ខេត្តបន្ទាយមានជ័យ ៖ ខឹងឆ្កែខាំចំក្បាលជង្គង់បុរសម្នាក់បានយកញញួរវាយឆ្កែនោះ តែម្ចាស់ឆ្កែទៅឱបឆ្កែក៏ត្រូវក្បាលមួយញញួរបណ្តាលរបួសស្រាលហើយប៉េអឹមក៏បានចាប់ខ្លួនអ្នកវាយបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី១៣ តុលា ២០១៤ ។
លោក ជា ដា មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ឱ្យថាជនសង្ស័យដែលត្រូវចាប់ខ្លួនមានឈ្មោះ ប៉ុក ភក្តី ហៅភ័ក្រ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់ភូមិប៉ាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
លោកបានបន្តថានៅពេលដែលឃាត់ខ្លួនជនសង្ស័យគឺកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្តឹងពីឈ្មោះ គុណ សាមាន ភេទស្រី អាយុ៤៨ឆ្នាំ ស្នាក់នៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានប្តឹងឈ្មោះ ប៉ុក ភក្តី ហៅ ភ័ក្រ ថា បានយកញញួរវ៉ៃក្បាលផ្នែកខាងក្រោយបណ្តាលឱ្យរបួសស្រាល។ ដែលហេតុការណ៍ននេះកើតឡើងកាលពីថ្ងៃទី១១ តុលា ២០១៤នៅវេលាម៉ោង៣ រសៀល ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ក្រោយ ពេលសមត្ថកិច្ចសាកសួរជនសង្ស័យបានសារភាពថាខ្លួនពិតជាបានវ៉ៃត្រូវជនរងគ្រោះបណ្តាលរបួសមែនព្រោះតែខ្លួនខឹងនឹងឆ្កែរបស់ជនរងគ្រោះស្ទុះមកខាំខ្លួនចំក្បាលជង្គង់ ហើយខ្លួនក៏បានទាញយកញញួរជាប់និងដៃវ៉ៃឆ្កែនោះ តែម្ចាស់ឆ្កែស្ទុះមកឱបឆ្កែ ក៏ត្រូវកចំក្បាលមួយញញួរបណ្តាលរបួសតែម្តង។
ចែករំលែកព័តមាននេះ