ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​ហ្វ៊ុ​ន​ស៊ិន​ប៉ិ​ច លោក​ញឹក ប៊ុ​ន​ឆៃ អនុប្រធាន​ទី​២​ប្រើ​ត្រា​មិន​បាន ខណៈ​ប្រធាន​និង​អនុ​ទី​២​នៅ​ក្រៅប្រទេស

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក សាយ ហាក់ អគ្គលេខាធិការ​ប្រតិបត្តិ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច កាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៥ បាន​ចេញ​សេចក្តី​ប្រកាស

រាជធានី​ភ្នំពេញ ៖ លោក សាយ ហាក់ អគ្គលេខាធិការ​ប្រតិបត្តិ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច កាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៥ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​សាធារណៈ​បង្ហាញ​ពី​ទំនាស់​ផ្ទៃក្នុង​គណបក្ស ដោយ​វាយប្រហារ​លើ​លោក ញឹក ប៊ុ​ន​ឆៃ ប្រធាន​ស្តីទី​គណបក្ស និង​ជា​អនុប្រធាន​ទី​២ ក្នុង​ការ​កាន់កាប់​ត្រា​បញ្ជា​គណបក្ស​ដោយ​មិន​មានការ​ផ្ទេរសិទ្ធិ​ពី​សម្តេចក្រុមព្រះ ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ជា​មុន ។ ជម្លោះ​នេះ​បាន​កើតឡើង​ក្រោយ​ពី​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច និង​សម្តេច នរោត្តម អរុណរស្មី អនុប្រធាន​ទី​១ អវត្តមាន​ពី​ក្នុង​ប្រទេស​កម្ពុ​ជាមួយ​រយៈ​។

លោក សាយ ហាក់ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៥ បាន​ប្រកាស​ជា​សាធារណៈ​ច្រានចោល​រាល់​លិខិត​ស្នាម​ដែល​លោក ញឹក ប៊ុ​ន​ឆៃ អនុប្រធាន​ទី​២ នៃ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​យក​ត្រា​គណបក្ស​ទៅ​បោះ​លើ​លិខិត​អញ្ជើញ​និង​លិខិត​ផ្សេង​ៗ ដោយ​អះអាង​ថា ទ​ង្វើ​នេះ​ខុស​ពី​សេចក្តីសម្រេច​របស់​សមាជ​បក្ស ។

ក្នុង​លិខិត​ដែល​កោះសន្តិភាព​ទទួល​បាន​កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែកុម្ភៈ លោក សាយ ហាក់ បាន​លើក​ឡើង​ថា «​លិខិត​ដែល​លោក ញឹក ប៊ុ​ន​ឆៃ អនុប្រធាន​ទី​២​គណបក្ស​យក​ត្រា​គណបក្ស​ទៅ​ប្រើប្រាស់​លើ​លិខិត​អញ្ជើញ​និង​លិខិត​ផ្សេង​ៗ​ពុំ​អាច​ចាត់ទុកជា​ផ្លូវការ​ទេ ព្រោះ​លិខិត​នេះ​ធ្វើ​ឡើង​ដោយ​ពុំ​មានការ​ផ្ទេរសិទ្ធិ​ពី​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច » ។

ចំណែក​លោក ញឹក ប៊ុ​ន​ឆៃ បាន​ប្រតិកម្ម​តប​វិញ​ដោយ​ថ្លែង​ថា «​ខ្ញុំ​ជា​ប្រធាន​ស្តីទី ម៉េច​ក៏​គាត់​ថា​ខ្ញុំ​មិន​អាច​ប្រើ​ត្រា​គណបក្ស​នោះ ព្រោះ​ពេល​នេះ​សម្តេចក្រុមព្រះ និង​សម្តេចព្រះអនុជ​យាង​ទៅ​ក្រៅប្រទេស ដូច្នេះ​ខ្ញុំ​ជា​ប្រធាន​ស្តីទី វា​មាន​ទៅ​ខុស​អី​ទៅ ។ ខ្ញុំ​មិនដឹង​ថា​គាត់​យល់​យ៉ាងម៉េច​ទេ?​» ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ភាព​ចម្រូងចម្រាស​នៅ​តាម​មូលដ្ឋាន​កំពុង​កើត​មាន​ចំពោះ​ការ​សម្រេច​ប្តូ​រឡូ​ហ្គោ ឬ​សញ្ញា​គណបក្ស​ដែល​តាម​ការ​អះអាង​របស់​លោក ញឹក ប៊ុ​ន​ឆៃ​ថា អ្នកគាំទ្រ​មិន​ព្រម​ឲ្យ​ប្តូរ​សញ្ញា​ឡូ​ហ្គោ​បក្ស​ទេ ។

ភ្លាម​ៗ​នោះ អគ្គលេខាធិការដ្ឋាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​ចេញ​លិខិត​បដិសេធ​លិខិត​របស់​លោក សាយ ហាក់ ដោយ​លើក​ឡើង​ថា យោង​តាម​សមាជ កាលពី​ថ្ងៃ​ទី​១៩ មក​រា ឆ្នាំ​២០១៥ លោក សាយ ហាក់ គ្មាន​តួនាទី​អ្វី​នៅ​ក្នុង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​នៅឡើយ​ទេ ហើយ​លក្ខន្តិកៈ​គណបក្ស​នៅ​មាន​ជា​ធរមាន ។ គ្មានរចនាសម្ព័ន្ធ​ស្តី​ពី​អគ្គលេខាធិការ​ប្រតិបត្តិ​គណបក្ស​ទេ ។

អគ្គលេខាធិការដ្ឋាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​បញ្ជាក់​ថា «​សហជីវិន សាយ ហាក់ កំពុង​រំលោភ​បំពាន​លក្ខន្តិកៈ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច និង​ថ្នាក់ដឹកនាំ​របស់​ខ្លួន​ហើយ​»​។ សេចក្តី​ប្រកាស  ព័ត៌មាន​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​បញ្ជាក់​ថា គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​សូម​ច្រានចោល​លិខិត​របស់​លោក សាយ ហាក់ ទាំងស្រុង ។ អគ្គលេខាធិការដ្ឋាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​សូម​បំភ្លឺ​ជូន​សាធារណជន​ដូច​ខាងក្រោម ​៖

១-​សមាជ​វិសាមញ្ញ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​កាលពី​ថ្ងៃ​ទី​១៩ មក​រា ឆ្នាំ​២០១៥​ជ្រើសរើស​ម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច និង​សម្តេចព្រះអនុជ នរោត្តម អរុណរស្មី ជា​អនុប្រធាន​ទី​១ លោក ញឹក ប៊ុ​ន​ឆៃ អនុប្រធាន​ទី​២ ដោយ​បាន​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ គណបក្ស​ប្រកាស​ឲ្យ​មាន​តែ​អនុប្រធាន​គណបក្ស​ប៉ុណ្ណោះ ។

២-​សមាជ​វិសាមញ្ញ​មិន​ទាន់​អនុម័ត​រំលាយ​លក្ខន្តិកៈ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ចុះ​ថ្ងៃ​ទី​២៣  ខែមីនា ឆ្នាំ​២០១៣ ដែល​ក្រសួងមហាផ្ទៃ​ទទួលស្គាល់​និង​ដែល​មាន​ជា​ធរមាន​នៅឡើយ ។

៣-​រហូត​មក​ដល់​ពេល​នេះ  ក្រសួងមហាផ្ទៃ​នៅ​មិន​ទាន់​ទទួលស្គាល់​លទ្ធផល​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​នៅឡើយ​ទេ ។ ក្រសួងមហាផ្ទៃ​ទើបតែ​ចេញ​លិខិត​ចុះ​ថ្ងៃ​ទី​១៤ កុម្ភៈ​ថា ក្រសួងមហាផ្ទៃ​បាន​ទទួល​លិខិត​ជូនដំណឹង​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ស្តី​ពី​លទ្ធផល​សមាជ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ជ្រើសរើស​សម្តេចក្រុមព្រះ​ជា​ប្រធាន​ប៉ុណ្ណោះ ។

៤-​លោក សាយ ហាក់ មិន​ទាន់​មាន​ឋានៈ​និង​តួនាទី​អី​នៅ​ក្នុង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​នៅឡើយ​ទេ ពីព្រោះ​លក្ខន្តិកៈ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ដែល​នៅ​ជា​ធរមាន​ពុំ​មាន​រចនាសម្ព័ន្ធ​ស្តី​ពី​អគ្គលេខាធិការ​ប្រតិបត្តិ​គណបក្ស​ទេ​។

គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បន្ត​ថា «​សហជីវិន សាយ ហាក់ កំពុង​តែ​រំលោភ​បំពាន​លក្ខន្តិកៈ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​និង​ថ្នាក់ដឹកនាំ​របស់​ខ្លួន​ហើយ​» ។ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​អះអាង​ថា «​សូម​ថ្នាក់ដឹកនាំ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ជ្រាប​និង​រក្សា​ភាព​ស្ងប់ស្ងៀម បំពេញភារកិច្ច​រៀង​ៗ​ខ្លួន​ជា​ប្រក្រតី​រង់ចាំ​ថ្នាក់ដឹកនាំ​កំពូល​ពិភាក្សា​ដោះស្រាយ​ដោយ​សន្តិវិធី​» ៕