រាជធានីភ្នំពេញ ៖ ជនសង្ស័យវ័យក្មេងម្នាក់ឡើងតាមដើមឈើសួទៅបង្គោលភ្លើងផ្លោះទៅបន្ទប់ជួលជាន់ទី២ មិនទាន់បានធ្វើសកម្មភាពលួចផងត្រូវអ្នកជួលបន្ទប់ប្រទះឃើញក៏លោតផ្លោះពីជាន់ទី២មកដីបណ្តាលឲ្យសន្លប់មួយសន្ទុះធំ ធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ វិច្ឆិកា ២០១៤ នៅផ្ទះលេខ១៦៩ជាន់ទី២ ផ្លូវលេខ១៥ ក្រុម៣៨ ភូមិ៨ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ។
សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យម្នាក់បានឡើងតាមដើមឈើនៅជាប់ផ្ទះសួតាមបង្គោលភ្លើង ហើយផ្លោះទៅលើផ្ទះជួលជាន់ទី២ដើម្បីលួចទ្រព្យសម្បត្តិ ជាចៃដន្យស្រាប់តែមានអ្នកនៅជិតបន្ទប់ជួលនោះឃើញធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោបានលោតចុះទៅក្រោមវិញបណ្តាលឲ្យសន្លប់មួយសន្ទុះទើបដឹងខ្លួនឡើងវិញ មិនបែកក្បាលហូរឈាមទេ ប៉ុន្តែចុកឆ្អល់ និងគ្រាំក្នុងគិតតែពីស្រែកយំ ។
ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ មាន សុផានិត ភេទប្រុស អាយុ១៥ឆ្នាំ បានឲ្យដឹងទាំងយំរៀបរាប់ថា រូបគេមានគេដឹកតាមម៉ូតូស្គូពីយកមកទម្លាក់ឲ្យគេធ្វើសកម្មភាពលួចនៅចំណុចខាងលើ ប៉ុន្តែលួចមិនទាន់បានផងត្រូវម្ចាស់គេទាន់ក៏លោតចុះតែម្តង ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានទាក់ទងហៅរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ