ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់ កុមារ២នាក់ត្រូវស្លាប់ក្នុងអគ្គិភ័យមួយ កាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី២៧ ធ្នូ ២០១៤ ស្ថិតនៅចំណុចភ្នំខៀវ ក្នុងក្រុម១ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ដោយផ្ទះកោសជប់១ខ្នងត្រូវភ្លើងឆាបឆេះទាំងស្រុង ជំហានដំបូងត្រូវសង្ស័យថា អាចបណ្តាលមកពីទុស្សេខ្សែភ្លើង ។
ប្រភពបានឱ្យដឹងថា មានមនុស្ស៦នាក់នៅក្នុងផ្ទះកើតហេតុខាងលើ ក្នុងនោះមានស្រី៤នាក់ ជានារីម៉ាស្សា និងម្ចាស់ផ្ទះឈ្មោះពុង ស្រី អូន ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ ។ រីឯកុមារទាំង២ដែលបានបាត់បង់ជិវីត ម្នាក់ឈ្មោះចូវ ស្រ៊ឺ ភេទស្រី អាយុ៧ឆ្នាំ និងម្នាក់ទៀតឈ្មោះស៊ី ថា ភេទប្រុស អាយុ៩ឆ្នាំ ។
ប្រភពបន្តថា ក្នុងការជួយសង្គ្រោះនេះដែរ ត្រូវបានប្រើប្រាស់រថយន្តពន្លត់អស់ចំនួន៣គ្រឿង មានរថយន្តស្នងការនគរបាលខេត្តចំនួន២គ្រឿង និងរថយន្តកំពង់ផែស្វយ័ត១គ្រឿង ។ ចំណែកឯប្រភពក្រៅផ្លូវការបានឱ្យដឹងថា ការឆាបឆេះនេះ គឺបណ្តាលមកពីការទំនាស់ស្ត្រីកោសជប់ជាមួយនិងភ្ញៀវបរទេសម្នាក់ ដោយភ្ញៀវបរទេសនោះបានទាត់កំប៉ុងកោសជប់ បណ្តាលឱ្យឆាបឆេះតែម្តង ។
ទោះបីយ៉ាងណា យើងនៅពុំទាន់ដឹងពីមូលហេតុច្បាស់ និងទំហំការខូចខាតអស់ប៉ុន្មាននោះនៅឡើយទេ ដោយសមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវបន្ត ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ