រាជធានីភ្នំពេញ ៖ បុគ្គលិកសណ្ឋាគារសុខាម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ឡើងធុំក្លិនស្អុយទៅហើយនៅក្នុងបន្ទប់ស្នាក់នៅរបស់សណ្ឋាគារសុខា ស្ថិតក្នុងភូមិទី១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
សពជនរងគ្រោះឈ្មោះណូត ប៊ុនធឿន ភេទប្រុស អាយុ២៩ឆ្នាំ ជាបុគ្គលិកផ្នែកយាមឃ្លាំង បច្ចុប្បន្នស្នាក់នៅក្នុងសណ្ឋាគារ មានស្រុកកំណើតនៅខេត្តសៀមរាប។
តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ អ្នកស្នាក់នៅជាមួយជនរងគ្រោះបានត្រឡប់មកពីស្រុកវិញ ហើយចូលទៅក្នុងបន្ទប់ដែលធ្លាប់ស្នាក់នៅស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងសភាពហើម និងធុំក្លិនស្អុយទៅហើយក៏ផ្អើលឆោឡោឡើង និងរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យសព។
បន្ទាប់ពីពិនិត្យ និងកោសល្យវិច័យសពរួច សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង គឺស្លាប់ប្រហែល២ថ្ងៃមកហើយ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ