ខេត្តសៀមរាប ៖ តុលាការខេត្តសៀមរាប កាលពីថ្ងៃទី២១ កញ្ញា ២០១៤ បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យដែលតាំងខ្លួនជាតាបសម្នាក់ដោយចោទពីបទប្រទូស្តកេរ្តិ៍ ទៅលើអនីតិជនអាយុក្រោម១៥ឆ្នាំចំនួន២នាក់ ខណៈពេលដែលជននេះដើរបិណ្ឌបាត្រ រួចសុំផ្ទះអ្នកស្រុកស្នាក់នៅមួយរយៈ ហើយក៏ឆ្លៀតឱកាសលួងលោមក្មេងស្រីចំនួន២នាក់ឲ្យដោះសម្លៀកបំពាក់ រួចផ្លុំសិល្ប៍ដោយប្រើមាត់។
ជនសង្ស័យដែលតាំងខ្លួនជាតាបសត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទៅតាមពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២០ កញ្ញា ២០១៤ នៅបន្ទប់កន្លែងកើតហេតុ ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ម្តុំក្រោយ សាលារៀនបន្ទាយចាស់។
ជនជាប់សង្ស័យដែលតាំងខ្លួនជាតាបស មានឈ្មោះឈុំ សូរិយៈពន្លៈ អាយុ៣៦ឆ្នាំ ស្រុកកំណើតនៅភូមិដូនតុក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ។ ជននេះត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ ហើយចៅក្រមសម្រេចឃុំខ្លួនតាមដីកាលេខ៥១៣ /២០១៤ ចុះថ្ងៃទី២១-០៩-២០១៤ ចុះហត្ថលេខាដោយចៅក្រមស៊ើបសួរ លោកហុក ពៅ។
នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបានឲ្យដឹងថា ម្តាយក្មេងស្រីរងគ្រោះបានរៀបរាប់ថា ដំបូងឡើយតាបសរូបនោះបានដើរបិណ្ឌបាត្រនៅម្តុំផ្ទះ របស់គាត់។ ក្នុងពេលបិណ្ឌបាត្រ រូបគេបានសុំផ្ទះគាត់ស្នាក់នៅពីរថ្ងៃមុនចាកចេញពីកម្ពុជាឆ្ពោះទៅប្រទេសឥណ្ឌា។ ថ្ងៃទី១ តាបសបានបង្ហាញអំពីមន្តអាគមរបស់ខ្លួនថា ខ្លួនពូកែ តែស្នាក់នៅជាធម្មតា លុះថ្ងៃទី២នៅម៉ោងកើតហេតុ ស្របពេលមិនមានមនុស្សចាស់នៅផ្ទះ តាបសនោះក៏បាននាំក្មេងស្រីពីរនាក់ ម្នាក់អាយុ៨ឆ្នាំ និងម្នាក់អាយុ៩ឆ្នាំឲ្យដោះសម្លៀកបំពាក់ចេញ ហើយដេកផ្ងារ ដោយយកស្បង់ចីវរតូចៗរបស់តាបសគ្របលើខ្លួន។ ក្រោយមកក្មេងស្រីទាំងពីរយល់ព្រមធ្វើតាម តាបសបានយកមាត់របស់ខ្លួនទៅជញ្ជប់មាត់ និងរាងកាយ ក្មេងស្រីទាំងពីរម្តងម្នាក់ៗ ដើម្បីផ្លុំបញ្ចូលសិល្ប៍។
លោកបន្តថា ករណីនេះបើតាមគ្រូសិល្ប៍នេះបានអះអាងថា ការបញ្ចូលសិល្ប៍បែបនេះវាជារឿងធម្មតា ប៉ុន្តែផ្ទុយទៅវិញបើតាមផ្លូវច្បាប់របស់ប្រទេសកម្ពុជា គឺជនដែលប្រព្រឹត្តបែបនេះត្រូវមានទោសជាក់ជាមិនខាន គ្រាន់តែស្រាល និងធ្ងន់ប៉ុណ្ណោះ ហើយជននេះត្រូវបានចោទប្រកាន់ពីបទប្រទូសកេរ្តិ៍ទៅលើក្មេងស្រីអាយុក្រោម១៥ឆ្នាំ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ