ខេត្តសៀមរាប ៖ បុរសម្នាក់បំរើការងារនៅអង្គការដំណក់ទឹកត្រូវបាន ឃាតករមិនស្គាល់អត្តសញ្ញាណវាយសម្លាប់រុំកន្ទេលយកទៅបណ្តែតទឹកស្ទឹងសៀមរាប ហើយត្រូវបានគេប្រទះឃើញ និង មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែតុលា ស្ថិតនៅចំណុចស្ពានវត្តអារញ្ញ ក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ។
តាមប្រភពពីអ្នកបង់សំណាញ់បានឲ្យដឹងថា ជារៀងរាល់ថ្ងៃគាត់បានបង់ត្រីនៅស្ពានអារញ្ញជាធម្មតា ប៉ុន្តែថ្ងៃនេះស្រាប់តែមានឃើញកន្ទេលមួយដុំធំ ហើយគាត់មានការសង្ស័យក៏នាំគ្នាយកឈើចាក់មើលស្មានតែវត្ថុអ្វីផ្សេងដែលគេបោះចោល ពេលនោះពួកគាត់នាំគ្នាទាញយកមកខាងស្រាប់តែឃើញសាកសពមនុស្ស ហើយពួកគាត់ក៏រាយការណ៍ទៅឲ្យសមត្ថកិច្ចតែម្តង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានឃាតករមិនស្គាល់អត្តសញ្ញាណវាយសម្លាប់រុំកន្ទេលយកទៅបណ្តែតទឹកស្ទឹងសៀមរាបនោះមានឈ្មោះ វ៉ាន់ វីរៈ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាបុគ្គលិកនៃអង្គការដំណក់ទឹក រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ សមត្ថកិច្ចបន្តថា ទ្រព្យសម្បត្តិរបស់ជនរងគ្រោះដែលបាត់បង់រួមមាន ទូរស័ព្ទដៃម៉ាកសាំសុងមួយគ្រឿង,ទូរស័ព្ទណូគាមួយគ្រឿង,ម៉ូតូសង់សេ១២៥ពណ៌ខ្មៅ មួយគ្រឿង, និងឯកសារមួយចំនួន នេះបើតាមការអះអាងរបស់សាច់ញាតិ ហើយជនរងគ្រោះបានបាត់ដំណឹងពីផ្ទះកាលពីល្ងាច ថ្ងៃទី១៤ ខែតុលាម្លេះ ។ សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា នៅលើដងខ្លួនរបស់សាកសពមានស្លាកស្នាមត្រង់កញ្ចឹងក ក្បាល និង ដើមទ្រូងហើយត្រូវបានគេរុំកន្ទេលយកមកផ្លុងចោលតាមមាត់ស្ទឹង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវមុខសញ្ញាករណីមនុស្សឃាតនេះយ៉ាងយកចិត្តទុកដាក់ រីឯសាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចែករំលែកព័តមាននេះ