ខេត្តសៀមរាប ៖ មន្ត្រីអាជ្ញាធរបានអះអាងថា ភ្លើងព្រៃបានឆេះយ៉ាងសន្ធោរសន្ធៅទៅលើតំបន់ទ្រនាប់នៃឧទ្យានអង្គរដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា បណ្តាលឲ្យវាលស្មៅរួមទាំងឈើព្រៃតូចៗ ដែលកំពុងហួតហែងដោយសារកំដៅថ្ងៃនារដូវប្រាំងប្រមាណជិត១០ហិកតាត្រូវបានបំផ្លាញ ក៏ប៉ុន្តែពុំមានសេចក្តីរាយការណ៍អំពីចំនួនខ្នងផ្ទះ ឬទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋត្រូវបានបំផ្លាញនោះទេ។
អភិបាលក្រុងសៀមរាបលោកសូរ ប្លាតុង ដែលបានដឹកនាំកម្លាំងចុះអន្តរាគមន៍ក្នុងហេតុការណ៍នោះបាននិយាយថា ភ្លើងបានចាប់ផ្តើមឆេះតាំងពីវេលាម៉ោងប្រមាណជាង១០ព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៣ កុម្ភៈ ២០១៥ នៅក្នុងភូមិសាស្ត្រ ភូមិអរក្សស្វាយ សង្កាត់នគរធំ ក្រុងសៀមរាប ។
យ៉ាងនេះក្តីលោកមិនបានបញ្ជាក់អំពីមូលហេតុនៃការឆេះនោះទេ គ្រាន់តែអះអាងថា តំបន់ដែលរងនូវការឆេះនោះមានទំហំប្រមាណ១០ហិកតា ជាតំបន់មានផ្ទះប្រជាពលរដ្ឋសង់នៅឃ្លាតពីគ្នាមួយៗ និងសំបូរដោយវាលស្មៅចំរុះដោយកូនឈើព្រៃតូចៗ ងាយនឹងឆាបឆេះបំផុត។
តាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានបញ្ជាក់ថា នៅគ្រាកើតហេតុនោះគេបានឃើញរថយន្តទឹកជាច្រើនគ្រឿងរបស់អង្គភាពរដ្ឋ ដូចជាកងរាជអាវុធហត្ថ នគរបាល និងអង្គភាពអាជ្ញាធរអប្សរាផងដែរត្រូវបាន គេបញ្ជូនមកកាន់កន្លែងកើតហេតុ ក្រោមការបញ្ជាផ្ទាល់របស់លោកនូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប តែរថយន្តទឹកទាំងនោះមិនបានបញ្ចេញទឹកសូម្បីតែមួយដំណក់នោះទេ ដោយសារតំបន់ព្រៃដែលរងនូវការឆេះនោះមិនមានផ្លូវសម្រាប់ឲ្យរថយន្តទឹកចូល។
លោកសូរ ប្លាតុង បញ្ជាក់យ៉ាងដូច្នេះថា«ការយកជ័យជំនះទាំងស្រុងទៅលើភ្លើងព្រៃនោះ គឺពឹងទាំងស្រុងទៅលើកម្លាំងសាមគ្គីរវាងពលរដ្ឋ ព្រះសង្ឈ និងកម្មករសាលាក្រុង តាមរយៈការវាយពន្លត់ដោយមែកឈើផ្ទាល់»៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ