ខេត្តបន្ទាយមានជ័យ ៖ ទារកអភ័ព្វម្នាក់កើតមកក្បាលកាន់តែរីកធំឡើងៗធ្វើឲ្យស្ត្រីជាម្ដាយភ័យខ្លាចរត់ចោលទុកឲ្យរស់នៅជាមួយជីដូនក្រីក្រសុំអំពាវនាវរកអំណោយសង្គ្រោះ។ ករណីនេះកើតឡើងនៅភូមិក្បាលស្ពាន០១ សង្កាត់ និងក្រុងប៉ោយប៉ែត។
ស្ត្រីឈ្មោះស៊ិន សាម៉ន អាយុ៦៣ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ និងត្រូវជាជីដូនទារកអភ័ព្វខាងលើប្រាប់ថាចៅប្រុសរបស់គាត់ឈ្មោះសុខ ស៊ិនពន្លឺ អាយុ១ឆ្នាំ ជាកូនទី២របស់កូនស្រីគាត់ឈ្មោះសុខ ស៊ិនវណ្ណី អាយុ២៤ឆ្នាំ។
ជុំវិញករណីខាងលើនេះស្ត្រីចំណាស់ជាជីដូនបានរៀបរាប់ថា កូនស្រីរបស់គាត់ក្រោយពីបង្កើតបានកូនប្រុសខាងលើដោយសារពីមួយថ្ងៃទៅមួយថ្ងៃទារករូបនេះមានក្បាលកាន់តែរីកធំឡើងនោះនាងក៏បានបោះបង់កូនចោលទុកឲ្យគាត់ចិញ្ចឹម រួចរត់ទៅបាត់ដំណឹងឈឹងតាំងពីកូននោះទើបកើតបាន២០ថ្ងៃម្ល៉េះ។
ស្ត្រីចំណាស់ដដែលបន្តថា តាំងពីពេលនោះមកទល់នឹងពេលនេះមានរយៈពេល០១ឆ្នាំទៅហើយនាងមិនដែលផ្ដល់ដំណឹងថា នៅឯណានោះទេធ្វើឲ្យគាត់ចិញ្ចឹមចៅដ៍កំសត់ទាំង២ ដែលចៅស្រីម្នាក់ទៀតអាយុ៤ឆ្នាំឈ្មោះសុខ ស៊ិនស៊ាកគិម ក៏រស់នៅជាមួយគាត់ដែរ។ ដោយជីវភាពក្រីក្រទទួលអម្រែកធ្ងន់ធ្ងរពេកស្ត្រីចំណាស់បានអំពាវនាវរកសប្បុរសជនក្នុង និងក្រៅប្រទេសសូមមេត្តាជួយដល់គ្រួសារគាត់ផងដើម្បីបានថវិកាទំនុកបំរុងចំណីអាហារ ពិសេសទឹកដោះគោដល់ទារកអភ័ព្វម្ដាយរត់ចោលនេះបានបៅ និងជួយនាងជាបងបានចូលរៀនសូត្រនឹងគេ។ គួរបញ្ជាក់ថា ទារកអភ័ព្វរូបនេះមិនត្រឹមតែមានក្បាលធំខុសប្រក្រតីនោះទេពេលនេះថែមទាំងកើតជម្ងឺស្វិតដៃជើងទៀតផង សង្ស័យបណ្ដាលមកពីកង្វះជីវជាតិអាហារ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ