ខេត្តកំពង់ឆ្នាំង ៖ កាលពីព្រឹកថ្ងៃទី១២ តុលា ២០១៤ នៅមុខរោងចក្រអ៊ឹមវ៉េ ក្នុងភូមិត្រពាំងចឹកសារ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង មង្គលការខុសក្បួនតម្រាមួយបានប្រព្រឹត្តឡើងយ៉ាងប្រទាំងប្រទើស ព្រោះតែនារី២នាក់បានសុំច្បាប់រៀបការយកគ្នាជាប្តីប្រពន្ធ តែអាជ្ញាធរមូលដ្ឋានបានហាមដាច់ខាត និងមិនអនុញ្ញាតឱ្យឡើយ ព្រោះតែមង្គលការបែបនេះធ្វើឱ្យប៉ះពាល់ដល់ប្រពៃណីដ៏ល្អផូផង់របស់ខ្មែរយើង ។ ប៉ុន្តែបើទោះបីបែបនេះក្តីក៏ពួកនាងៗទាំង២នាក់ដែលស្រឡាញ់គ្នាយ៉ាងប្តូរផ្តាច់នៅតែបានរៀបចំពីធីនេះយ៉ាងគគ្រឹកគ្រេងមានភ្ញៀវមកពិសាភោជនាហារអបអរសាទរ គ្រាន់តែប្រែពីពិធីមង្គលការមកជាពិធីជប់លៀងវិញទើបអាជ្ញាព្រមបិទភ្នែកចុះចាញ់ស្នេហាបញ្ច្រាសទិសនេះ។
ទោះយ៉ាងណាកោះសន្តិភាពមិនមានបំណងបន្តុះបង្អាប់រវាងស្រី និងស្រីស្ម័គស្រឡាញ់គ្នាជាប្តីប្រពន្ធនេះឡើយ គ្រាន់តែថា វាចម្លែកពេក។ លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់ឆ្នាំងបានឱ្យដឹងថា នាងទាំង២នាក់ដែលបានធ្វើពិធីរៀបការជាមួយគ្នាជាប្តីប្រពន្ធនោះ នារីដែលតាំងខ្លួនជាកូនកម្លោះ ឈ្មោះ ស៊ូ លិលីន អាយុ១៨ឆ្នាំ និងនារីដែលតាំងខ្លួនជាប្រពន្ធឈ្មោះម៉ុង កញ្ញា អាយុ១៨ឆ្នាំ។
លោកនាយប៉ុស្តិ៍បានឱ្យដឹងទៀតថា មុនពេលរៀបការ ក្រុមគ្រួសារទាំង២ខាងលើបានទៅសុំលិខិតសុំច្បាប់រៀបចំអាពាហ៍ពិពាហ៍ដែរ ប៉ុន្តែលោកស្រីចៅសង្កាត់បានណែនាំថា ច្បាប់មិនអនុញ្ញាតឱ្យមនុស្សស្រី និងស្រីរៀបការជាប្តីប្រពន្ធនោះទេ ម្យ៉ាងក៏វាខុសនឹងប្រពៃណីខ្មែរផងដែរ យកល្អគឺសុំច្បាប់ធ្វើពិធីជប់លៀងវិញទៅ។ ពេលនោះ គ្រួសារទាំង២ខាងលើនេះក៏បានយល់ព្រមតាម ដោយសាលាសង្កាត់បានចេញលិខិតឱ្យធ្វើពីធីជប់លៀង ។
ស្រាប់តែនៅព្រឹកថ្ងៃទី១២ តុលា នៅមុខរោងការមានសរសេរអក្សរថា ពីធីអាពាហ៏ពីពាហ៏ កូនកម្លោះឈ្មោះ ស៊ូ លិលីន កូនក្រមុំឈ្មោះម៉ុង កញ្ញា ទៅវិញ ពោលគឺរៀបការតែម្តង ។ ថ្ងៃនោះដែរ លោកបានឱ្យមន្ត្រីនគរបាលប៉ុស្តិ៍របស់លោកទៅហៅសាម៉ីខ្លួនទាំង២ មកទាំងអស់គ្នាមានទាំងអាណាព្យាបាលទាំងសងខាងមកជាមួយដែរ មកដល់ប៉ុស្តិ៍រដ្ឋបាល លោកបានធ្វើការអប់រំ ណែនាំឱ្យបញ្ឈប់ជាបន្ទាន់នូវការរៀបចំរបៀបមង្គលការនេះ តែបើចង់ធ្វើពិធីនេះជាបន្តទៀត ត្រូវធ្វើតាមលិខិតដែលបានសុំនៅសាលាសង្កាត់ ។
ក្រោយពីបានសា្តប់តាមការណែនោះរួចមក គ្រួសារទាំង២ខាងលើបានព្រមដោះបដារ អាពាហ៍ពិពាហ៍ នោះចេញទៅ ដោយជំនួសមកវិញដាក់ថា «ពីធីជប់លៀង» ហើយពីធីនោះក៏មិនបានហែរជំនូនអ្វីដូចការគ្រោងទុកដែរ ។
ជុំវិញករណីខាងលើនេះ អ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺពីសាម៉ីខ្លួនទាំងពីរបានទេ ប៉ុន្តែឪពុកម្តាយទាំងសងខាង បានប្រាប់អ្នកជិតខាងថា ពួកគេទាំង២នាក់ បានស្រឡាញ់គ្នាយូរហើយ និងរកលុយរួមគ្នាដើម្បីរៀបការ ហើយក្រុមគ្រួសារទាំងសងខាងក៏បានឯកភាពគ្នាដែរ ព្រមឱ្យមានពិធីមង្គលការនេះឡើង ដែលគ្រោងនឹងធ្វើទៅតាមប្រពៃណីទាំងអស់ ចាប់តាំងពីការចូលស្តីដណ្តឹងហែរជំនូន កាត់សក់ ចងដៃ សំពះផ្ទឹម និងបានអញ្ជើញភ្ញៀវចូលរួមពិសាភោជនាហារ ចំនួន២០០នាក់ផងដែរ ប៉ុន្តែពេលធ្វើទៅបានសម្រេចតាមការគ្រោងទុកខ្លះ និងមិនបានតាមការគ្រោងទុកខ្លះ ព្រោះតែខុសនឹងប្រពៃណីខ្មែរ ហើយអាជ្ញាធរមិនអនុញ្ញាត៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ