ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពពាក់​ពពូន​មើល​ស្ត្រី​ចំណាស់​អះ​អាង​ថា​កើត​កូន​ជា​ពង និង​ចិញ្ចៀន

10 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ហេតុការណ៍​ចម្លែក និង​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​រយៈពេល​២​ថ្ងៃ​មក​ហើយ គិត​ត្រឹម​ថ្ងៃ​៩ តុលា ដោយសារ​តែ​ស្ត្រី​ម្នាក់​បាន​អះអាង​ថា គាត់​ប្រសូត​បុត្រ​មក​ជា​ព្រះ​ទម្រង់​២​អង្គ (​ចិញ្ចៀន​) និង​កែវ​៧​ពណ៌​១​អង្គ​(​ស៊ុត​) ខណៈ​ដែល​ខ្លួន​គាត់​គ្មាន​ពពោះ​បន្តិចសោះ ។

ខេត្តកំពង់ឆ្នាំង ៖ ហេតុការណ៍​ចម្លែក និង​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​រយៈពេល​២​ថ្ងៃ​មក​ហើយ គិត​ត្រឹម​ថ្ងៃ​៩ តុលា ដោយសារ​តែ​ស្ត្រី​ម្នាក់​បាន​អះអាង​ថា គាត់​ប្រសូត​បុត្រ​មក​ជា​ព្រះ​ទម្រង់​២​អង្គ (​ចិញ្ចៀន​) និង​កែវ​៧​ពណ៌​១​អង្គ​(​ស៊ុត​) ខណៈ​ដែល​ខ្លួន​គាត់​គ្មាន​ពពោះ​បន្តិចសោះ ។ អ្វី​ដែល​ចម្លែក​ទៅ​ទៀត​នោះ គឺ​នៅ​ពេល​ដែល​លើក​បុត្រ​ទាំង​៣​អង្គ មក​បំបៅ​ដោះ​ស្វិត​ដែល​គ្មាន​ទឹកដោះ​សោះ​ក៏​ប្រែជា​ឡើង​ប៉ោង ចុង​ដោះ​ឡើង​ក្រហម និង​មាន​ចេញ​ទឹកដោះ​ថែម​ទៀត ។

ហេតុការណ៍​ចម្លែក​ដែល​អ្នកខ្លះ​ជឿ អ្នកខ្លះ​អត់​ជឿ​នេះ បាន​កើតឡើង​នៅ​ភូមិ​ព្រៃ​ព្រាល ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូណ៌ ។ ទោះជា​យ៉ាងនេះ​ក្តី ការ​ភ្ញាក់ផ្អើល​នេះ​មិន​មាន​មនុស្ស​ច្រើន​ចាប់អារម្មណ៍​ប៉ុន្មាន​ទេ គឺ​មាន​តែ​២០​ទៅ​៣០​នាក់​ប៉ុណ្ណោះ ពពាក់ពពូន​ទៅ​មើល ។ គ្រួសារ​ដែល​អះអាង​ថា​មានរឿង​ចម្លែក​នេះ ប្តី​ឈ្មោះ ប៊ូ រ៉ុ​ន​ងាយ អាយុ​៥២​ឆ្នាំ ហើយ​ប្រពន្ធ​ដែល​អះអាង​ថា​មាន​បារមី​សណ្ឋិត​ឈ្មោះ ជា អី​ុ​ត អាយុ​៤២​ឆ្នាំ ។ ប្តី​ប្រពន្ធ​នេះ​មានកូន​៥​នាក់ ក្នុង​នោះ​ប្រុស​៣​នាក់ ។ បុរស​ជា​ប្តី​និយាយ​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក ថ្ងៃ​ទី​៨ តុលា គឺជា​ថ្ងៃ​ចេញ​ព្រះ​វស្សា ខណៈ​រូប​គាត់​កំពុង​ចិត្តបន្លែ​ធ្វើ​ម្ហូប​ទៅ​វត្ត​ជាមួយ​ប្រពន្ធ ស្រាប់តែ​ប្រពន្ធ​គាត់​ស្រែកយំ​ថា «​មាតា​ចង់ទៅ​វត្ត​ដើម្បី​ប្រោស​ពល និង​ជួយ​កសាង​វត្ត​ព្រះ​ជ័យ​ឥន្ទ្រា​ផង​» ។

ប្តី​រៀបរាប់​ថា ការ​យំ​ស្រែក​សុំ​ទៅ​វត្ត​បែប​នេះ​គាត់​ស្មាន​តែ​ប្រពន្ធ​សុំ​ទៅ​ដោយ​ធម្មតា តែ​ពេល​នោះ​ប្រពន្ធ​គាត់​បាន​សុំ​ឱ្យ​មានការ​ដង្ហែ​ដោយ​មាន​បាំង​ក្លស់​ផង សូ​ម្បី​តែ​គាត់​បាំងឆត្រ​ឱ្យ ក៏​មិន​ព្រម​ដែរ ហើយ​គាត់​បាន​ទៅ​ខ្ចី​ក្លស់​ពី​វត្ត​មក​បាំង​ឱ្យ ។ នៅ​ពេល​នោះ​ម៉ោងជាង​៩​ព្រឹក​ទៅ​ហើយ ប្រពន្ធ​គាត់​ត្រូវ​បាន​ដង្ហែ​ដោយ​មាន​មនុស្ស​ប្រមាណ​៣០​នាក់ ភាគច្រើន​ជា​យាយ​ៗ​ដែល​ហែ​ដោយ​ថ្មើរជើង​មក​កាន់​វត្ត​ព្រះ​ជ័យ​ឥន្ទ្រា ហៅ​វត្ត​ដំរី​កូន ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រាល ឃុំ​អញ្ចាញ​រូង ជា​វត្ត​ក្នុងភូមិ ដែល​គាត់​រស់នៅ និង​មាន​ចម្ងាយ​ជាង​១​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​គាត់ ។ បុរស​ជា​ប្តី​បន្ត​ថា ពេល​មក​ដល់​វត្ត ប្រពន្ធ​គាត់​ដែល​តាំងខ្លួន​ជា​ព្រះ​មាតា បាន​ទៅ​គង់នៅ​កុដិ​១ ដែល​គេ​ទុក​សម្រាប់​ដាក់​សម្ភារ​ចានឆ្នាំង ហើយ​ក៏​មាន​មនុស្ស​ម្នា​ចេះ​តែ​មក​មើល​ដែរ ។

រហូត​ដល់​ម៉ោងជាង​៣​រសៀល ស្រាប់តែ​ប្រពន្ធ​គាត់​មាន​ពោះធំ​ដូច​មនុស្ស​មាន​ទម្ងន់​៦-៧​ខែ ហើយ​ក៏​ស្រាប់តែ​ឈឺពោះ និង​ប្រសូត​បានជា​ចិញ្ចៀន ដែល​តម្រូវ​ឱ្យ​ហៅ​ថា​ព្រះ​ទម្រង់​មាន​សណ្ឋាន​ដូច​សត្វ​ឥន្ទ្រី ។ លុះ​ថ្ងៃស្អែក​ឡើង​ថ្ងៃ​ទី​៩ តុលា ស្រាប់តែ​ប្រពន្ធ​គាត់​ប្រសូត​បាន​ចិញ្ចៀន​ជា​ព្រះ​ទម្រង់​មួយ​វង់​មាន​ដាំ​ត្បូង ។ បុរស​ជា​ប្តី​បាន​រំឭក​ថា កាលពី​ជាង​៣​ខែ មុន ប្រពន្ធ​គាត់​និង​គាត់​ពេល​ដើរ​រើស​លាមក​គោ ក្របី តាម​វាលស្រែ ដើម្បី​យក​មក​ដាក់​ឡ​ជីវឧស្ម័ន ស្រាប់តែ​ប្រពន្ធ​គាត់​ឈឺពោះ ហើយ​ប្រសូត​បាន​ស៊ុត​មួយ​ដែល​តម្រូវ​ឱ្យ​ហៅ​ថា កែវ​៧​ពណ៌ តែ​កាល​ណោះ​ប្រពន្ធ​គាត់​បាន​លាក់​ទុក​រហូត​មក ទើបតែ​ប្រាប់​គាត់​នៅ​ពេល​ប៉ុន្មាន​ថ្ងៃមុន​នេះ​ប៉ុណ្ណោះ ។ អ្នក​ភូមិ ពិសេស​យាយ​ៗ​ដែល​នៅផ្ទះ​ជិត​ស្ត្រី​ខាងលើ​នេះ​និយាយ​ថា ស្ត្រី​រូប​នេះ​គ្មាន​កូន​តូច​អី​ទេ ដោះ​ក៏​ស្វិត​ទៅ​ទៀត ប៉ុន្តែ​អ្វី​ដែល​ចម្លែក​នោះ គឺ​នៅ​ពេល​ដែល​ស្ត្រី​រូប​នោះ​លើក​បុត្រ​ទាំង​៣ មាន​ព្រះ​ទម្រង់​២​អង្គ និង​កែវ​៧​ពណ៌​មួយ​អង្គ ដាក់​លើ​កន្សែងពោះគោ យក​មក​បំបៅ ស្រាប់តែ​ដោះ​ឡើង​រឹង ហើយ​មាន​ទឹកដោះ​ទៀត ។

ស្ត្រី​អ្នក​ភូមិ​ម្នាក់​ឈ្មោះ ជឹ​ម ជន អាយុ​៤១​ឆ្នាំ ដែល​ជា​អ្នក​នៅ​ជាប់​ផ្ទះ​ស្ត្រី​ខាងលើ​នេះ​និយាយ​ថា គាត់​ពិតជា​បាន​បង្កើត​បុត្រ​នោះ​ដោយ​ផ្ទាល់​ដៃ​ឱ្យ​ទៀត​ផង គឺ​មិន​ក្លែងបន្លំ​ទេ​គាត់​មាន​ជំនឿ​ខ្លាំង​ណាស់ ។ ដោយឡែក​លោកតា គង់ ដែល​ជា​គណៈកម្មការ និង​ជា​អាចារ្យវត្ត​វិញ និយាយ​ថា គាត់​មិន​បានដឹង​អ្វី​ទាំងអស់ សូ​ម្បី​តែ​ស្ត្រី​រូប​នោះ​មក​នៅ​កុដិ​សម្រាប់​ដាក់​ចានឆ្នាំង ក៏​គាត់​មិន​បានដឹង​ដែរ ថ្វីបើ​គាត់​ជា​អាចារ្យវត្ត​ក៏​ពិត មែន ។ បុ​៉​ន្តែ​ពេល​សួរ​គាត់​ថា តើ​រឿងហេតុ​ដែល​បាន​កើតឡើង​នេះ លោកតា​ជឿ​ដែរ​ឬ​អត់ គាត់​ឆ្លើយ​ថា ឱ្យ​ជឿ​ម៉េច បើ​មិន​ដែល​ឃើញ​ផ្ទាល់​ភ្នែក និង​មិន​ដែល​ដឹងផង​ហ្នឹង ។ ចំណែក​អ្នក​ភូមិ​ខ្លះ​ទៀត​ដែល​បាន​ទៅ​មើល​ហេតុការណ៍​នោះ​ដែរ​បាន​និយាយ​ពេល​ចេញ​មក​វិញ​ថា ខ្ញុំ​មិនសូវ​ជឿ​ប៉ុន្មាន​ទេ មើលទៅ​ដូច​ចិញ្ចៀន និង​ពង​ទា​ធម្មតា​សោះ ឱ្យ​ជឿ​ម៉េច​បាន ព្រោះ​សព្វ​ថ្ងៃនេះ​ខ្វះ​អី​មនុស្ស​បោកប្រាស់​ដូច​គ្រួសារ​គាត់​ក៏​ធ្លាប់​ចាញ់បោក​គេ​ម្តង​ដែរ រឿង​ខ្នាយតាន់​កាប់​មិន​មុត ដុត​មិន​ឆេះ​ស្អី​នោះ ការ​ពិត​បោក​សោះ ។

មុន​នឹង​ថតរូប ស្ត្រី​ដែល​អ្នកខ្លះ​ជឿ​ថា មាន​បារមី​បាន​ប្រាប់​អ្នកកាសែត​ថា បើ​មិន​សុំ​ថត​មិន​ជាប់​ឡើយ តែ​ដើម្បី​គោរព​សិទ្ធិ​ក៏​បាន​សុំ​បារមី ថត​ជាង​១០​បុ​៉​ស្តិ៍​ឃើញ​ថា ថត​ជាប់​ទាំងអស់ (Sic) ។ រឿងរ៉ាវ​ខាងលើ​នេះ​គ្រាន់តែ​ជា​ព័ត៌មាន​មួយ​ដែល​បាន​កើតឡើង ដោយ​មាន​មនុស្ស​ពពាក់ពពូន​ទៅ​មើល ។ ប៉ុន្តែ​ថា​មនុស្ស​កើតកូន​ចម្លែក​បែប​នេះ ពិតជា​ពិបាក​ជឿ​ណាស់ និង​គ្មាន​ភាព​អស្ចារ្យ​ណាមួយ​គួរ​ឱ្យ​ជឿ​សោះ​ដែល​មនុស្ស​កើតកូន​បាន​ពង បាន​ចិញ្ចៀន​បែប​នេះ ។ មនុស្ស​គឺ​កើតមក​ជាម​នុស្សហើយ ។ អ្វី​ដែល​ធ្វើ​ឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​ក្នុង​ចំណោម​អ្នក​ភូមិ មាន​អ្នកខ្លះ​ជឿ អ្នកខ្លះ​ទៀត​មិន​ជឿ​ទេ ៕