ៖ ដោយសារតែទ្រាំនឹងទង្វើវាយដំប្រពន្ធរបស់ឪក្មេកមិនបានកូនប្រសាចិត្តស្លុយម្នាក់បានយកកាំបិតត្នោតចាក់ឪក្មេកពីក្រោយ៥កាំបិតបណ្តាលឱ្យរបួសធ្ងន់ ។
ករណីនេះកើតឡើងកាលពីវេលាម៉ោង៤ និង១៥នាទីរសៀល ថ្ងៃទី១១ មីនា ២០១៥ នៅផ្ទះជនរងគ្រោះស្ថិតក្នុងភូមិថ្លុកព្រាល ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។កូនប្រសាដៃដល់មានឈ្មោះជា ធី ភេទប្រុស អាយុ២៥ឆ្នាំ ចំណែកឪក្មេកឈ្មោះឃិន ឃឿន អាយុ៤៨ឆ្នាំ អ្នកទាំងពីររស់នៅកន្លែងកើតហេតុខាងលើ។
ជនដៃដល់ជាកូនប្រសាបានឆ្លើយសារភាពថា មូលហេតុដែលបណ្តាលឱ្យគេធ្វើបែបនេះ ក៏ព្រោះតែខឹងនឹងឪក្មេកពូកែរករឿងប្រពន្ធកូនមិនដែលខាននោះទេ។ ឱ្យតែពេលស្រវឹងស្រាម្តងៗតែងតែវាយធ្វើបាបម្តាយក្មេក និងរករឿងកូនចៅក្នុងផ្ទះមិនដែលមានក្តីសុខនោះទេ។
ជនដៃដល់បន្តថា នៅថ្ងៃកើតហេតុ ឪពុកក្មេករបស់គេទៅផឹកស្រាជាមួយមនុស្សក្នុងភូមិ ពេលមកវិញបានរករឿងវាយម្តាយក្មេករបស់គេបណ្តាលឱ្យរបួសធ្ងន់។ ដោយទ្រាំភ្នែកមើលមិនបានរូបគេក៏ស្ទុះទៅយកកាំបិតត្នោតមកចាក់ឪពុកក្មេកចំពីក្រោយចំនួន៥កាំបិតបណ្តាលឱ្យដួលប្រកាច់នៅនឹងកន្លែង។ ក្រោយពីប្រព្រឹត្តរូបគេបំរុងគេចខ្លួនដែរ តែត្រូវនគរបាលឃាត់ខ្លួនភ្លាមៗតែម្តង ចំណែកឪក្មេករបស់គេត្រូវបានបញ្ជូនទៅសង្គ្រោះនៅពេទ្យឃុំភ្លាមផងដែរ។
បើតាមពត៌មានពីស្ត្រីឈ្មោះជុំ សុខុម ត្រូវជាម្តាយក្មេកជនដៃដល់ និងជាប្រពន្ធជនរងគ្រោះបានឱ្យដឹងថា ស្ថានភាពរបស់ប្តីគាត់ហាក់បីដូចជាមិនបានធូរស្រាលនោះទេ គឺអការៈកាន់តែធ្ងន់ធ្ងរទៅៗដូចជាមិនសង្ឃឹមនោះទេ៕
ចែករំលែកព័តមាននេះ