ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកទឹកផុស ចាប់ខ្លួននៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៧ តុលា ឆ្នាំ២០១៤ នៅចំណុចខ្ទមស្រែតំបន់ទឹកចែក ស្ថិតក្នុងភូមិកោះខ្ទុំ ឃុំទួលខ្ពស់ បន្ទាប់ពីបានរត់គេចខ្លួនមួយយប់ក្រោយការកាប់សម្លាប់ជនរងគ្រោះ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង កាលពីថ្ងៃទី០៦ តុលា នៅក្នុងភូមិត្រពាំងស្មាច់ ឃុំទួលខ្ពស់ ស្រុកទឹកផុស ខណៈជនរងគ្រោះកំពុងអង្គុយផឹកស៊ីមើលទូរទស្សន៏ នៅផ្ទះអ្នកលក់ស្រាជិតផ្ទះ។
លោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស ឱ្យដឹងថា ជនសង្ស័យរូបនោះមានឈ្មោះស៊ូ អែល អាយុ៤៣ឆ្នាំ ចំណែកជនរងគ្រោះមានឈ្មោះ សុខ សុផាត អាយុ៤៤ឆ្នាំ ។ ទាំង២នាក់មានទីលំនៅភូមិឃុំជាមួយគ្នា។ មុនពេលកើតហេតុ ជនរងគ្រោះមានគ្នា៣នាក់ កំពុងផឹកស៊ីនៅផ្ទះលក់ស្រាឈ្មោះ ស៊ូ គឹមឡុង ។ នៅពេលកំពុងផឹកស្រានោះ ជនដៃដល់បានជិះម៉ូតូចាក់សាំង ហើយបានរអ៊ូថាយ៉ាប់ណាស់ ម៉ូតូឱ្យតែឯងជិះអស់សាំងតែម្តង ។ ពេលនោះជនរងគ្រោះដែលកំពុងផឹកនៅផ្ទះខាងលើតបថា អស់សាំងអីអ្ហា! មកចាក់សាំងនេះមក ។ ពេលនោះជនដៃដល់មិនបានតបតអ្វីទេ តែបានត្រឡប់ទៅផ្ទះវិញ បន្ទាប់មកបានទាញកាំបិតផ្គាក់មកដល់ កាប់ជនរងគ្រោះជាច្រើនកាំបិត បណ្តាលឱ្យដួលស្លាប់នៅនឹងកន្លែងតែម្តង ។ ប្រភពដដែលបន្តថា ក្រោយកាប់ជនរងគ្រោះហើយជនសង្ស័យបានរត់គេចខ្លួនទៅខ្ទមចំការបាត់មួយយប់ លុះព្រឹកឡើងមន្ត្រីនគរបាលមូលដ្ឋាន សហការជាមួយមន្ត្រីនគរបាលខេត្ត
ស្រាវជ្រាវ និងចាប់ខ្លួនបានខណៈជនសង្ស័យគេចទៅលាក់ខ្លួននៅខ្ទមចំការរបស់ខ្លួន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើនេះបានសារភាពថាខ្លួនមានគំនុំជាមួយជនរងគ្រោះយូរហើយ ព្រោះជនរងគ្រោះជាអ្នកចេះអំពើអាបធ្មប់ ។ ក្រុមគ្រួសារគេព្យាបាលជំងឺមួយឆ្នាំៗអស់រាប់លានរៀល ។ រូបគេបានព្យាយាមកាប់ឈ្មោះ សុខ សុផាត នេះជាច្រើនលើកមកហើយតែមិនបានសម្រេច ទើបលើកនេះមានឱកាសខណៈជនរងគ្រោះភ្លេចខ្លួនក៏ទៅកាប់សម្លាប់តែម្តង។
ទោះបីបែបនេះក្តី លោក ប៉ុល វិទ្ឋី ស្នងការរងទទួលបន្ទុកការិយាល័យកណ្តាលយុត្តិធម៏ នៃស្នងការដ្ឋាននគរបាលខេត្ត បាននិយាយថា ផ្អែកតាមសាក្សី និងការស្រាវជ្រាវជនរងគ្រោះ ជាអតីតចៅអធិការវត្ត និងក្រោយសឹកពីបួសដើរធ្វើតែធ្វើបុណ្យទាន និងសូត្រធម៌ក្នុងវត្តដូចជាអាចារ្យទៅហើយ រឿងអីថាជា មនុស្សចេះធ្មប់ ពេលនេះលោកកំពុងស្រាវជ្រាវមើលថាតើពាក្យចេះអំពើអាបធ្មប់នេះចេញពីប្រភពណា ព្រោះបើមិនអញ្ចឹងពេលខឹងគ្នាចេះតែចោទអំពើអាបធ្មប់អញ្ចឹងមនុស្សស្លាប់អស់ហើយ ៕
ចែករំលែកព័តមាននេះ