ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចស្រុកវាលវែងធ្វើការឃាត់ខ្លួនបុរសម្នាក់ជា អ្នកស៊ីឈ្នួលចាំចម្ការកញ្ឆាឱ្យគេ កាលពីវេលាម៉ោង០១ និង៣០នាទីរសៀលថ្ងៃទី០១ តុលា ២០១៤ ស្ថិតនៅចំណុចភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ដោយរឹបអូសកញ្ឆាបានចំនួនមួយគីឡូក្រាមផងដែរ ។
ប្រភពឱ្យដឹងថា បុរសខាងលើឈ្មោះសោ រិទ្ធី អាយុ៣៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
លោកវរសេនីយ៍ត្រីធាង ឡេង អធិការនគរបាលស្រុកវាលវែងឱ្យដឹងថា មុននោះប៉ុន្មានថ្ងៃ មានប្រជាពលរដ្ឋបានទៅរាយការណ៍ថា នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែងក្នុងដីចម្ការមួយកន្លែង មានដាំដើមកញ្ឆាជាច្រើនដើម ។ ដោយដឹងថា ដើមកញ្ឆាជាប្រភេទគ្រឿងញៀន ដែលច្បាប់ហាមឃាត់មិនឱ្យដាំ ទើបនៅវេលារសៀល លោកបានដឹកនាំកម្លាំងនគរបាលស្រុក និងនគរបាលប៉ុស្តិ៍អន្លង់រាប ចុះទៅដល់ចម្ការកញ្ឆានោះ ដោយឃើញបុរសម្នាក់កំពុងចាំមើលថែទាំនៅទីនោះ ។
សមត្ថកិច្ច បានឃាត់ខ្លួន និងធ្វើការសួរនាំ រួមជាមួយកញ្ឆាស្ងួតទម្ងន់១២គីឡូក្រាមផងដែរ ។ ចំពោះដើមកញ្ឆាស្រស់ចំនួន៤០០ដើមទៀតក្នុងចម្ការ ត្រូវកម្លាំងយើងកាប់និងដុតចោលគ្មានសល់នៅនឹងកន្លែងកើតហេតុ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ