រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់ក្នុងចំណោម២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈពេលក្រុមចោរប្លន់បានកាប់៣ដាវសាំម៉ូរ៉ៃ ហើយធ្វើសកម្មភាពប្លន់យកម៉ូតូបានដោយសុវត្ថិភាព នៅវេលាម៉ោង៣ទាបភ្លឺ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ តាមបណ្តោយផ្លូវ២១៥ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។
ស្ត្រីជាមិត្តភក្តិស្ត្រីរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុនាងបានជិះម៉ូតូម៉ាកស្គុពី ពណ៌ខ្មៅស៊េរី២០១៣ចេញពីញ៉ាំស៊ុបនៅម្តុំសាលាបាក់ទូក ត្រឡប់ទៅផ្ទះនៅទួលគោក ស្រាប់តែជិះមកតាមផ្លូវ២១៥ បម្រុងឡើងទៅផ្លូវសហព័ន្ឋដល់ជិតក្តាន់២ ក៏លេចមុខក្រុមចោរប្លន់៤នាក់ ជិះម៉ូតូ២គ្រឿងសុទ្ឋតែស៊េរីទំនើប បានដកកាំភ្លើងភ្ជង់ស្ត្រីរងគ្រោះ ។ប៉ុន្តែជនសង្ស័យមិនបានបាញ់នោះទេ បានប្រើដាវសាំម៉ូរ៉ៃកាប់ទៅលើស្ត្រីរងគ្រោះចំនួន៣កាំបិត ២កាំបិតចំក្បាល ១កាំបិតទៀតចំខ្នង ជាហេតុធ្វើឲ្យស្ត្រីរងគ្រោះជាអ្នកឌុបស្ត្រីជាមិត្តភក្តិបានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានមិត្តភក្តិបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
ជាមួយគ្នានោះបើតាមប្រភពបានឲ្យដឹងថាក្រុមចោរបានធ្វើសកម្មភាពប្រមាណជាង១ម៉ោងទើបឃើញសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ដែលនៅម្តុំនោះសមត្ថកិច្ចកំពុងតែល្បាតផងដែរ ។
យ៉ាងណានោះអ្នកភូមិដែលនៅក្បែរនោះបានសំណូមពរយ៉ាងទទូចដល់សមត្ថកិច្ចពង្រឹងការ ការពារបន្ថែមទៀត ខណៈទឹកដីខណ្ឌ៧មករាមានករណីប្លន់ ឆក់ លួច ជារឿយៗធ្វើឲ្យអ្នកភូមិមានការភ័យក្លាច ក្នុងនោះដែរអ្នកភូមិ ក៏បានបន្ថែមថាឯណាទៅភូមិ សង្កាត់មានសុវត្ថិភាព ៕
ចែករំលែកព័តមាននេះ