ខេត្តឧត្តរមានជ័យ ៖ សពក្មេងស្រីជំទង់ម្នាក់ក្នុងចំណោមមនុស្ស៩នាក់ដែលបានបបួលគ្នាទៅលេងកម្សាន្តទឹកធ្លាក់នៅក្បាលជ្រោះអូរស្វាយ ស្ថិតនៅក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ កាលពីអំឡុងរដូវភ្ជុំបិណ្ឌ ត្រូវបានសាច់ញាតិរុករកឃើញ កាលពីរសៀលថ្ងៃទី១៨ តុលា ២០១៤ បន្ទាប់ពីទឹកកួចបាត់ខ្លួនរយៈពេលមួយខែ ។
ប្រភពពីស្ត្រីម្នាក់ឈ្មោះហឿ សុយាត្រា អាយុ២៤ឆ្នាំ ជាគ្រូបង្រៀន មានទីលំនៅក្នុងស្រុកបន្ទាយអំពិល បានរៀបរាប់ថា នៅក្នុងរដូវភ្ជុំបិណ្ឌពួកខ្លួនបានបបួលគ្នីគ្នាមានប្រុសមានស្រីចំនួន៩នាក់ទៅលេងកម្សាន្តទឹកធ្លាក់នៅចង្កេះភ្នំដងរ៉ែកដែលគេហៅថាទឹកធ្លាក់ក្បាលអូរស្វាយ តាំងពីព្រឹករហូតមកទល់ពេលរសៀល ស្រាប់តែមេឃពណ៌ខ្មៅងងឹត បន្ទាប់មកមានភ្លៀងធ្លាក់មួយមេធំទឹកជន់ហូរយ៉ាងខ្លាំងកួចឆក់យកជីវិតមនុស្សចំនួន២នាក់ និងរងរបួសស្រាល២នាក់ ។ អ្នកស្លាប់ទី១-ឈ្មោះហឿ ចរិយា ភេទស្រី អាយុ១៤ឆ្នាំ ត្រូវជាប្អូនស្រីបង្កើត និងទី២-ឈ្មោះផាត សាវ៉ាត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិពរពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ។
ស្ត្រីដដែលបញ្ជាក់ថា នៅពេលកើតហេតុនោះសពបុរសឈ្មោះផាត សាវ៉ាត ត្រូវបានបងប្អូនសាច់ញាតិនាំគ្នារុករកឃើញ ដោយឡែកសពប្អូនស្រីឈ្មោះហឿ ចរិយា អាយុ១៤ឆ្នាំ ដែលបានបាត់ខ្លួននោះ ចាប់ពីរដូវភ្ជុំបិណ្ឌមកបើគិតមកដល់ពេលនេះមានរយៈពេល១ខែហើយនៅពេលទឹកស្រកទៅវិញបានបបួលគ្នីគ្នាទៅរុករកសារជាថ្មីម្តងទៀតកាលពីរសៀលថ្ងៃទី១៨ តុលា ទើបបានប្រទះឃើញសពប្អូនស្រីនៅក្រោមផ្ទាំងថ្មធំមួយ និងមានឬសឈើនៅពីលើកៀបជាប់ ដោយសពមានរូបរាងកាយអាក្រាតមិនមានសំលៀកបំពាក់នៅជាប់ខ្លួនថែមទាំងមានផ្សិតដុះពាសពេញតែខ្លួនត្រូវបាននាំយកមកធ្វើបុណ្យទៅតាមប្រពៃណីនៅឯភូមិឃុំស្រុកកំណើតខាងលើ៕
ចែករំលែកព័តមាននេះ