ខេត្តសៀមរាប៖ លោកគួន មាឃ គឺជាអ្នកជំនាញផលិតខ្មុកម្រ័ក្សណ៍ម្នាក់ មានកំណើតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប ។ លោកមាននិស្ស័យចូលចិត្តវត្ថុសិល្បៈខ្មែរនេះ និងមានទេពកោសល្យផលិតយ៉ាងវិចិត្រ ។
ក្ដី«ស្រឡាញ់» ជំរុញឱ្យលោកគួន មាឃ ក្លាយជាអ្នកជំនាញផលិតខ្មុកម្រ័ក្សណ៍ ។ ដោយទឹកចិត្តស្រឡាញ់ប្រាសាទបុរាណខ្មែរ លោកបានដើរមើលប្រាសាទតាំងពីវ័យកុមារ ។ ដោយចិត្តស្រឡាញ់ដដែលនោះ លោកចាប់ផ្ដើមគូរគំនូរប្រាសាទ និងក្បាច់លម្អនានា ដែលឆ្លាក់នៅលើជញ្ជាំងប្រាសាទ ។
បើតាមវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ដោយក្ដីស្រឡាញ់ចំពោះក្បាច់លម្អបុរាណ ជាពិសេសគ្រឿងលម្អកាយលើចម្លាក់អប្សរ លោកគួន មាឃ បានតាំងចិត្តផលិតជាគ្រឿងលម្អរូបពិត ដែលអាចពាក់បាន ដោយចម្លងតាមក្បាច់សិល្បៈនៅតាមប្រាសាទបុរាណ ក្នុងតំបន់អង្គរ ខេត្តសៀមរាប ។
ខ្មុកម្រ័ក្សណ៍ គឺជាមុខរបរចិញ្ចឹមជីវិតរបស់លោកគួន មាឃ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺការរក្សាលក្ខណៈដើមនៃក្បាច់សិល្បៈបុរាណខ្មែរ ដែលដូនតាបានបន្សល់ទុក ដោយមិនចម្លងពីសិល្បៈសាសន៍ដទៃឡើយ ។
សម្រាប់លោកគួន មាឃ ស្នាដៃខ្មុកម្រ័ក្សណ៍ មិនត្រឹមតែជាការងារសម្រាប់ចិញ្ចឹមជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមថែរក្សា និងបន្តព្រលឹងសិល្បៈបុរាណខ្មែរ ឱ្យស្ថិតស្ថេរតទៅមុខទៀត ។
បើតាមឯកសារមួយពណ៌នាថា ខ្មុកម្រ័ក្សណ៍ ឬរបាំងមុខ គឺជាវត្ថុសិល្បៈបុរាណខ្មែរមួយប្រភេទដែលទទួលបានការពេញនិយមនាអំឡុងសម័យលង្វែកដែលគេធ្វើភាគច្រើនគឺសម្រាប់តួអង្គនៅក្នុងរឿងរាមកេរ្តិ៍ នៃល្ខោនខោលខ្មែរ និងរបាំបុរាណរាមឥសូរ មានដូចជាហនុមាន ព្រះរាម ព្រះលក្ខណ៍ ក្រុងរាពណ៍ ពលស្វា ពលយក្សជាដើម ។
មុននឹងចាប់ផ្តើមធ្វើខ្មុកមួយបានគេត្រូវឈ្វេងយល់ជាមុនសិនថា តើគេចង់ធ្វើខ្មុកសម្រាប់តួអង្គមួយណា ។ វាជាការចាំបាច់ណាស់ក្នុងការយល់ពីទម្រង់មុខរបស់តួអង្គឲ្យបានច្បាស់លាស់ ហើយដើម្បីយល់ពីទម្រង់មុខរបស់តួអង្គមួយបានគេត្រូវគូររូបរបស់តួអង្គនោះដាក់ទៅលើក្រដាសជាមុនសិន ។ បន្ទាប់មកគេចាប់ផ្តើមធ្វើពុម្ពសម្រាប់ខ្មុកតួអង្គនោះ ។
ពុម្ពសម្រាប់ធ្វើខ្មុកមានពីរប្រភេទ គឺពុម្ពញី និងពុម្ពឈ្មោល ប៉ុន្តែខ្មែរយើងនិយមប្រើពុម្ពញីច្រើនជាងពុម្ពឈ្មោលដោយហេតុថាវាអាចប្រើប្រាស់បានយូរជាង ៕











ចែករំលែកព័តមាននេះ