រាជធានីភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់បានលង់ខ្លួនជាមួយបុរសស៊ីម២ (ភេទទី៣) លូកស្ទាបអង្អែលណែបនិត្យ រួចហើយបន្លំលួចយកកាបូបទៅបាត់។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១ និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៨ វិច្ឆិកា ២០១៤ នៅតាមបណ្តោយផ្លូវលេខ៥៩៨ ម្តុំខាងត្បូងត្រឡោកបែក ស្ថិតក្នុងភូមិសេប៉េសេ សង្កាត់ទឹកថ្លា។ ទោះបែបណាក្រោយពីដឹងថា បាត់កាបូប និងចាញ់បោកនាងខ្ទើយជនរងគ្រោះក៏ស្រែកឆោឡោដេញឃាត់ខ្លួនបក្សពួកបានម្នាក់ រួចបញ្ជូនឲ្យសមត្ថកិច្ចចាត់ការទៅតាមច្បាប់។
ជនសង្ស័យខាងលើមានឈ្មោះ យិន ហួនបូរ៉ា អាយុ២៥ឆ្នាំ មុខរបរតុបតែងសំអាងការ ស្នាក់នៅផ្ទះជួលក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រីឯជនរងគ្រោះឈ្មោះ ភឺន ចិន ភេទប្រុស អាយុ៣៤ឆ្នាំមុខរបររត់ម៉ូតូឌុប និងមានទីលំនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បន្ទាប់ពីឃាត់ខ្លួនបាននាងខ្ទើយម្នាក់នោះបានធានាសងប្រាក់ទៅជនរងគ្រោះចំនួន៥០ដុល្លារដែលបក្សពួកលួចយកទៅ ប៉ុន្តែសម្រាប់សមត្ថកិច្ចមិនអាចឲ្យនាងខ្ទើយរួចខ្លួនបានទេ ពីព្រោះកន្លងមកជនរងគ្រោះជាច្រើននាក់ធ្លាប់បាត់ទ្រព្យសម្បត្តិដោយសារក្រុមនាងខ្ទើយនេះ ធ្វើឲ្យសមត្ថកិច្ចឈឺក្បាលមិមនស្ទើរនោះទេ។
តាមការអះអាងរបស់ជនរងគ្រោះបានឱ្យដឹងថា នៅក្នុងកាបូបលុយនោះមានឯកសារផ្សេងៗ អត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនមួយសន្លឹក និងលុយជាង២០ម៉ឺនរៀលថែមទៀត។ បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃុំខ្លួននៅអធិការដ្ឋានប៉ូលិសសែនសុខ ហើយកសាងសំណុំរឿងទៅតុលាការ៕
ចែករំលែកព័តមាននេះ