រាជធានីភ្នំពេញ ៖ នារីម្នាក់មានវិបត្តិ បានមកលោតទឹកសម្លាប់ខ្លួនលើស្ពានព្រះមុនីវង្សចាស់ លិចបាត់នៅក្នុងទឹកទន្លេ បង្កការភ្ញាក់ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចទាំងយប់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨ និង៣០នាទីយប់ ថ្ងៃទី១៤ វិច្ឆិកា ២០១៤ នៅចំណុចស្ពានព្រះមុនីវង្សចាស់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
នារីរងគ្រោះមានឈ្មោះ ហ៊ួន សុធារី អាយុ២១ឆ្នាំ ស្នាក់នៅក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីរងគ្រោះ ដើរមកដល់លើស្ពាននិយាយទូរស័ព្ទចប់ ក៏បានដោះស្បែកជើង និងកាបូបចេញ រួចក៏លោតចូលក្នុងទឹកទន្លេលិចខ្លួនបាត់តែម្តង ។
ចំណែកប្រភពព័ត៌មានពីបងស្រីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុនារីរងគ្រោះបានសម្ងំនៅក្នុងផ្ទះ៣ថ្ងៃដោយមិនដើរទៅណាទេ គឺនៅសំងំអង្គុយចាក់រួបមច្ឆាពរកូន ។ បន្ទាប់ពីសំងំចាក់រូបខាងលើអស់រយៈពេល៣ថ្ងៃហើយ មកដល់វេលាម៉ោង៤រសៀល ថ្ងៃកើតហេតុ នារីរងគ្រោះ ក៏បានចេញដើរលេង ស្រាប់តែមុនកើតហេតុបន្តិច នារីរងគ្រោះបានទូរស័ព្ទមកប្រាប់បងស្រី ទាំងយំអួលដើមកថា << បងខ្ញុំអស់រលីងហើយ >> ពេលនោះបងស្រីនារីរងគ្រោះ បានឆ្លើយតបទៅនារីរងគ្រោះ បែបលេងសើចថា << អើបើអស់រលីងហើយលោតទឹកសម្លាប់ខ្លួនទៅ >> ។ បន្ទាប់មកនារីរងគ្រោះផ្តាច់ទូរស័ព្ទជាមួយបងស្រី រួចក៏ទូរស័ព្ទទៅប្រាប់ប៉ារបស់នាងថា <<ប៉ាខ្ញុំលោតទឹកសម្លាប់ខ្លួនហើយ >> ហើយក៏បានបិទទូស័ព្ទ និងបានលោតទឹកសម្លាប់ខ្លួនតែម្តង ។
បើតាមប្រភពពីបងស្រីនារីរងគ្រោះដដែលបានប្រាប់ឱ្យដឹងបន្តទៀតថា ប្អូនស្រីរបស់គាត់ (នារីរងគ្រោះ) ចូលចិត្តចូលទៅលេងល្បែងក្នុងកាស៊ីណូណាស់ ហើយមានពេលខ្លះចាញ់ល្បែង យកម៉ូតូ និងទូរស័ព្ទទៅបញ្ចាំ យកលុយមកលេងល្បែងទៀត ។
ប្រភពបន្តថា ក្រុមគ្រួសារនារីរងគ្រោះបានដឹងព័ត៌មានពីការភ្ញាក់ផ្អើលថា មានមនុស្សមកលោតទឹកសម្លាប់ខ្លួន នៅពេលនោះក្រុមគ្រួសាររបស់នារីរងគ្រោះក៏ទៅមើលឃើញស្បែក ជើងនិង កាបូប ទើបដឹងថាកូនរបស់ខ្លួនស្លាប់បាត់ហើយ ។
ចែករំលែកព័តមាននេះ