ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ និងបានស្លាប់ក្រោយពេលដឹកទៅសង្គ្រោះនៅមន្ទីរខេត្ត ដែលករណីនេះមន្ត្រីនគរបាលបានសន្និដ្ឋានជាជំហានដំបូងថា សង្ស័យជាករណីប្លន់យកប្រាក់ ។
ហេតុការណ៍នេះបានកើតឡើងការពីវលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី០១ តុលា ២០១៤ នៅចំណុចជើងភ្នំត្រពាំងមាស ស្ថិតក្នុងភូមិត្រពាំងមាស ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
លោក ជាង សុវណ្ណារិទ្ឋ អធិការស្រុកបរិបូរណ៍បាននិយាយថា ស្ត្រីរងគ្រោះរូបនោះមានឈ្មោះវ៉ាន់ យៀង អាយុ៥៧ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅក្នុងភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ។ ស្ត្រីរូបនោះ មានកូន៦នាក់ ប្រុស៣ ស្រី៣ ប៉ុន្តែកូនបានបែកមានប្តីប្រពន្ធអស់ហើយ និងខ្លះទៅធ្វើការនៅប្រទេសថៃ ។ មុនពេលស្លាប់ ស្ត្រីរងគ្រោះរស់នៅជាមួយកូនប្រុសចិញ្ចឹមម្នាក់ឈ្មោះរ៉ា អាយុ២១ឆ្នាំ ប្រកបរបរវ៉ៃថ្មភ្នំលក់យកប្រាក់ នៅស្រុកកំពង់លែង តែពេលនេះកូនប្រុសចិញ្ចឹមរូបនោះបានរត់គេចខ្លួនបាត់ហើយ។ ។
លោកអធិការបានបន្តថា លោកមិនបានដឹងថា រឿងហេតុកើតឡើងរបៀបណានោះទេ ព្រោះវាបានកើតឡើងនៅស្រុកកំពង់លែង ។ ប៉ុន្តែនៅព្រឹកថ្ងៃទី០២ តុលា ២០១៤នេះ មន្ត្រីនគរបាលបច្ចេកទេសបានទៅពិនិត្យសពស្ត្រីរងគ្រោះនៅលំនៅឋានបានឃើញមានស្នាមមុតជ្រៅនៅក្រោមត្រចៀក ដែលពេទ្យបានដេរ៣ថ្នេរ និងមានស្នាមបាក់ឆ្អឹងជំនីចំនួន២ ហើយនៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញដំបងមួយកំណាត់ និងដែកថ្នាំងអំពៅ១កំណាត់ ដែលសមត្ថកិច្ចសង្ស័យថា ស្ត្រីរងគ្រោះត្រូវជនសង្ស័យវាយប្លន់យកប្រាក់។
លោក ឈឺន សុធី មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ដែលបានចុះទៅពិនិត្យកន្លែងកើតហេតុបាននិយាយថា ចំពោះរឿងកូនចិញ្ចឹម ឬកូនធម៌ស្អីនោះគ្រាន់តែជាពាក្យឡប់ឡែខាងក្រៅទេ តាមពិតអ្នកទាំង២បានយកគ្នាជាប្តីប្រពន្ធលួចលាក់យូរឆ្នាំហើយ៕
ចែករំលែកព័តមាននេះ