ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី២ កុម្ភៈ បន្ទាប់ពីបុរសរូបនោះកាប់ឪពុកចុងរបស់ខ្លួនស្លាប់ក្នុងថ្លុកឈាម ដោយសារទំនាស់ពាក្យសម្តីបន្តិចបន្តួចក្នុងគ្រួសារ។
ករណីកូនសម្លាប់ឪពុកចុងនេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០២ កុម្ភៈ ២០១៥ នៅចំណុចអូរសាន់ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់-ក្រុងស្ទឹងត្រែង ។ បើតាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនដៃដល់ និងជនរងគ្រោះត្រូវជាឪពុកចុង កូនចុងនឹងគ្នា រស់នៅជួបជុំគ្នាក្នុងដំបូលផ្ទះតែមួយ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា មុនពេលកើតហេតុ ឪពុក និងរូបគេដែលជាកូនចុងបាននាំគ្នាកាប់ទាពីរក្បាលហូបចុកក្នុងគ្រួសារ និងបានទិញស្រាស មកផឹកអស់មួយលីត្រ ហើយថែមមួយលីត្រទៀត។
លុះដល់ពេលស្រវឹងឪពុកបានរករឿងដេញរូបគេចេញពីផ្ទះ តែគេបានប្រាប់ថា ចាំពេលដែលបើកលុយគាស់ដំឡូងបានទើបចេញ ពេលនោះឪពុកចុងមិនស្តាប់ បានយកពូថៅដេញគប់រូបគេ តែមិនបណ្តាលឲ្យរបួសទេ ឃើញដូចនេះគេក៏បានយកកាំបិតគប់ទៅឪពុកត្រូវ១កាំបិត ឪពុកក៏បានយកដំបង៤ជ្រុងបម្រុងវាយ តែរូបគេបានស្រវាយកដំបងវាយឪពុកបានមុន និងកាប់ដោយកាំបិតបណ្តាលឲ្យដួលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតនៅក្រោមការសាកសួររបស់កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តចាត់ការបន្តទៅតាមនិតិវិធី៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព




ចែករំលែកព័តមាននេះ