ខេត្តស្វាយរៀង ៖ ហេតុការណ៍គួរឱ្យហួសចិត្តមួយបានកើតឡើងទៅលើគ្រួសារមួយដែលមានទំនាស់ពាក្យសំដីបន្តិចបន្តួច ដោយសារតែប្ដីរវល់ផឹកស៊ីជាមួយមិត្តភក្តិនៅក្នុងផ្ទះមិនបានដាំបាយ ពេលប្រពន្ធចេញពីធ្វើការនៅរោងចក្រមិនឃើញមានបាយនៅក្នុងឆ្នាំងក៏ផ្ទុះកំហឹងឈានដល់ប្រើហិង្សាវាយគ្នាទៅវិញទៅមក ដោយប្ដីស្ទុះទៅច្របាច់.ក រីឯប្រពន្ធទាញបានកាំបិតប៉័ងតោកាប់ក្បាលប្ដីមួយកាំបិតហូរឈាមជោកខ្លួនសន្លប់នៅនឹងកន្លែង។
ហេតុការណ៏នេះបានកើតឡើងកាលវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៧ មករា ២០១៥ ស្ថិតនៅភូមិប្រសូត្រ១ ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឱ្យដឹងថា បុរសរងគ្រោះជាប្តីមានឈ្មោះ ម៉ៅ ចន្ថា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ រីឯប្រពន្ធដៃដល់មានឈ្មោះ សុខ ដានី អាយុ២៥ឆ្នាំ មុខរបរកម្មការីនីរោងចក្រកាត់ដេរមួយនៅក្រុងបាវិត និងមានទីលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពព័ត៌មានបានឱ្យដឹងទៀតថា មុនពេលកើតហេតុបុរសរងគ្រោះជាប្តីបានបបួលមិត្តភក្តិមកជួបជុំផឹកស៊ីនៅផ្ទះតាំងពីព្រឹករហូតដល់ពេលល្ងាច ហើយដោយសារស្រវឹងស្រាខ្លាំងពេកក៏ភេ្លចដាំបាយធ្វើម្ហូបឱ្យប្រពន្ធ។ លុះពេលប្រពន្ធត្រឡប់មកពីធ្វើការបើកទ្វាចូលផ្ទះស្រាប់តែមិនឃើញប្ដីដាំបាយ និងធ្វើម្ហូបដូចសព្វមួយដង ណាមួយនឿយហត់អស់កំលាំងនឹងការងារផង ក៏កើតចិត្តខឹង រួចស្ដីបន្ទោសឱ្យប្ដីបន្តិចបន្តួច ក៏ក្លាយជាជំលោះឈានដល់ប្រើហិង្សាតែម្ដង។
បន្ទាប់ពីស្ត្រីជាប្រពន្ធកាប់ទៅលើប្ដីរបស់ខ្លួនរួចមក ក៏មានការភ័យខ្លាច ណាមួយខ្លាចសមត្ថកិច្ចមកចាប់ខ្លួនផង ក៏បានរត់គេចបាត់ស្រមោលតែម្ដង រីឯប្ដីត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយកន្លែងនៅស្រុកស្វាយទាប។
នៅព្រឹកថ្ងៃទី២៨ មករា ២០១៥ សមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាលឃុំប្រសូតបានមកកត់កំណត់ហេតុដើម្បីធ្វើការស្រាវជ្រាវឃាត់ខ្លួនស្ត្រីជាប្រពន្ធ ប៉ុន្តែអ្វីដែលធ្វើឱ្យសមត្ថកិច្ច និងប្រជាពលរដ្ឋហូសចិត្តនោះ គឺបុរសជាប្ដីមិនបានដាក់ពាក្យបណ្ដឹងនោះទេ ដោយបានដឹងខ្លួនថា កំហុសគ្រប់យ៉ាងខុសមកពីខ្លួនដែលស្រវឹងស្រាខ្លាំងពេកទើបមិនអាចទប់អារម្មណ៏ខ្លួនឯងបានរហូតដល់ឈានដល់ប្រើហិង្សាក្នុងគ្រួសារបែបនេះ៕
ចែករំលែកព័តមាននេះ