ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​ទៅ​មើល​ទីតាំង​ជនជាតិ​វៀតណាម​បួងសួង​លើ​ភ្នំ​បូកគោ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ធ្លាប់​បាន​សន្យា​ចាត់វិធានការ​ចំពោះ​ជនជាតិ​វៀតណាម ដែល​ធ្វើ​ពិធី​បែប​សាសនា បោះទីតាំង​នៅ​លើ​ភ្នំ​បូកគោ

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ធ្លាប់​បាន​សន្យា​ចាត់វិធានការ​ចំពោះ​ជនជាតិ​វៀតណាម ដែល​ធ្វើ​ពិធី​បែប​សាសនា បោះទីតាំង​នៅ​លើ​ភ្នំ​បូកគោ កន្លង​មក​យ៉ាងណា​ក្ដី ក្រុមការងារ​ក្រសួង​បាន​ទៅ​ពិនិត្យ​រួច​ហើយ​និង​បាន​ប្រកាស​ថា មិន​ប៉ះពាល់​អ្វី​ទេ ។ ទោះជា​បែប​នេះ​ក្ដី គណៈកម្មការ​ទី​៧​រដ្ឋសភា ក៏​បាន​គ្រោង​នឹង​ទៅ​ពិនិត្យ​ផ្ទាល់​លើ​ភ្នំ​បូកគោ នៅ​ថ្ងៃ​ខាង​មុខ​នេះ ។

លោក ញ៉ែ​ម ប៉ុញ្ញ​ឫទ្ធិ ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា បាន​ប្រាប់​កោះសន្ដិភាព​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​១៤ មក​រា ថា រូប​លោក​នឹង​ដឹកនាំ​ប្រតិភូ​គណៈកម្មការ​ទី​៧​ នៃ​រដ្ឋសភា​ ទៅ​ពិនិត្យ​មើល​កន្លែង​ដែល​ថា ជនជាតិ​វៀតណាម​បាន​ធ្វើ​ពិធី​គោរព​សាសនា​នៅ​លើ​ភ្នំ​បូកគោ ដែល​នឹង​ចាប់ផ្ដើម​បេសកកម្ម​នៅ​ថ្ងៃ​ទី​១១​ ដល់​ថ្ងៃ​ទី​១៤ កុម្ភៈ ខាង​មុខ​នេះ នៅ​ខេត្តកំពត និង​ខេត្ត​កែប ។

ទាក់ទិន​នឹង​ការ​សន្យា​ក៏​ដូច​ជា​ការ​ឆ្លើយ​បំភ្លឺ​របស់​លោក​ជំទាវ​ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មក លោក យ៉ែ​ម ប៉ុ​ញ្ញ​ឫទ្ធិ បានឱ្យ​ដឹង​ថា លោក​មិន​ទាន់​មានរបាយការណ៍​ជា​លាយ​លក្ខ​អក្សរ​ផ្លូវការ​ពី​ក្រសួង​វប្បធម៌ មក​ដល់​លោក​នោះ​ទេ ចំពោះ​ថា​ជនជាតិ​វៀតណាម​ដែល​តាំង​ពិធី​បែប​សាសនា​នៅ​ទីនោះ ។ ប៉ុន្តែ​របាយការណ៍​បាន​ចេញ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា មិន​មានការ​ប៉ះពាល់​អ្វី​ទេ ចំពោះ​ជនជាតិ​វៀតណាម​តាំង​កន្លែង​គោរព​សាសនា​របស់​ខ្លួន​គេ​នោះ ។

ចំពោះ​ការ​លើក​ឡើងជា​សាធារណៈ​ និង​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​កថា នៅ​លើ​ភ្នំ​បូកគោ​មាន​ជនជាតិ​វៀតណាម​ កំពុង​គោរព​សាសនា​របស់​ខ្លួន​នោះ​ប្រធាន​គណៈកម្មការ​មិន​ទាន់​ហ៊ាន​អះអាង​ថា ​យ៉ាងណា​នោះ​ទេ គ្រាន់តែ​រង់ចាំ​ទៅ​ពិនិត្យ​នៅ​កន្លែង​នោះ​ផ្ទាល់​តែ​ម្ដង ដូច​ជា​កន្លែង​រមណីយដ្ឋាន និង​កន្លែង​កម្សាន្ត​ផ្សេង​នៅ​ទីនោះ ។ ប៉ុន្តែ​លោក​ប្រធាន​គណៈកម្មការ​ទី​៧ ​រដ្ឋសភា​ថា ជា​គោលការណ៍​ពេល​ដែល​រដ្ឋសភា​ថា រដ្ឋ​អធិបតេយ្យ​មួយ​គួរ​រៀបចំ​ឱ្យ​មាន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ នៅ​ប្រទេស​របស់​ខ្លួន​ច្បាស់លាស់ និង​រៀបចំ​កន្លែង​សម្រាប់​បង្ហាញ ពី​អត្តសញ្ញាណ ផលិតផល​ជាតិ​របស់​ខ្លួន គេ​ពុំដែល​ឱ្យ​ជាតិ​សាសន៍​ផ្សេង​យក​អត្តសញ្ញាណ​របស់​ខ្លួន​ទៅ​ជំនួស ក្នុង​នាម​ជា​ប្រទេស​ម្ចាស់​នោះ​ទេ ។

ទោះជា​មាន​ជនជាតិ​វៀតណាម​ទៅ​គោរព​ពិធី​សាសនា នៅ​លើ​ភ្នំ​បូកគោ​បច្ចុប្បន្ន​នេះ​ក្តី លោក យ៉ែ​ម ប៉ុ​ញ្ញ​ឫទ្ធិ ប្រធាន​គណៈកម្មការ​អប់រំ យុវជន និង​កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ បាន​គូសបញ្ជាក់​ថា គឺជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​គោរព​ជំនឿ​សាសនា​របស់​គេ​មិនមែន​អ្វី​ជា​បញ្ហា​ចោទ​នោះ​ទេ ។ ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ រដ្ឋាភិបាល​គួរតែ​មានការ​រៀបចំ​កន្លែង​ទេសចរណ៍ និង​កន្លែង​គោរព​បូជា​នោះ​ឲ្យ​មាន​សណ្តាប់ធ្នាប់​ត្រឹមត្រូវ មិន​គួរ​បណ្តោយ​ឲ្យ​ជនជាតិ​គេ​មក​ធ្វើ​តាមតែ​អំពើ​ចិត្ត​នោះ​ឡើយ ។

លោក យ៉ែ​ម ប៉ុ​ញ្ញ​ឫទ្ធិ ឲ្យ​ដឹង​ទៀត​ថា ក្នុង​ករណី​ដែល​គណៈកម្មការ​ទី​៧​រដ្ឋសភា​បាន​ចុះ​ពិនិត្យ​នៅ​កន្លែង​ដែល​ជនជាតិ​វៀតណាម​តាំងនៅ ឬ​កន្លែង​សម្រាប់​គោរព​បូជា​សាសនា​របស់​ជនជាតិ​វៀតណាម ដែល​មាន​លក្ខណៈ​ខុស​នោះ គណៈកម្មការ​ទី​៧​នឹង​កោះ​អញ្ជើញ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មក​សួរនាំ​ជា​លើក​ទី​២ និង​សួរ​ជា​បន្តបន្ទាប់​ទៀត​ទៅ​តាម​អ្វី​ដែល​បានឃើញ​ជាក់ស្តែង​នៅ​ទីនោះ ដើម្បី រក​ដំណោះស្រាយ​ជូន​ប្រទេស​ជាតិ ។  

ទាក់ទិន​នឹង​ការ​ចុះ​មើល​ទីតាំង​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ កន្លង​មកនេះ លោកយ៉ែ​ម ប៉ុ​ញ្ញ​ឫទ្ធិ បាន​បញ្ជាក់​ថា លោក​មិន ឃិ​ន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា បាន​អនុវត្ត​អ្វី​ដែល​លោក​បាន​សន្យា ជាមួយ​គណៈកម្មការ​ទី​៧ ដូច​ជា​បាន​រុះរើ​រោង​ដែក​ចេញ និង​វាយ​ជញ្ជាំង​ឃាំង​ដី​នៅ​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​រួចរាល់​អស់ហើយ ។ ប៉ុន្តែ​នោះ​សល់​របង​និង​ខ្លោងទ្វារ​ខាង​មុខ​ដែល​ត្រូវ​សាងសង់​ឲ្យ​ដូច​រចនា​ប័​ថ្ម​ដើម​វិញ នៅ​ពេល​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រោម​ដី​របស់ កាស៊ីណូ សាងសង់​រួចរាល់​នោះ ។ យ៉ាងណា​ក្តី លោក​ថា​លោក​នឹង​តាមដាន​ចំពោះ​ការ​សន្យា​របស់​លោក​រដ្ឋមន្ត្រី​កន្លង​មក ។

គួរ​បញ្ជាក់​ថា កាលពី​ប៉ុន្មាន​ខែ​កន្លង​មកនេះ រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា និង​លោក ជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​បាន​ចូល​បំភ្លឺ​នៅ​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា ក្នុង​នោះ​លោក​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា​ថា វិទ្យាស្ថាន ពុទ្ធ​សាសន​បណ្ឌិត្យ​មិន​មានការ​ប៉ះពាល់​អ្វី​នោះ​ទេ ។

ចំណែក​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​វិញ​ថា នឹង​ចាត់វិធានការ​ចំពោះ​អ្នក​ដែល​រៀបចំ​ពិធី​បែប​សាសនា​របស់​ជនជាតិ​វៀតណាម នៅ​លើ​ភ្នំ​បូកគោ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​ជាតិ​របស់​ខ្មែរ ។ កាលនោះ​លោក​ជំទាវ​បញ្ជាក់​ថា យើង​នឹង​ចាត់​ឲ្យ​មន្ត្រី​របស់​យើង​ចុះ​ទៅ​មើល​កន្លែង​ដែល​ជនជាតិ​វៀតណាម យក​ទីតាំង​ធ្វើ​ជា​កន្លែង​គោរព​បូជា​សាសនា​របស់​ខ្លួន នៅ​លើ​ភ្នំ​បូកគោ តែបើ​តាម​យើង​ដឹង​នោះ កន្លែង​ដែល​ជនជាតិ​វៀតណាម​ធ្វើ​នោះ ជា​កន្លែង​គេ​មាន​ជំនឿ​ថា​ស័ក្តិសិទ្ធិ ។ ប៉ុន្តែ​យើង​នឹង​ទៅ​កន្លែង​នោះ​ផ្ទាល់​ថា​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​ជាតិខ្មែរ​យើង​យ៉ាងណា​ខ្លះ​។

មានការ​កត់សម្គាល់​មួយ​នៅ​លើ​ភ្នំ​បូកគោ​ដែល​មិន​គប្បី​អនុញ្ញាត​ឱ្យ​មានការ​សាងសង់​វិហារ​មួយ ដែល​មាន​រចនា​ប័​ថ្ម​ថ្មី​ស្រ​ដៀង​បែប​វៀតណាម​នៅ​ជាប់​ដងផ្លូវ​ឆ្ពោះទៅ​កា​ស៊ី​ណូ​ចាស់ និង​សាងសង់​ទន្ទឹម​សំណង់​អគារ​កា​ស៊ី​ណូ​ថ្មី ។ ការ​ឱ្យ​សាងសង់​នោះ បាន​ធ្វើ​ឱ្យ​បាត់បង់​តម្លៃ​វប្បធម៌​ជាតិ​រួច​ទៅ​ហើយ ។ សម្រាប់​អ្នកទេសចរ​បរទេស ដែល​ឡើង​ទៅ​កម្សាន្ត​នៅ​ភ្នំ​បូកគោ គេ​បាន​សាកសួរ​ពី​បញ្ហា​វិហារ​បែប​វៀតណាម​នោះ​ដែល​មិនមែន​ជា​រចនា​ប័​ថ្ម​ខ្មែរ តើ​គប្បី​ទុក​បែប​នេះ​តទៅ​ទៀត ឬ​យ៉ាងណា ៕