ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ជួយ​ពិនិត្យ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ជិតខាង

11 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​នៅ​គ្រប់​ភូមិ​-​ឃុំ​-​ស្រុក ក្នុង​ទឹកដី​ខេត្តព្រៃវែង មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​សុខភាព និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ដោយសារ​តែ​សព្វ​ថ្ងៃនេះ​ពួក​គាត់​សង្កេត​ឃើញ​ថា មាន​ទំនិញ​ខ្លះ​ដែល​នាំ​មក​ពី​ប្រទេស​វៀតណាម​ដូច​ជា បន្លែ​គ្រប់​ប្រភេទ ផ្លែ​ឈើ​គ្រប់មុខ  ភេសជ្ជៈ​គ្រឿង​កំប៉ុង ត្រី​សាច់​-​មាន់​-​ទា ជ្រូក​ចូល​តាម​ច្រករបៀង​ក្តី ច្រក​អន្តរជាតិ​បន្ទាយ​ចក្រី​ក្តី ឬ​ច្រក​ផ្សេង​ៗ​ទៀត​ក្តី មន្ត្រី​ប្រចាំការ​ឬ​មន្ត្រី​ជំនាញ​ឈរជើង​នៅ​ទីនោះ​ពុំ​បាន​យកចិត្តទុកដាក់​ធ្វើការ​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​ម៉ត់ចត់​ទេ ហាក់ដូចជា​មាន​ភាព​ធូររលុង ។

ប្រភព​ព័ត៌មាន​លើក​ឡើង​ថា ទំនិញ​ដែល​នាំ​ចូល​ពេល​យប់​មាន​ដូច​ជា​បន្លែបង្ការ​គ្រប់មុខ ផ្លែ​ឈើ​គ្រប់​ប្រភេទ គឺ​នៅ​ម៉ោង​៣​ឬ​ម៉ោង​៤​ទៀប​ភ្លឺ​នាំ​ចូល​ដល់​គ្រប់​ផ្សារ​ក្នុង​ខេត្តព្រៃវែង រួច​ឈ្មួញ​ទាំងនោះ​នា​និយាយ​ថា បន្លែ​ផ្លែ​ឈើ​ទាំងនោះ​ជា​ផលិតផល​ក្នុងស្រុក ។ ការ​បន្លំ​ពី​ប្រភព​ដូច្នេះ​គឺ​ទី​១-​លក់​ឆាប់​ដាច់ ទី​២-​ងាយស្រួល​ចែកចាយ​បន្ត​ទៅ​តាម​ផ្សារ​តូច​ៗ​ទៀត ។ រីឯ​សាច់​មាន់ ទា ជ្រូក ឈ្មួញ​នាំ​ចូល​ពេល​ថ្ងៃ ខ្លះ​មានច្បាប់ ខ្លះ​អត់់​ច្បាប់ ។ ជាក់ស្តែង ដូច​ជា​មាន់​ទាំង​ទ្រុង​ៗ​ទំនងជា​អត់​ច្បាប់​ទើប​ឈ្មួញ​យក​មាន់​ទាំង​ទ្រុង​ៗ​ទាំងនោះ​ទៅ​បង្កប់​នៅ​ក្នុង​រទេះដឹក​ផ្លែ​ចេក​ដើម្បី​បន្លំ​ភ្នែក​មន្ត្រី​ពេទ្យសត្វ​ងាយ​ស្រួ​ួ​ល​នាំ​ចូល​ទៅ​ទីផ្សារ ។

ប្រជាពលរដ្ឋ​ដែល​ឃើញ​ហើយ​ឆ្ងល់​ក៏​ចោទសួរ​ទៅ​មន្ទីរ​ពេទ្យសត្វ​ថា តើ​មាន់​ទាំង​ទ្រុង​ៗ​នោះ​នាំ​មកពីណា? ឯ​មន្ត្រី​ពេទ្យសត្វ​ឆ្លើយ​ថា មិនដឹង ។ ប្រជាពលរដ្ឋ​បន្ត​ថា បើ​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន​ធ្វើ​មិនដឹងមិនឮ​របៀប​នេះ វា​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​សុខភាព​របស់​ពួក​គាត់ ហើយ​គ្មាន​អ្នក​ណា​ទទួលខុសត្រូវ ។ ពួក​គាត់​ខំ​ដាំ​ស្រូវ ពោត ពេល​បាន​ផល​ស្រាប់តែ​ស្រូវ​ពោត​ចុះថោក ។ ខំ​ដាំ​បន្លែបង្ការ​ចិញ្ចឹម​មាន់​ទា ជ្រូក ដើម្បី​កសាង​ជីវភាព​ឱ្យ​បាន​ធូរធារ ប៉ុន្តែ​បែរជា​មានការ​នាំ​ចូល​យ៉ាង​គំហុក​ធ្វើ​ឱ្យ​ផលិតផល​ក្នុងស្រុក​គ្មាន​ទីផ្សារ ។ បើ​របៀប​នេះ​ពួក​គាត់​គ្មាន​អ្វី​សង្ឃឹម​ទេ ចុង​ក្រោយ​មាន​តែ​ធ្វើ​ចំណាក​ស្រុ​​ក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​គេ​ប៉ុណ្ណោះ ។

ទាក់ទង​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ ប្រជាពលរដ្ឋ​គ្រប់​ភូមិ ឃុំ ស្រុក ក្នុង​ខេត្តព្រៃវែង សុំ​ឱ្យ​លោក​អភិបាលខេត្ត​មេត្តា​ជួយ​ពិនិត្យ​មើល​មន្ត្រី​ក្រោម​ឱវាទ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ សូម​ឱ្យ​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន​ដែល​ឈរជើង​តាម​គោលដៅ ត្រួតពិនិត្យ​គ្រប់មុខ​ទំនិញ​ឱ្យ​បាន​ត្រឹមត្រូវ​មុន​នឹង​អនុញ្ញាត​ឱ្យ​នាំ​ចូល ។ នេះ​ទើប​ជា​ការ​រួមចំណែក​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ពិតប្រាកដ មិនមែន​ឱ្យ​ឈរជើង​ចាំតែ​យក​លុយ​ដាក់​ហោប៉ៅ​នោះ​ឡើយ​៕