ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់ផ្សំ​ដំណេក​កូនក្រមុំ​អស់កម្លាំង​សុំ​ចាំ​ថ្ងៃស្អែក​ ក​ម្លោះ​កូន​២ផ្តាច់និស្ស័យ​ស្នេ​ហ៍ទារ​សំណង​៣.៥០០​ដុល្លារ

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ រាត្រី​ទឹកឃ្មុំ​រវាង​គូស្រករ​ថ្មោងថ្មីនៃ​ពី​ធី​អា​ពា​ហ៍​ពី​ពា​ហ៍​ដែល​ត្រូវ​បាន​បញ្ចប់​ដោយ​ពិធី​«​ព្រះថោង​តោង​ស្បៃ​នាងនាគ​» គឺកូនក្រមុំ​ដឹក​ដៃ​កូន​ក​ម្លោះ​ចូល​បន្ទប់ គ្រប់​គ្នា​សង្ឃឹមថា​នឹង​មាន​សេចក្តីសុខ​

ខេត្តកំពង់ឆ្នាំង ៖ រាត្រី​ទឹកឃ្មុំ​រវាង​គូស្រករ​ថ្មោងថ្មីនៃ​ពី​ធី​អា​ពា​ហ៍​ពី​ពា​ហ៍​ដែល​ត្រូវ​បាន​បញ្ចប់​ដោយ​ពិធី​«​ព្រះថោង​តោង​ស្បៃ​នាងនាគ​» គឺកូនក្រមុំ​ដឹក​ដៃ​កូន​ក​ម្លោះ​ចូល​បន្ទប់ គ្រប់​គ្នា​សង្ឃឹមថា​នឹង​មាន​សេចក្តីសុខ​សុភមង្គល​យ៉ាង​ពិត​ប្រាក​ដ ព្រោះតែ​មង្គលការ​តាម​ប្រពៃណី​ពី​បុរាណ​របស់​ខ្មែរ​ដែល​មិន​អាច​ខ្វះ​បាន​ក្រោម​កិច្ច ម្តាយ​ទុក​ឪពុក​ដាក់​ពិតជា​គ្មាន​អ្វី​មក​ជា​ឧបសគ្គ​ឡើយ ។

​ផ្ទុយ​ទៅ​វិញ​គូស្រករ​មួយគូ​ដែល​នឹងលើកយក​មក​អធិប្បាយ​​នេះ គឺ​ពិតជា​ធ្វើ​ឱ្យ​កូនក្រមុំ និង​កូន​ក​ម្លោះ​ពោះម៉ាយ​កូន​២​ សក់ល្បាយ​អាច​ម៏​ខ្លា ​​ខកចិត្ត​ត្បិត​រាត្រី​ទឹកឃ្មុំ​ក្លាយជា​ទឹកខ្មេះ ទាល់​ត​ម្រិះ​ខាង​ប្រុស​ប្តឹង​ទាមទារ​បណ្ណាការ៣​ពាន់​៥​រយ​ដុល្លារពី​ខាង​ស្រី​វិញ ដែល​បញ្ហា​នេះ​ធ្វើឱ្យ​ភាគី​ទាំង​សងខាង​ ដែល​មុន​នេះ​មិន​បានប៉ុន្មាន​ផង​ធ្លាប់តែ​ល្អូក​ល្អិន​ដាក់​គ្នា ប្រែ​ក្លាយជា​មើល​មុខ​គ្នា​មិនចំ​ទៅ​វិញ ។

នៅ​លើ​គ្រែ​ឬ​ស្សី​ក្រោមផ្ទះ​ពី​អំពី​ឈើ​ប្រក់​ស័ង្ក​សី​តូច​ល្មម នាង​ជា​កូនក្រមុំ​ដែល​ខកចិត្ត​ក្នុង​មង្គលការ​មិន​ដូច​បំណងបាន​ព្យាយាម​បង្ហាញ​រូបថត​រៀប​ការ និង​បាន​ប្រាប់​ថា នាង​មានឈ្មោះ សឹម ម៉ា​រី អាយុ​១៨​ឆ្នាំ ជា​កូនពៅ​គេ​ក្នុង​ចំណោម​បងប្អូន​៥​នាក់ (​ប្រុស​២​ស្រី​៣) ម្តាយ​នាង​ជា​ស្ត្រី​មេម៉ាយ​មានឈ្មោះ ម៉ាត់ នូ​ណាត អាយុ​៦០​ឆ្នាំ គ្រួសារ​នាង​មាន​ទីលំនៅ​ភូមិ​ចា​រ្យ​ថ្មី ឃុំ​អណ្ទូ​ង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។

រូប​នាង​បាន​រៀប​ការ​នៅ​ថ្ងៃ​ទី​១៥ ​មករា ​​២០១៥ ជាមួយ​បុរស​ពោះម៉ាយ​កូន​២​ម្នាក់ មានឈ្មោះ​ណុ​ប គឹ​ម​សូ អាយុ៤៨​ឆ្នាំ មាន​ទីលំនៅភូមិធម្ម​ត្រ័យ សង្កាត់​ព្រៃ​ស ខ​ណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ។ នាង​បាន​ស្គាល់គ្នា​និង​ព្រម​ភ្ជាប់​និស្ស័យ​ស្នេ​ហ៍ជាមួយ​បុរស​ខាងលើ​នេះ​តាម​រយៈ​បងថ្លៃ​របស់​បងស្រី​នាង មុន​ពេល​រៀប​មង្គលការ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ  ។ ក្រោយ​ពី​បាន​ព្រមព្រៀង​ជាមួយ​ម្តាយ​នាង​ហើយ​កូន​ក​ម្លោះជា​គូ​ដណ្តឹង​នាង បាន​ប្រគល់​ប្រាក់​សម្រាប់​រៀប​មង្គលការឱ្យទៅ​ម្តាយ​នាង​ចំនួន​៣​ពាន់​ដុល្លារ និង​បានបំពាក់​ចិញ្ចៀន​ពេ​ជ្រ១​វង់ ម៉ូតូ​ស៊េរី០១៤​មួយ​គ្រឿង ខ្សែ.កមាស១​ខ្សែ និង​ស្លាកដៃ​មាស​១​ខ្សែ​ឱ្យនាងមុនពេល​រៀប​ការ​ទៀត​ផង ។

នាង សឹម ម៉ា​រី ជា​កូនក្រមុំ​បាន​បន្ត​ថា នៅ​ថ្ងៃ​រៀប​មង្គលការ ក្រោយ​ពី​ពិធី​ទទួលភ្ញៀវ​បាន​បញ្ចប់​ជា​បណ្តើរ​ៗ មាន​ភ្ញៀវ​ដែល​ជា​សាច់ញាតិបាន​ហៅ​នាងឱ្យ​ចូលរួម​តុ​ផឹក​ជាមួយ ស្រាប់តែ​ពេល​នោះ​កូន​ក​ម្លោះ​មានចិត្ត​ប្រចណ្ឌ​មក​លើ​នាង ហើយ​បាន​ផឹកស្រា​រហូត​យប់​ជ្រៅ ខណៈ​ដែល​នាង​អស់កម្លាំង​ ព្រោះ​ហត់នឿយ​ចាត់ចែង​ក្នុង​ពី​ធី​មង្គលការ ក៏​បាន​ចូល​ទៅ​ដេក​នៅ​បន្ទប់​មុន ។ នៅ​វេលា​រំលង​អា​ធ្រា​តស្ងាត់​ ភ្ញៀវ​បងប្អូនបាន​ទៅ​ផ្ទះ​អស់ បុរស​កូន​ក​ម្លោះ​បាន​ចូល​មក​ដេក​ជាមួយ​នាង តែ​នាង​ប្រាប់​ថា «​ខ្ញុំ​អស់កម្លាំង​ណាស់​ចាំ​ថ្ងៃស្អែក​ទៅ​» ស្រាប់តែ​ពេល​នោះ បុរស​ជា​ប្តី​នាង​បាន​ច្រឡោតខឹង​ និង​បាន​ឡូឡា ព្រម​ជាមួយ​គ្នា​នោះ​បាន​យក​រូបថត​កូនក្រមុំ​ក​ម្លោះ​ដែល​គេ​សម្រាប់​ដាក់​តាំង​មុខ​រោងការមក​បោក​ចោល ​រួចរ​ត់ទៅ​ដេក​នៅ​ក្រោមផ្ទះ បើ​ទោះ​នាង​ខំ​ចុះ​មក​អង្វរ​​ឱ្យទៅ​ដេក​លើ​ផ្ទះ និង​បាន​ព្យាយាម​ពន្យល់​ថា «វា​មិនល្អ​មើល​ទេ​បង ថ្ងៃ​ផ្សំ​ដំណេក​បង​មក​ដេក​ក្រោមផ្ទះ​អ៊ីចឹង ពេល​នេះ​ឱ្យតែ​បង​ឡើង​ស​ម្រា​ន​លើ​ផ្ទះ​ខ្ញុំ​ព្រម​តាម​បង​ទាំងអស់» តែ​បុរសជា​ប្តី​មិន​ស្តាប់​​​ឡើយ ។

នាង សឹម ម៉ា​រី បាន​បន្ត​ថា ស្អែក​ឡើង​ប្តី​នាង​មិន​បាន​និយាយ​អ្វី​ទេ គិតតែ​ខឹង​ និង​​​ចោទនាង​គ្រប់​បែប​យ៉ាង​ ហើយ​បាន​ផឹកស្រា​ និង​ដេក​ក្រោមផ្ទះ​ទៀត ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី១៧ ​មករា ​២០១៥​ គាត់​បាន​និយាយ​ថា​«យើង​គ្មាន​និស្ស័យ​នឹង​គ្នា​ទេ​» គាត់​ក៏​បាន​ធ្វើ​លិខិត​លែងលះ​មួយ​សន្លឹក ( នាង​ជា​ប្រ​ព​ន្ឋ​បាន​យក​ក្រដាស់​ពាក្យ​លិខិត​លែងលះ​១​ស្លឹក​មក​បង្ហាញ​)  ដោយ​ក្នុង​ខ្លឹមសារ​ដាក់​ថា យើង​ទាំង២​បាន​ព្រមព្រៀង​លែងលះ​គ្នា ដោយ​មិន​ប្តឹងផ្តល់​ និង​ទាមទារ​សំណង​អ្វី​នឹង​គ្នា​ឡើយ ហើយ​ក៏​បាន​ផ្តឹ​ត​មេដៃ​ទាំងអស់​គ្នា និង​មាន​សាក្សី​សងខាង​ដឹង​ឮ​ផង​ដែរ ។

ក៏​ប៉ុន្តែ​ពេល​គាត់​ត្រឡប់​ទៅ​ផ្ទះ​នៅ​រាជធានី​ភ្នំពេញ​វិញ​ស្រាប់តែ​ថ្ងៃ​ទី​១៨ មករា​ ប្តី​នាង​បាន​នាំ​ក្រុម​គ្រួសារ​គាត់​មក​រករឿង​ឈ្លោះ ដោយ​បាន​សម្លុត​ថា ត្រូវ​សង​ប្រាក់​ចំនួន​៣.៥០០​ដុល្លា​រទៅ​ខាង​ប្តី​វិញ ​បើ​មិន​ដូច្នោះ​ទេ នឹង​ប្តឹង​ចាប់​ដាក់គុក​ដាក់ច្រវាក់​ជា​ពុំខាន ។ នាង​បាន​និយាយ​ថា ប្រាក់​៣​ពាន់​ដុល្លារ​បាន​ចាត់ចែង​ថ្លៃ​មង្គលការ​អស់ហើយ ចំណែក​ចិញ្ចៀន​ពេ​ជ្រ​១​វង់ ប្តី​គាត់​ជា​អ្នកបញ្ជា​ឱ្យ​គាត់​លក់​ដើម្បី​សង​ថ្លៃ​បណ្ណាការ​ដែល​ខាត បាន​ប្រាក់​ចំនួន​១.៧០០​ដុ​លា្លរ ហើយ​ប្រាក់​ទាំងនោះ​បាន​ចាត់ចែង​សង​គេ​​​ហើយ ចំណែក​ខ្សែ.ក ខ្សែដៃ នាង​បាន​ដោះ​ឱ្យទៅ​ប្តី​វិញអស់​ហើយ​ដែរ ។

នាង​បាន​ខំ​អង្វ​រភាគី​ខាង​ប្តី​ថា ខ្ញុំ​សុខចិត្ត​សង​ទៅ​ប្តី​ចំនួន​២​ពាន់​ដុល្លារ​ចុះ តែ​ក្រុម​គ្រួសារ​ខាង​ប្តី​នៅ​តែ​មិន​ព្រម ហើយ​បាន​ចោទ​គ្រួសារ​នាង​ជា​អ្នក​រៀបចំ​គំនិត​បោកប្រាស់ បើ​គ្មាន​ប្រាក់​ចំនួន​៣.៥០០​ដុល្លា​រទេ​ខាង​ប្តី​ នឹង​ប្តឹង​ដាក់គុក​ជា​ពុំខាន​។

នាង​បាន​បញ្ជាក់​ថា នាង​ និង​គ្រួសារ​​គ្មាន​គំនិត​បោកប្រាស់​ឡើយ ​បើ​មានគំនិត​បោកប្រាស់​មែន ខ្សែ.ក ខ្សែដៃ​ដែល​នៅ​នឹង​ខ្លួន​ នាង​មិន​ឱ្យទៅ​ប្តី​វិញ​ទេ។ លោក សុខ យ៉ា​ន មេឃុំ​អណ្តូង​ស្នាយបាន​មាន​ប្រសា​សន៍​ថា គ្រួសារ​នេះ​ពេល​មក​សុំ​ច្បាប់​ការ​លោក​មិន​បាន​​អនុ​ញ្ញាត្ត​ច្បាប់ឱ្យ​ទេ ព្រោះ​ខាង​ស្រី​មិន​ទាន​គ្រប់​អាយុ នៅ​ខ្វះ​ខែ នេះ​បើ​តាម​ច្បាប់​ចាស់ ឯ​ច្បាប់​ថ្មី​នៅ​មិន​ទាន់​អនុម័តនៅឡើយ ។ តែ​ទោះបី​ឃុំ​មិន​អនុញ្ញាត្តក៏​គេ​បាន​រៀបចំ​​ការ​ហើយ​ដែរ តែ​ពេល​រៀប​ការ​ហើយ​ស្រាប់តែ​មានរឿង​សុំ​លែងលះ​គ្នា​ទៅ​វិញ តែ​គេ​គ្រាន់តែ​មក​ជម្រាប​ឱ្យ​ដឹងទេ​ មិន​ទាន់​ឃើញ​មាន​ពាក្យបណ្តឹង​នៅឡើយ​ទេ ។ 

ទោះ​យ៉ាងណា​រឿងរ៉ាវ​ខាងលើ​នេះ ​គឺជា​ការ​បក​ស្រាយ​របស់​ភាគី​នាង​ជា​ប្រ​ព​ន្ធ​តែ​ប៉ុណ្ណោះ ចំណែក​ភាគី​បុ​រ​សជា​ប្តី​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ ដែល​សង្ឃឹមថា ​បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​នេះ​ទៅ​ភាគី​ខាង​ប្រុស​នឹង​​មាន​ប្រតិកម្ម​​តវ៉ា​ជា​ពុំខាន ដែល​សារ​ព័ត៌​មាន​យើង​នឹង​រង់ចាំ​ទទួល​ការ​ស្រាយ​បំភ្លឺ​ដោយ​រីករាយ ៕
                                                                                                                   ​