ខេត្តស្វាយរៀង ៖ ស្ត្រីម្នាក់ជាអ្នកដូរប្រាក់ក្បែរច្រកទ្វារអន្តរជាតិបាវិត ត្រូវបានក្រុមចោរ៣នាក់ប្រដាប់ដោយអាវុធខ្លីមួយដើម ធ្វើសកម្មភាពប្លន់ និងភ្ជង់យកម៉ូតូបាត់ ខណៈត្រឡប់មកផ្ទះបានពាក់កណ្តាលផ្លូវ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៧ និង៣០នាទីយប់ថ្ងៃទី០៨ កុម្ភៈ ២០១៥ ស្ថិតត្រង់ចំណុចខាងមុខផ្សារអន្តរជាតិបាវិត ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះហាង វិន ភេទស្រី អាយុ៣១ឆ្នាំ ជាអាជីវករប្តូរប្រាក់នៅក្បែរច្រកទ្វារអន្តរជាតិបាវិត មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពី ពណ៌ក្រហម ពាក់ស្លាកលេខស្វាយរៀង 1D-1107 ដោយមានថង់ប្រាក់សរុបជាងមួយម៉ឺនដុល្លានៅក្នុងកែបម៉ូតូផងដែរ ។
សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ផ្នែកបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីខាងលើដែលគេស្គាល់ថា ជាអាជីវករប្តូរប្រាក់នោះជិះម៉ូតូមួយគ្រឿង ទិសដៅពីកើត មកលិច គោលបំណងជិះត្រឡប់ទៅផ្ទះវិញ ។ លុះជិះមកដល់ចំណុចខាងមុខផ្សារអន្តរជាតិបាវិត ក៏បត់ចូលផ្លូវលំអែបផ្សារ ស្រាប់តែគេឃើញជនសង្ស័យ៣នាក់ប្រដាប់ដោយអាវុធខ្លីមួយដើម មិនស្គាល់ម៉ាក មកឈប់ក្បែរម៉ូតូស្ត្រីរងគ្រោះ រួចធ្វើសកម្មភាពដកកាំភ្លើងភ្ជង់លើជនរងគ្រោះ រួចដណ្តើមយកម៉ូតូ ព្រមទាំងបាញ់ឡើងលើមួយគ្រាប់ ដែលធ្វើឱ្យ
ជនរងគ្រោះមានការភិតភ័យ រួចក៏ប្រគល់ម៉ូតូទៅឱ្យពួកវាទាំងព្រលឹងចុងសក់ ។ បន្ទាប់ពីធ្វើសកម្មភាពប្លន់បានសម្រេច ក្រុមជនសង្ស័យក៏ជិះម៉ូតូគេចខ្លួនបាត់អស់ ។
ដោយឡែកនៅព្រឹកថ្ងៃបន្ទាប់ គឺថ្ងៃទី០៩ កុម្ភៈ ២០១៥ មានប្រជាពលរដ្ឋប្រទះឃើញម៉ូតូស្គូពីរបស់ជនរងគ្រោះខាងលើ យកមកផ្លុងចោលនៅក្នុងប្រឡាយក្បែរចំការអំពៅ ស្ថិតក្នុងភូមិតាប៊ិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ព្រមទាំងមានខោអាវ និងស្បែកជើងនៅជិតនោះផងដែរ ធ្វើឱ្យគេសង្ស័យថា ប្រហែលជារបស់ជនសង្ស័យដោះក្រវាត់ចោល ដើម្បីបំបិទភ័ស្តុតាង ។
ចែករំលែកព័តមាននេះ