ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ខឹងសុំលុយម្តាយ២ម៉ឺនរៀលមិនបាន ក៏យកកូនកាំបិតចិតបន្លែចាក់បំពង់.កប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងតែត្រូវបានអ្នកជិតខាងឃើញទាន់ ក៏នាំគ្នាចាប់យកកូនកាំបិតវិញ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៣ កញ្ញា ២០១៤ ស្ថិតនៅក្នុងភូមិអូរចិញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ។
ប្រភពបានឱ្យដឹងថា បុរសដែលប៉ងធ្វើអត្តឃាតឈ្មោះគាវ សុជា អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
បើតាមសម្តីប្រពន្ធបានឱ្យដឹងថា រូបគាត់មានកូន៣នាក់ (ប្រុសទាំង៣) ជាគ្រួសាក្រីក្រណាស់ ដោយសារតែប្តីរូបនេះ មិនគិតពីការងាររកស៊ី កាលពីកន្លងទៅ ប្តីរូបនេះប្រព្រឹត្តប្រើគ្រឿងញៀន ពេលដាច់ពីគ្រឿងញៀនចេះតែដើរផឹកស្រា ដោយមិនគិតពីប្រពន្ធកូនខ្វះខាតជីវភាពរស់នៅទេ ទុកឱ្យរូបគាត់ជាប្រពន្ធដើរបោកគក់ខោអាវឱ្យគេបានលុយកាក់បន្តិបន្តួចមកចិញ្ចឹមជីវិត ។
គាត់បន្តថា មុនពេលកើតហេតុ ប្តីគាត់ដើរទៅផ្ទះម៉ែបង្កើតដ ដើម្បីទៅសុំលុយ២ម៉ឺនរៀល តែម៉ែមិនឱ្យ ក៏ត្រឡប់មកផ្ទះវិញ ហើយបានសុំលុយគាត់១ម៉ឺនរៀលទៅទិញស្រាផឹក ពេលផឹកអស់ចំនួន៤កំប៉ុង ស្រាប់តែយកកូនកាំបិតមកចាក់បំពង់.កជាប់ បន្ទាប់មករូបគាត់បានស្រែកឱ្យអ្នកជិតខាងជួយមកចាប់ដកយកកាំបិតវិញ និងនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនក្នុងស្រុកអន្លង់វែង តែដោយសាររបួសធ្ងន់ធ្ងរ ពេកបានបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាបវិញ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ