ខេត្តកំពង់ស្ពឺ ៖ សុនខ (ឆ្កែ) គឺជាសត្វដែលប្រជាពលរដ្ឋទូទៅចូលចិត្តចិញ្ចឹម ដើម្បីឱ្យយាមផ្ទះ ដើម្បីការពារកុំឱ្យក្រុមមនុស្សខិលខូចធ្វើសកម្មភាពគាស់ផ្ទះ កាត់សោ ឬដោយប្រការណាមួយ ក្នុងនោះក៏មានមនុស្សភាគច្រើនចូលចិត្តបរិភោគសាច់របស់វាផងដែរ ។
ជួបជាមួយកោះសន្តិភាព បុរសម្នាក់ឈ្មោះស្រី កុសល អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិទួលធ្នង់ សង្កាត់រកាធំ បានឱ្យដឹងថា គាត់បានបើកលក់សាច់សុនខនេះជាយូរឆ្នាំមកហើយ គឺចាប់ផ្តើមលក់តាំងពីព្រឹករហូតដល់ល្ងាច ក្នុងមួយថ្ងៃគាត់លក់បាន១០គីឡូក្រាម ។ ដោយសាច់ក្លែមនេះ ធ្វើតាមតម្រូវចិត្តរបស់អ្នកចូលចិត្តហូបមានខ្លះគេកុម្មង់អាំង ខ្លះសាច់ចំហុយ និងខ្លះទៀតហូបស៊ុប និងកាញ់ និយាយរួមគឺតម្រូវតាមចិត្តភ្ញៀវ ។
ចំណែកឯមតិរិះគន់ពីសំណាក់ប្រជាពលរដ្ឋដែលជាអ្នកមិននិយមសាច់ប្រភេទនេះថា កាលពីមិនទាន់មានបើកកន្លែងលក់សាច់ឆ្កែ ពួកគាត់មិនសូវបាត់ឆ្កែនោះទេ ដល់ពេលមានបើក គឺជាញឹកញាប់ឆ្កែរបស់ពួកគាត់តែងតែបាត់ជារឿយៗ ។ បញ្ហានេះ គួរណាស់តែអាជ្ញាធរមានវិធានការការពារផងដែរ ដើម្បីចៀសវាងក្រុមមនុស្សខិលខូចដើរទាក់ឆ្កែរបស់អ្នកស្រុកយកទៅលក់ ។
បើតាមមន្ត្រីនគរបាលក្រុងច្បារមនបានឱ្យដឹងថា ពិតជាមានការបើកលក់បែបនេះមែន តែអ្នកលក់ទាំងនោះត្រូវបានអាជ្ញាធរណែនាំមិនឱ្យពាក់ព័ន្ធទៅទិញឆ្កែពីអ្នកស្រុកនោះទេ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព



ចែករំលែកព័តមាននេះ