រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមគរ សហកាជាមួយសន្តិសុខផ្សារនាគមាស ធ្វើការចាប់ខ្លួន បន្ទាប់ពីជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេច ហើយជិះម៉ូតូគេចខ្លួនចូលផ្សារជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង០៩ និង៥០នាទីព្រឹកថ្ងៃទី១០ តុលា ២០១៤ ស្ថិតនៅចំណុចផ្សារនាគមាស មុខផ្ទះលេខ៣០ តាមបណ្តោយផ្លូវលេខ២៣១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួន ១-ឈ្មោះហ៊ាង ជីវ៉ា អាយុ១៩ឆ្នាំ, ២-ឈ្មោះជា វណ្ណៈ អាយុ១៨ឆ្នាំ ។ ទាំង២នាក់មានទីលំនៅម្តុំវត្តគោកបញ្ជាន់ ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកម្ចាស់កាបូបឈ្មោះយឹម ចន្ថា ភេទស្រី អាយុ៥២ឆ្នាំ ជាអ្នកលក់បាយ មានលំនៅផ្ទះលេខ១១ ផ្លូវលេខ២២៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
តាមមន្ត្រីនគរបាលប៉ុស្តិ៍ផ្សារដើមគរបានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជាម្ចាស់កាបូបបានធ្វើដំណើរដោយថ្មើរជើងចេញពីផ្ទះក្នុងគោលបំណងទៅផ្សារដើមគរ ដើម្បីទិញម្ហូប។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យទាំង២នាក់ខាងលើ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេរី២០១០ តែមស៊េរី២០១៤ អត់ស្លាកលេខមួយគ្រឿង មកអែបហើយឆក់យកកាបូបបានសម្រេច រួចជិះម៉ូតូគេច
ខ្លួន ។
ប្រភពបន្តថា ក្នុងពេលនោះ ម្ចាស់កាបូបស្រែកចោរៗ ហើយជនសង្ស័យបានជិះម៉ូតូគេចខ្លួនចូលផ្សារនាគមាស ក៏ជួបគ្រោះថ្នាក់ចរាចរណ៍បុកកញ្ច្រែងអីវ៉ាន់លក់ដូរ ហើយត្រូវកម្លាំងនគរបាលរួមទាំងសន្តិសុខចេញមកអន្តរាគមន៍ចាប់ខ្លួនបានទាំង២នាក់ ព្រមទាំងដកហូតបានកាបូបប្រគល់អោយម្ចាស់វិញ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ