ចាប៉ីជាពាក្យយារមកបីពាក្យសំស្ក្រឹតថា ចក្ឆប៉ី ។
ហៅឈ្មោះថា ចាប៉ីដងវែង មកពីចាប៉ី នេះមានដងវែងទន្ទាំ ។ ចាប៉ីនេះមានមុខងារ សំខាន់៤យ៉ាងគឺ ៖
ទី១-សំខាន់ក្នុងវង់ភ្លេងអារក្ស ដោយគេយកឧបករណ៍នេះទៅប្រគំចូលជាមួយឧបករណ៍ដទៃទៀតក្នុងពេលលៀងអារក្សម្ដងៗតាំងពីសម័យយូរលង់ណាស់មកហើយ ។
ទី២-សំខាន់ក្នុងវង់ភ្លេងការបុរាណដែលជាប្រពៃណីរបស់ដូនតាយើងតាំងពីរាប់ពាន់ឆ្នាំមកហើយ ។
ទី៣-សំខាន់សំរាប់កំដរចំរៀងបែបកំណាព្យ ដែលអ្នកច្រៀងត្រេះផងច្រៀងផងមានប្រជាប្រិយបំផុត ។
ទី៤-សំខាន់ក្នុងវង់ភ្លេងមហោរីសម័យដំបូងបង្អស់ ប៉ុន្ដែសម័យបច្ចុប្បន្ននេះ ចាប៉ីដងវែងគ្មានវត្ដមានក្នុងវង់ភ្លេងមហោរីនេះទៀតទេ ។
ចាប៉ីដងវែងរបស់យើងមានលក្ខណៈដូចជា ៖
ដងទាំងវែងចែកចេញជា២ឈ្មោះ គឺដង និងប្រពែ ។ ប្រពែគឺ ចាប់ពីព្រលួតទៅផ្នែកខាងចុង រីឯដង គឺចាប់ពីព្រលួតទៅទល់នឹងប្រអប់សំនៀង ។ ដងធ្វើអំពីដើមក្រសាំង កាលពីសម័យដើម ប៉ុន្ដែបច្ចុប្បន្ននេះគេយកឈើដទៃទៀតដែលមានគុណភាពប្រហាក់ប្រហែលនឹងដើមក្រសាំងមកធ្វើ ។
ព្រលួត (បង្គាន) មាន២, ៣ ឬ៤ ចាប៉ី ខ្លះមានព្រលួត២សំរាប់រឹតខ្សែសំនៀង២, ចាប៉ីខ្លះមានព្រលួត៤ គឺសំរាប់រឹតខ្សែសំនៀង ទាំង៤ឱ្យមានសំនៀងតែ២ ដូចចាប៉ីដែលមានព្រលួត២ដែរ ។ ព្រលួតទាំងអស់នោះធ្វើអំពីឈើរឹងដូចជាឈើនាងនួន ឈើគ្រញូង។ល។ មានទំហំ និងប្រវែងប៉ុនៗគ្នា ។
ធរណី គឺជាខ្ទង់ខ្ពស់ជាងខ្ទង់ដទៃ ដែលស្ថិតនៅកៀកនឹងព្រលួតសំរាប់ទ្រខ្សែសំនៀងឱ្យផុតពីខ្ទង់ទាំងឡាយ ។ ធរណីនេះច្រើនតែបញ្ចុះក្បាច់ក្បូរលំអ ។
ខ្ទង់មានចំនួន១២ដែលតូចធំ ទាបខ្ពស់ ជាងគ្នាជាលំដាប់លំដោយមានចន្លោះពីមួយទៅមួយតាមកំរិតសំនៀងរបស់ខ្លួន ។ គ្រប់ខ្ទង់ទាំងអស់មានចោះប្រហោងចំកណ្ដាលសំរាប់ដោតខ្សែការពារជ្រុះបាត់ ។ ខ្ទង់ចាប៉ី គ្រប់ចាប៉ីទាំងអស់មិនបិទជាប់ទៅនឹងដងមួយកន្លែងទេ ព្រោះងាយនឹងរុះរើបិទភ្លាមៗ មុនពេលប្រគំបានជាយ៉ាងនេះមកពីកាលណាបន្ទះកំណល់តូចស្ដើង ដែលដាក់កល់ខ្សែត្រង់លើក្រាញ (គីង្គក់) ខិតចុះឡើងដើម្បីរាវរកសំនៀងត្រែងៗ ដែលជាលក្ខណៈសំនៀងរបស់ចាប៉ីដងវែងធ្វើឱ្យខ្ទង់ទាំងឡាយនោះ ត្រូវតែរុះរើភ្លាមៗ ដើម្បីរាវរកសំនៀងចំរបស់ខ្លួន ។ គេច្រើនយកឈើរឹង ឬឆ្អឹងមកធ្វើ ខ្ទង់ ជួនកាលគេយកខ្ទង់ឫស្សីរឹងមកបិទបន្ដុបពីលើខ្ទង់ទៀត ដើម្បីចៀសវាងការសឹករឹលឆាប់ពេក ។
ស្នូក ឬប្រអប់សំនៀងមានរាងដូចផ្លែ ម្នាស់ ស្នូកខ្លះទៀតមានរាងស្ទើរជ្រុងស្ទើរ មូល ។ កាលពីសម័យដើម គេយកដើមរាំង មកធ្វើស្នូក បច្ចុប្បន្ននេះគេយកប្រភេទឈើ ដែលមានគុណភាពប្រហាក់ប្រហែលនឹងដើម រាំងមកធ្វើ ។
សន្ទះធ្វើអំពីដើមខ្ទុម្ព ដើមរលួស ដើម ពពូលថ្ម ឬប្រភេទឈើស្រាលផ្សេងៗទៀត ។
ក្រាញ (គីង្គក់) ធ្វើអំពីឈើធ្នង់ ឬឈើ ផ្សេងទៀត ដែលមានគុណភាពផ្ដល់សំនៀង បានល្អដូចគ្នា ។
ចាប៉ីដងវែង មានខ្សែ២ ឬ៤ ប៉ុន្ដែខ្សែ៤ មានសំនៀងតែ២ទេ ។ ខ្សែទី១ តូចឈ្មោះថា ខ្សែឯក ខ្សែទី២ធំឈ្មោះថា ខ្សែ គ ។ ខ្សែ ទាំង២នេះកាលពីសម័យដើមធ្វើអំពីសរសៃ សូត្រវេញចូលគ្នា ប៉ុន្ដែបច្ចុប្បន្នគេយកខ្សែជ័រ នីឡុងមកប្រើជំនួសវិញ ។
ក្រចកសំរាប់ត្រេះធ្វើអំពីបន្ទះស្នែងតូច ស្ដើងវែង ដូចជាស្នែងគោ ឬក្របី។ល។
ចាប៉ីដងវែងមានលក្ខណៈពិសេសក្នុងការ ប្រើសំនៀងត្រួតជាងសំនៀងរាយ ។ នៅ ពេលប្រគំបទណាក៏ដូចជាបទណាដែរ គេតែង តែត្រេះខ្សែទាំង២ស្មើគ្នា ប៉ុន្ដែលំនាំសាច់បទ គឺស្ថិតនៅលើខ្សែឯកដោយគេប្រើម្រាមដៃ ចុចចុះចុចឡើង ទៅតាមលំនាំនៅលើខ្សែនេះ រីឯខ្សែ គ គេត្រេះបង្ហើរចោលសំរាប់ជួយបន្ទរ សាច់បទប៉ុណ្ណោះ ។
ប្រសិនបើគេចង់បានចាប៉ីដងវែងឱ្យមាន សំនៀងល្អ ឮខ្លាំង គេត្រូវធ្វើវាតាមពាក្យ ស្លោកចាស់បុរាណថា “ស្នូករាំង ដងក្រសាំង សន្ទះខ្ទុម្ព គីង្គក់ធ្នង់ ខ្ទង់ឆ្អឹង” ។
ការបង្រៀនចាប៉ីដងវែងពីម្នាក់ទៅម្នាក់ ទៀត គេតែងតែប្រើភាសាចាប៉ីថា “ត្រែង ទីងត្រែង ទីរីរែង ទីងត្រែង ទីងទីងត្រែង ទីរី រែង ទីងត្រែង” ។
តាមគំនិតចាស់បុរាណបានឱ្យនិមិត្ដរូបលើ ឧបករណ៍នេះថា “ស្នូកតំណាងក្បាលនាគ ដង តំណាងខ្លួននាគ ប្រពែតំណាងកន្ទុយនាគ” ៕ (ស្រាវជ្រាវចងក្រងដោយលោក ហ៊ុន សារិន សាស្រ្តាចារ្យសិល្បៈតន្រ្តី)
ចែករំលែកព័តមាននេះ