ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមេបញ្ជាការកងអនុសេនាធំនៃកងពលតូចថ្មើរជើងលេខ៥១ ត្រូវបានកូនទាហានរបស់ខ្លួនកាប់៣កាំបិតខ្វែវបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២២ តុលា ២០១៤ នៅក្នុងបន្ទាយកងពលតូចថ្មើរជើងលេខ៥១ ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ។
ប្រភពព័ត៌មានពីនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា ជនរងគ្រោះក្នុងអំពើមនុស្សឃាតនេះឈ្មោះង៉ែត គង់រិទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ ជាយោធា មានតួនាទីមេបញ្ជាការកងអនុសេនាធំស៊ើបការណ៍នៃកងពលតូចថ្មើរជើងលេខ៥១ ស្នាក់នៅក្នុងបន្ទាយ ស្ថិតក្នងភូមិ-ឃុំកើតហេតុខាងលើ ចំណែកជនដៃដល់ឈ្មោះ តែ ប៊ុនធឿន ភេទប្រុស អាយុ៤៣ឆ្នាំ ជាកូនទាហានស្នាក់នៅក្នុងបន្ទាយ ។
ប្រភពដដែលបានឲ្យដឹងថា មុនពេលកើតហេតុឈ្មោះតែ ប៊ុនធឿន ជាជនដៃដល់បានឈ្លោះប្រកែកជាមួយប្រពន្ធរបស់ខ្លួន នៅពេលនោះជនរងគ្រោះក្នុងនាមជាមេកើយ បានដើរទៅឃាត់ និងអប់រំឲ្យបញ្ឈប់កុំឈ្លោះប្រកែកគ្នាបែបនេះនៅក្នុងបន្ទាយវាមិនសម តែជនដៃដល់មិនស្តាប់ ជនរងគ្រោះបានវាយ២ដៃ រួចត្រឡប់មកកន្លែងវិញ ស្រាប់តែពេលនោះ ជនល្មើសបានទាញកាំបិតខ្វែវមានដងប្រវែងជិត១ម៉ែត្រកាប់ទៅលើមេបញ្ជាការរបស់ខ្លួនចំនួន៣កាំបិតបណ្តាលឲ្យដួលស្លាប់ក្នុងថ្លុកឈាម ហើយរត់គេចខ្លួនបាត់។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោសតាមច្បាប់៕
ចែករំលែកព័តមាននេះ