ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ វិច្ឆិកានេះ ក្រុមគ្រួសារជនរងគ្រោះ ដែលបានបាត់អាយុជីវិតភ្លាមៗ នៅកន្លែងកើតហេតុ ដោយសារដែកធ្លាក់ពីសំណង់ លើដីពហុកីឡាដ្ឋានជាតិអូឡាំពិក ទល់មុខសាលារៀនឯកជន សិង្ហបុរី ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បានទៅដាក់ពាក្យបណ្តឹងទាមទារសំណងជាទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិកពីក្រុមហ៊ុន OCIC ។
ទាក់ទិនរឿងដែកសំណង់ធ្លាក់នេះ ក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា កាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី២ វិច្ឆិកា មានករណីដែក១ដើមប្រវែងជិត៤ម៉ែត្រ បានធ្លាក់ពីលើសំណង់កំពុងសាងសង់លើផ្ទៃដីរបងពហុកីឡដ្ឋានជាតិអូឡាំពិកជ្រុងខាងជើងបណ្តាលឲ្យត្រូវស្ត្រីម្នាក់ កំពុងជិះម៉ូតូបែកក្បាលស្លាប់ភ្លាមៗ ។ ជនរងគ្រោះបាត់បង់អាយុជីវិត មានឈ្មោះប៊ុត វណ្ណី ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់គុយទាវ ស្នាក់នៅផ្ទះលេខ២៤៨ ផ្លូវលេខ២១៣ ភូមិតាង៉ូវ សង្កាត់និរោធន៍ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់នគរបាលខណ្ឌ៧មករាថា មុនកើតហេតុជនរងគ្រោះ៥នាក់ម្តាយ និងកូនជិះម៉ូតូ២គ្រឿង ចេញពីផ្ទះទៅផ្សារបឹងត្របែក ដើម្បីរកទិញសម្ភារតុបតែងផ្ទះក្នុងពិធីរៀបមង្គលការកូន ដែលនៅប្រមាណមិនដល់២ខែទៀតផង ពេលទៅផ្សារបឹងត្របែករកទិញសម្ភារមិនបាន ពួកគេក៏បានចេញដំណើរទៅផ្សារដេប៉ូ ។ ក្រុមគ្រួសារនោះបានបន្តទៀតថា នៅផ្សារដេប៉ូក៏រកទិញរបស់របរដែលតម្រូវការនោះមិនបានដែរ ។ វេលាម៉ោងប្រមាណជាង៤រសៀល ម្តាយនិងកូន៥នាក់ បានវិលត្រឡប់ទៅផ្ទះវិញ ដោយជិះម៉ូតូតាមផ្លូវសាលដឺហ្គោលកាត់រង្វង់មូលនាងគង្ហីងបំរុងបត់ឡើងទៅភ្លើងស្តុប វត្តមហាមន្ត្រី ។ លុះពេលទៅដល់មុខសាលារៀនឯកជនសិង្ហបុរីអន្តរជាតិ ស្រាប់តែមានដែកជ្រុង១ដើមធ្លាក់ពីលើសំណង់កំពុងសាងសង់ត្រូវក្បាលស្ត្រីជាម្តាយដែលជិះខាងក្រោយ (កូនឌុប) ស្លាប់ភ្លាមមួយរំពេចន៍ ។ ក្នុងពេលធ្វើដំណើរម៉ូតូ១គ្រឿង ជិះគ្នា២នាក់១គ្រឿងទៀត ជិះ៣នាក់ ម៉ូតូដែលជនរងគ្រោះជិះម៉ាកស្គូពីជិះគ្នា៣នាក់ កូនប្រុសអ្នកឌុបកូនស្រីជិះកណ្តាល ម្តាយនៅខាងក្រោយ ហើយគ្រោះថ្នាក់តែម្តាយម្នាក់ឯងទេ ។
ក្រោយពីកើតហេតុសមត្ថកិច្ចគ្រប់ជំនាញបានចុះទៅពិនិត្យ និងបានប្រគល់សាកសពឲ្យសាច់ញាតិ ប្តី កូនបង្កើត និងកូនប្រសានាំយកទៅតម្កល់នៅឈាបនដ្ឋានវត្តព្រះពុទ្ធមានបុណ្យជាបណ្តោះអាសន្ន ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ