ខេត្តកំពង់ធំ ៖ បុរសជាឪពុកចុងម្នាក់បានត្រូវកម្លាំងនគរបាលក្រុងស្ទឹងសែន ឃាត់ខ្លួនកាលពីថ្ងៃទី៧ តុលា បន្ទាប់ពីបានធ្វើសកម្មភាពប៉ុនប៉ងរំលោភកូនស្រីចុងអាយុ៨ឆ្នាំ មិនបានសម្រេចកាលពីថ្ងៃទី៥ តុលា នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ។
ពាក់ព័ន្ធនឹងករណីនេះបុរសម្នាក់ដែលអះអាងថា ខ្លួនជាឪពុកបង្កើតរបស់កុមារីរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី៦ តុលា កូនប្រុសច្បងអាយុ៩ឆ្នាំ បានរត់ទៅប្រាប់គាត់ជាឪពុកបង្កើតថាប្អូនស្រីត្រូវជនសង្ស័យឈ្មោះផាត ថា អាយុ២៤ឆ្នាំ ជាឪពុកចុងចាប់រំលោភកាលពីថ្ងៃទី៥ តុលា ខណៈម្ដាយមិននៅផ្ទះ ។ ក្រោយពីឮកូនប្រុសរៀបរាប់ប្រាប់ហើយ នៅថ្ងៃទី៧ តុលា គាត់បាននាំកូនស្រីរងគ្រោះទៅប្ដឹងនគរបាលប៉ុស្ដិ៍ព្រៃតាហ៊ូ ឱ្យឃាត់ខ្លួនជនសង្ស័យរូបនេះ ។
អធិការនគរបាលក្រុងស្ទឹងសែនលោក ញ៉ែម ឈុនលី បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចក៏បានសុំយោបល់ពីព្រះរាជអាជ្ញានិងលោកស្នងការ ហើយបានសម្រេចឱ្យនាំខ្លួនជនសង្ស័យខាងលើមកសាកសួរ ពេលនោះជនសង្ស័យបានសារភាពពីទង្វើអាក្រក់របស់ខ្លួននៅចំពោះមុខសមត្ថកិច្ចនិងបានបញ្ជាក់ថា មិនបានសម្រេចដោយសារកូនស្រីយំខ្លាំងពេក ។ នៅថ្ងៃទី៨ តុលា ជនសង្ស័យឈ្មោះផាត ថា ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ។
សូមបញ្ជាក់ថា បុរសដែលជាឪពុកបង្កើតបានលែងលះគ្នាជាមួយម្ដាយកុមារីរងគ្រោះដោយសារតែបង្កអំពើហិង្សាមិនអាចទ្រាំបានប្រពន្ធក៏ប្ដឹងសមត្ថកិច្ចឃាត់ខ្លួនបុរសជាប្ដីនិងជាប់ពន្ធនាគារមួយរយៈ ។ ពេលចេញពីពន្ធនាគារឪពុកបង្កើតរបស់កុមារីរងគ្រោះក៏ចេញទៅរស់នៅតំបន់ប៉ោយប៉ែត និងមានប្រពន្ធម្នាក់ទៀត ចំណែកម្ដាយកុមារីរងគ្រោះក៏មានប្ដីម្នាក់ទៀតដែរ គឺជនអគតិឈ្មោះផាត ថា នេះ ។ តាមប្រភពថា ទើបតែពេលថ្មីៗនេះប៉ុណ្ណោះដែលបុរសជាឪពុកបង្កើតកុមារីរងគ្រោះនាំប្រពន្ធក្រោយមករស់នៅក្នុងភូមិស្លាកែតវិញទើបកូនប្រុសរត់ទៅប្រាប់ឪពុកឱ្យជួយប្អូនស្រីរបស់ខ្លួន ៕
ចែករំលែកព័តមាននេះ