រាជធានីភ្នំពេញ ៖ បុរសម្នាក់បានវាយក្បាលប្រពន្ធខ្លួនឯងនិងឥដ្ឋការ៉ូឡាបណ្តាលឱ្យបែកក្បាលផុងលលាដ៍ហូរឈាមស្រោចខ្លួន ព្រោះតែប្រច័ណ្ឌប្រពន្ធជាមួយបុរសដទៃ ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជាង៦ល្ងាច ថ្ងៃទី១៥ តុលា ២០១៤ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បុរសសង្ស័យវាយប្រពន្ធខ្លួនឯងមានឈ្មោះ ម៉ៅ រ៉ា អាយុ២៧ឆ្នាំ មុខរបរជាកម្មករលីសែងអីវ៉ាន់ នៅផ្សារអូរឡាំពិក មានស្រុកកំណើតនៅស្រុកមេសាង ខេត្តព្រៃវែង ។ ចំណែកស្រ្តីជាប្រពន្ធដែលប្តីប្រើហិង្សាមកលើមានឈ្មោះ អម សុជា អាយុ២២ឆ្នាំ ជាកម្មការិនី មានស្រុកកំណើតក្នុងខេត្តព្រៃវែងដែរ ។ប្តីប្រពន្ធមួយគូនេះមានកូនស្រីមួយអាយុ៣ឆ្នាំ ហើយបច្ចុប្បន្នប្តីប្រពន្ធមួយគូនេះរស់នៅក្នុងភូមិ សង្កាត់កើតហេតុ។
ប្រភពព័ត៌មានបានឱ្យដឹងថា ប្តីប្រពន្ធខាងលើនេះបានលែងលះគ្នារួចទៅហើយប៉ុន្តែមិនទាន់ដាច់ស្រេចនោះទេ ហើយអ្នកទាំងពីរក៏នៅបន្តស្នាក់នៅក្រោមតំបូលផ្ទះតែមួយ។ ប្រភពព័ត៌មានបានបន្តថានៅមុនពេលកើតបុរសជាប្តីបានតាមដានសកម្មភាពរបស់ប្រពន្ធរៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃលែងលះគ្នារួចមក ខណៈមកដល់ថ្ងៃកើតហេតុនេះបុរសជាប្តីបានឃើញប្រពន្ធរបស់ខ្លួនមានទំនាក់ទំនងជាមួយបុរសផ្សេងនោះក៏មានចិត្តប្រចណ្ឌហើយក៏បានចាប់ប្រពន្ធទៅវាយដល់ក្នុងបន្ទប់ផ្ទះជួលដោយវាយក្បាលប្រពន្ធនឹងឥតការ៉ូឡា បណ្តាលឱ្យបែកក្បាលផុងលលាដ៍រងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យចំណែកជនបង្ករបួសស្នាមត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនទៅសាកសួរនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ។
ចែករំលែកព័តមាននេះ