ខេត្តបាត់ដំបង ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តម្នាក់ និងមន្ត្រីយោធាម្នាក់បានរងការចោទប្រកាន់ថា បានប្រើដំបងវាយដំប្រជាពលរដ្ឋនៅក្នុងភូមិទាំងកំរោលគ្មានរើសមុខបណ្ដាលឲ្យស្ត្រីមានផ្ទៃពោះម្នាក់រងរបួសធ្ងន់ និងមនុស្សក្មេងចាស់ប្រុសស្រីជាង១០នាក់ទៀត រងរបួសគ្រប់គ្នា កាលពីរសៀលថ្ងៃទី១៤ កុម្ភៈ នៅក្នុងស្ថានីយរថភ្លើង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយចោទអ្នកភូមិថា បានលួចយកខោលីអូ និងអាវទ្រនាប់ប្រពន្ធរបស់ខ្លួនដែលហាលក្បែររបងផ្ទះ ។
ជនដៃដល់ដែលវាយដំអ្នកភូមិគ្មានញញើតដៃនោះ ត្រូវអ្នកភូមិប្រាប់ថាឈ្មោះម៉ឹង សាម៉ុន ហៅប្រុស ជាមន្ត្រីកងរាជអាវុធហត្ថខេត្ត និងម្នាក់ទៀតឈ្មោះរ៉ាត់ ជាមន្ត្រីយោធា ដែលមានផ្ទះនៅខាងក្រោយទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ។ ប្រភពដដែលថា ជនដៃដល់ទាំង២នាក់នេះ ស្ថិតក្នុងស្ថានភាពស្រវឹង ប្រដាប់ដោយដំបងឫស្សីម្នាក់មួយកំណាត់ក្នុងដៃ បានជិះម៉ូតូឌុបគ្នាចូលទៅក្នុងស្ថានីយរថភ្លើង រួចចុះទៅដេញវាយសំពងអ្នកភូមិដោយមិនរើសមុខ គ្រាដែលឃើញក្រុមអ្នកភូមិមួយក្រុមកំពុងអង្គុយជុំគ្នាមានចាស់មានក្មេង ។
ឈ្មោះ ផល សាវ័ន្ត អាយុ១៩ឆ្នាំ ដែលរងរបួសដែរនោះនិយាយថា ប៉េអឹមនិងទាហានប្រមឹកទាំង២នាក់ បានជិះម៉ូតូឌុបគ្នាមកវាយអ្នកភូមិដោយគ្មានមូលហេតុ គ្រាដែលខ្លួន និងអ្នកភូមិជាច្រើននាក់ទៀតកំពុងអង្គុយជុំគ្នានិយាយពីនេះពីនោះ ។ សាវ័ន្ត និយាយទៀតថា ជនដៃដល់បានវាយសំពងអ្នកភូមិបណ្ដើរស្រែកចោទប្រកាន់អ្នកភូមិបណ្ដើរថា «ពួកអ្ហែងសុទ្ធតែជាចោរ លួចខោលីអូ និងអាវទ្រនាប់ប្រពន្ធអញគ្មានសល់ច្រើនលើកមកហើយ» ។ ប៉ុន្តែគ្មានអ្នកណាបានដឹងពីរឿងប្រពន្ធលោកប៉េអឹមនោះ បាត់លីអូឬអាវទ្រនាប់នោះទេ ។ ជនរងគ្រោះបញ្ជាក់ថា ខ្លួនត្រូវលោកប៉េអឹមវាយឲ្យរបួសចុងភ្នែកខាងឆ្វេង រីឯប្រពន្ធខ្លួនឈ្មោះផល ស្រីអឿន អាយុ១៧ឆ្នាំ ដែលមានផ្ទៃពោះជាង៣ខែត្រូវលោកប៉េអឹមឈ្មោះប្រុស និងលោកទាហានឈ្មោះរ៉ាត់ វាយផ្ដួលទៅលើដីរហូតសន្លប់ ខណៈក្មេងចាស់ប្រុសស្រីជាង១០នាក់ទៀត បានរងបួសគ្រប់ៗគ្នា ដោយគ្មានអ្នកណាហ៊ានតបតវិញឡើយ ព្រោះពេល២នាក់នេះមកដល់ដេញសំពងពួកគេតែម្ដង ។
រីឯបុរសឈ្មោះ ប្លែក ឌី អាយុ៣០ឆ្នាំ បានរៀបរាប់ដែរថា ពេលខ្លួនកំពុងដេកក្នុងអង្រឹងក្បែរនោះ ក៏ត្រូវលោកប៉េអឹមឈ្មោះប្រុស និងទាហានឈ្មោះរ៉ាត់ ប្រើដំបងវាយសំពងទាំងកំរោលរបួសស្ទើរសុសសាច់ដែរ ពេលខ្លួនបម្រុងស្ទុះងើប ។ ដៃទាំងសងខាងរបស់ខ្លួនបានរងនូវទម្ងន់ដំបងឫស្សីស្ទើរបាក់ ទម្រាំស្ទុះរត់ចេញពីក្នុងអង្រឹងរួច ។ បុរសនេះបន្តថា ខ្លួនមិនបានដឹងអ្វីសោះ ស្រាប់តែឈ្មោះប្រុសមកវាយខ្លួនដល់ក្នុងអង្រឹង ។ គ្រានោះខ្លួនបានឃើញអ្នកភូមិចាស់ក្មេង ប្រុស ស្រី រត់ចូលក្នុងផ្ទះ តែត្រូវលោកប៉េអឹម និងបក្សពួកដេញវាយសំពងដល់ក្នុងផ្ទះទៀត ។ សូម្បីតែទារកអាយុជាង១ខួបក៏ត្រូវរបួសដែរ ក្នុងចំណោមអ្នករបួសជាង១០នាក់ ។
ដោយឡែក ស្ត្រីរងគ្រោះឈ្មោះផល ស្រីអឿន អាយុ១៧ឆ្នាំ ដែលរងរបួសរហូតដល់សន្លប់ ក្រោយពេលដឹងខ្លួនវិញបានប្រាប់កោះសន្តិភាពនៅឯគ្លីនិកថា ពេលនាងឃើញមន្ត្រីប៉េអឹមឈ្មោះម៉ុន ហៅប្រុស និងទាហានម្នាក់ឈ្មោះរ៉ាត់ ព្រួតគ្នាវាយប្ដីរបស់នាងនិងអ្នកភូមិជាច្រើននាក់ទៀត នាងបានស្ទុះទៅជួយ តែត្រូវឈ្មោះប្រុសវាយត្រូវក្បាលមួយដំបង ហើយឈ្មោះរ៉ាត់ បានស្ទុះមកធាក់នាងផ្ដួល និងវាយនាងថែមទៀត ។
ស្រីអឿន បានបញ្ជាក់ថា គ្រានោះនាងជ្រុះប្រាក់ចំនួន១៥.០០០រៀល ពីហោប៉ៅ ។ ពេលនាងព្យាយាមងើបទៅរើសប្រាក់នោះ ក៏ត្រូវឈ្មោះរ៉ាត់ និងឈ្មោះប្រុស ធាក់នាងផ្ដួលវិញ ហើយឈ្មោះរ៉ាត់ បានរើសយកប្រាក់នាងបាត់ទៅ ។ នាងនិយាយថា ពេលនោះនាងបានចាប់ផ្ដើមចុកក្នុងទ្រូងនិយាយលែងរួចរហូតសន្លប់បាត់ស្មារតី លុះពេលដឹងខ្លួនវិញស្រាប់តែនាងនៅក្នុងគ្លីនិកឯកជនមួយដែលច្រមុះនាងភ្ជាប់ទុយោអុកស៊ីហ្សែន ។ ផល ស្រីអឿន បានបន្ថែមថា នាងមិនទាន់ដឹងអំពីអនាគតកូននៅក្នុងផ្ទៃរបស់នាងនៅឡើយទេ ព្រោះគ្រូពេទ្យនៅមិនទាន់ផ្ដល់ដំណឹង ។
ជុំវិញករណីនេះ មន្ត្រីកងរាជអាវុធហត្ថម្នាក់ដែលមិនហ៊ានបញ្ចេញឈ្មោះបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៥កុម្ភៈ ថា ពិតជាមានរឿងបែបនេះមែន ហើយមន្ត្រីប៉េអឹមដៃដល់នោះ ត្រូវលោកមេបញ្ជាការបញ្ជាឲ្យនាំខ្លួនចូលទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តាំងពីពេលបង្កហេតុភ្លាមៗ ដើម្បីសួរនាំ ។ មន្ត្រីដដែលបន្តថា កន្លងមកធ្លាប់មានជនខិលខូចចូលទៅលួចយកសម្លៀកបំពាក់របស់មន្ត្រីប៉េអឹមឈ្មោះប្រុសនោះពីស្នូហាលខោអាវមែន ហើយសង្ស័យថា អ្នកភូមិដែលនៅក្បែរនោះជាអ្នកប្រព្រឹត្ត ។ ប៉ុន្តែមន្ត្រីប៉េអឹមឈ្មោះប្រុស នេះមិនគួរនាំគ្នាទៅវាយដំប្រជាពលរដ្ឋដោយគ្មានរើសមុខអ៊ីចឹងទេ ព្រោះការចោទប្រកាន់នេះគ្មានភស្ដុតាងឡើយ ។ នេះជាកំហុសរបស់មន្ត្រីប៉េអឹមឈ្មោះម៉ឹង សាម៉ុន និងគូកន ដែលស្រវឹងធ្លាក់ភ្នែកទៅបង្កហិង្សាលើអ្នកភូមិ មិនរើសមុខរហូតមានរបួសស្នាមបែបនេះ ។ ទង្វើនេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ និងអង្គភាព ។
នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឡាច ប្រុស បានប្រាប់កោះសន្តិភាពដែរថា លោកមេបញ្ជាការខេត្តបានបញ្ជាឲ្យនាំខ្លួនឈ្មោះម៉ឹង សាម៉ុន ហៅប្រុស និងបក្សពួកដៃដល់មកកាន់ទីបញ្ជាការភ្លាមៗដែរ ដើម្បីសួរនាំអំពីដំណើររឿងនេះ ខណៈជនរងគ្រោះមួយចំនួនបានចូលដាក់ពាក្យបណ្ដឹង និងមួយចំនួនទៀតមិនទាន់សម្រេចចិត្ត ។ លោកឡាច ប្រុស បញ្ជាក់ថា លោកមេបញ្ជាការបានដាក់បទបញ្ជាមិនអនុញ្ញាតឲ្យឈ្មោះម៉ឹង សាម៉ុន ហៅប្រុស ចាកចេញទីបញ្ជាការកងរាជអាវុធហត្ថខេត្តទេ ។
ទោះជាយ៉ាងណា បើតាមការពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុភ្លាមៗគឺមានប្រជាពលរដ្ឋចាស់ក្មេងប្រុសស្រីយ៉ាងតិចជាង១០នាក់បានរងរបួសដោយសារស្នាដៃលោកប៉េអឹមនិងលោកទាហានប្រមឹកខាងលើនេះ ដែលអ្នករបួសទាំងនោះមានអាយុចាប់ពីជាង១ខួបឡើងទៅ ។ ប៉ុន្តែពួកគេមិនមានរបួសបែកឈាមទេ គ្រាន់តែមានស្នាមជាំដៃជើង ដងខ្លួន ប៉ោងភ្នែកនិងក្បាល លើកលែងតែស្ត្រីឈ្មោះផល ស្រីអឿន មានផ្ទៃពោះជាង៣ខែម្នាក់ប៉ុណ្ណោះ ដែលរងរបួសរហូតដល់សន្លប់ ហើយត្រូវជនដៃដល់ដណ្ដើមយកលុយអស់១៥.០០០រៀលទៀតផង។ ពេលនេះ ពួកគេកំពុងស្វះស្វែងរកជំនួយអន្តរាគមន៍ផ្នែកច្បាប់ពីអង្គការការពារសិទ្ធិមនុស្សនានាក្នុងខេត្ត ដើម្បីជួយរកយុត្តិធម៌ដល់ពួកគេជាពលរដ្ឋទន់ខ្សោយ ៕
ចែករំលែកព័តមាននេះ