ខេត្តត្បូងឃ្មុំ ៖ បុរសអ្នកបើករថយន្តដឹកដីលក់ម្នាក់ជាខ្មែរអ៊ិស្លាម ឈ្មោះ ឯល អីសា អាយុ៤២ឆ្នាំនៅភូមិសែនចំរើន ឃុំសេដា ស្រុកតំបែរ ត្រូវបានអ្នកជំពាក់លុយល្បួងផឹកស៊ី រហូតដល់ស្រវឹងក៏បាញ់ត្រូវ១គ្រាប់ចំភ្លៅឆ្វេងធ្លាយមកភ្លៅស្តាំ ក្នុងចេតនាប៉ងសម្លាប់ តែមិនស្លាប់គ្រាន់តែរងរបួសធ្ងន់ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រហែល ១រសៀលថ្ងៃទី ៣ តុលា ២០១៤ ត្រូវបានប្រពន្ធដឹកមកសង្រ្គោះជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ចំនែកជនកំណាចនោះបានបើករថយន្តរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងតែតាមប្រមាញ់ចាប់ខ្លួន ។
អ្នកស្រីឈ្មោះ យ៉ា រ៉ម៉ី អាយុ២៧ឆ្នាំ ប្រពន្ធបុរសរងគ្រោះបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៧ព្រឹកថ្ងៃខាងលើប្តីរបស់គាត់បានបើករថយន្ត ទៅទារលុយពីបុរសឈ្មោះ ភ័ណ្ឌ ដែលជំពាក់ថ្លៃចាក់ដីចំនួន៥០០ដុល្លារ ខណៈពេលដែលទៅដល់ផ្ទះនោះមិនត្រូវបានបុរសនោះ ឲ្យលុយឡើយថែមទាំងបានបបួលប្តីគាត់ផឹកស្រាបៀរ អស់ជាច្រើនកំប៉ុង ។ អ្នកស្រីយ៉ា រ៉ម៉ី បានប្រាប់បន្តាថា ដោយសារតែបាត់ប្តីយូរពេកមិនឃើញមកផ្ទះ គាត់បានទូរស័ព្ទទៅសួរនាំប្តីឮសូរសំលេងប្រកែកគ្នាទៅវិញមក ដឹងមិនស្រួលក៏ជិះម៉ូតូទៅតាមប្តី ពេលដែលទៅដល់ផ្ទះបុរសនោះឃើញប្តីផឹកស្រាអស់ជាច្រើនកំប៉ុង ។ ហើយឈ្មោះ ភ័ណ្ឌ បានទារលុយពីប្តីគាត់ឲ្យលុយចំនួន២០ម៉ឺនរៀល បែរជាត្រូវបានបុរសនោះ យកលុយហែកចោលថែមទៀត ត្រូវបានប្តីគាត់ថាភ័ណ្ឌឯងហែកលុយនេះមានន័យថា ហាក់បីដូចជាមើលងាយជាតិសាសន៍របស់យើង ។
បន្ទាប់មកបុរសនោះបានដើរឡើងទៅលើផ្ទះហើយចុះមកវិញ កាន់កាំភ្លើងអាកាបាញ់សំដៅលើប្តីគាត់ ត្រូវ១គ្រាប់ចំភ្លៅហូរឈាមកក្លាក់នៅម៉ោងប្រហែល១ រសៀល ថ្ងៃខាងលើ ហើយបុរសនោះបានឡើងលើរថយន្ត បំរុងនឹងរីយែបំបុកឲ្យស្លាប់ តែគាត់បានចាប់ទាញប្តីអូសឡើងលើគ្រែដាក់ក្នុងរោង ។ មិនអស់ចិត្តភ្ជង់ កំញើញបាញ់បន្ថែមទៀត តែគាត់បានលើកដៃសំពះអង្វរឡើងលិចរាគនោម រួចក៏បានបើករថយន្តគេចខ្លួនបាត់តែម្តង ចំពោះទង្វើនេះសូមប្តឹងទៅសមត្ថកិច្ចឲ្យចាត់វិធានការ តាមច្បាប់និងទារសំណងចង្ងឺចិត្តជាង១ម៉ឺនដុល្លារ ។
លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ ប្រាប់តាមទូរស័ព្ទឲ្យដឹងថា ក្នុងករណីនេះជនបង្កបានរត់គេចខ្លួនបាត់ចេញពីមូលដ្ឋានរហូតដល់ម៉ោងជាង៥ល្ងាច នូវតែមិនទាន់ត្រូវបានចាប់ខ្លូនតែសមត្ថកិច្ច កំពុងតែតាមប្រមាញ់ផងដែរ ។
ចែករំលែកព័តមាននេះ