ខេត្តបន្ទាយមានជ័យ ៖ លំនៅឋានគ្រូពេទ្យម្នាក់ស្ថិតនៅភូមិជំទាវ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ត្រូវចោរគាស់ទម្លុះទម្លាយចូលរើកកាយយកគ្រឿងអលង្ការ និងប្រាក់ អស់សរុប៤ម៉ឺនដុល្លារ រួចរត់គេចខ្លួនដោយសុវត្ថិភាពដោយមិនរំខានដល់សមត្ថកិច្ចណាមួយឡើយ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅចន្លោះម៉ោង៩ និង១៥នាទីព្រឹក ថ្ងៃទី០២ វិច្ឆិកា ២០១៤ នៅចំណុចកើតហេតុខាងលើ។
លោកវរសេនីយ៍ត្រីយ៉ត សុផល អធិការនគរបាលស្រុកមង្គលបូរីបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ហ៊ី ហេងញាស់ ភេទប្រុស អាយុ៤៦ឆ្នាំ ជាគ្រូពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន រស់នៅកន្លែងកើតហេតុខាងលើ ។
លោកអធិការបានឲ្យដឹងទៀតថា នៅព្រឹកថ្ងៃកើតហេតុ ម្ចាស់ផ្ទះជាប្តីបានចេញទៅចាក់ថ្នាំឲ្យគេ រីឯប្រពន្ធនៅដេកយាមឯមន្ទីរពេទ្យមិនបានវិលត្រឡប់មកផ្ទះវិញទេ ចំណែកកូនៗទៅរៀនអស់ ចាក់សោផ្ទះចោលឆ្លៀតឱកាសនោះ ក្រុមចោរក៏ឡើងផ្លោះរបងខាងក្រោយចំហៀងខាងជើងដែលជាដីឡូត៍គ្មានមនុស្សនៅ រួចចូលធ្វើសកម្មភាពគាស់ទ្វារបង្អួចចូលក្នុងផ្ទះ គាស់ទ្វារបន្ទប់ គាស់ទ្វារតុ ទូ យកគ្រឿងអលង្ការនិងប្រាក់រួចគេចខ្លួន ពេលម្ចាស់ផ្ទះត្រឡប់មកពីមន្ទីរពេទ្យវិញស្រាប់តែឃើញទ្វារបន្ទប់របើក និងពិនិត្យមើលតុ ទូ ក៏របើកទ្វារទៀត ទើបមានការភ្ញាក់ផ្អើលតែម្តង។
លោកអធិការបានបញ្ជាក់ទៀតថា តាមការរៀបរាប់ពីម្ចាស់ផ្ទះ ទ្រព្យសម្បត្តិដែលបាត់បង់ មានប្រាក់ថៃចំនួន៦០ម៉ឺនបាត, ប្រាក់ខ្មែរ៦លានរៀល, ប្រាក់ដុល្លារចំនួន៦០០ដុល្លារ,ខ្សែ.កចំនួន៥ខ្សែ ក្នុងនោះខ្សែ.កមាសចំនួន៣ខ្សែ, ប្លាទីនចំនួន២ខ្សែ សរុបទាំងអស់ទម្ងន់៤តម្លឹង៥ជី, ខ្សែដៃមាសចំនួន២ខ្សែ ទម្ងន់១តម្លឹង៥ជី, ខ្សែដៃប្លាទីនចំនួន២ខ្សែដាំត្បូងក្រហម, កងដៃ២វង់, ចិញ្ចៀនមាស,ចិញ្ចៀនពេជ្រ និងក្រវិលពេជ្រ១គូ សរុបទ្រព្យសម្បត្តិដែលបាត់បង់ទាំងអស់ជាប្រាក់ដុល្លារចំនួន៤០.០០០ $ (៤ម៉ឺនដុល្លារ)៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ