រាជធានីភ្នំពេញ ៖ ប្រធានសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានសមាគមលោកជំទាវសន្យាចំពោះអ្នកសិល្បៈ ជាពិសេសអ្នកដែលបានលះបង់កម្លាំងកាយចិត្ត និងចំណាយពេលវេលាក្នុងជីវិតរបស់ខ្លួន ដើម្បីអភិរក្សវប្បធម៌ និងអត្តសញ្ញាណរបស់យើងនឹងមិនត្រូវបានបំភ្លេចឡើយ ។

នេះជាការលើកឡើងរបស់លោកជំទាវឧកញ៉ា ប្រធានសមាគមសិល្បករខ្មែរក្នុងពេលដែលសមាគមសិល្បករខ្មែរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ក្នុងភាពជាដៃជាមួយមន្ទីរពេទ្យមួយដែលបានធ្វើឡើងកាលពីពេលថ្មីនេះ ។
លោកជំទាវឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បៈករខ្មែរ បានចាត់ទុកសកម្មភាពនេះបង្ហាញពីការប្ដេជ្ញាចិត្តរួមគ្នា ដើម្បីគាំទ្រដល់សុខភាព និងសុខុមាលភាពរបស់បងប្អូនសិល្បករខ្មែរយើង ក៏ដូចជាលើកកម្ពស់ការយល់ដឹងពីសុខភាពកាន់តែប្រសើរសម្រាប់ប្រជាជនយើងផងដែរ ។

លោកជំទាវបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់នេះ បានក្លាយជាសមិទ្ធផលពោរពេញដោយអត្ថន័យថ្មីមួយទៀតក្នុងដំណើរផ្លូវរបស់យើង ខណៈពេលសម្រាប់លោកជំទាវកាយវិការនេះ គឺលើសពីភាពជាដៃគូទៅទៀត ពោលគឺជាការផ្ដល់នូវសន្យាមួយច្បាស់លាស់មួយ។
ស្ថិតក្នុងឱកាសនេះដែរក៏បានសន្យាថា សិល្បករយើង ជាពិសេស អ្នកដែលបានលះបង់កម្លាំងកាយចិត្ត និងចំណាយពេលវេលាក្នុងជីវិតរបស់ខ្លួន ដើម្បីអភិរក្សវប្បធម៌ និងអត្តសញ្ញាណរបស់យើង នឹងមិនត្រូវបានបំភ្លេចឡើយ ។ ក្នុងនោះ ទាំងសេចក្ដីថ្លៃថ្នូរ សុខុមាលភាព និងការលះបង់របស់ពួកគាត់មិនគ្រាន់ទទួលបាននូវការគោរពដឹងគុណនោះទេ ថែមទាំងទទួលបាននូវការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ផងដែរ។

លោកជំទាវប្រធានសមាគមសិល្បៈករខ្មែរអះអាងថា នាងខ្ញុំពិតជាជឿជាក់កាលណាសិល្បៈ និងសកម្មភាពមនុស្សធម៌ដើរទន្ទឹមគ្នា យើងមិនគ្រាន់តែកសាងបាននូវសហគមន៍សិល្បៈមួយកាន់តែរឹងមាំនោះទេ ពោលគឺសង្គមយើងក៏រឹងមាំផងដែរសម្រាប់អនាគតអ្នកជំនាន់ក្រោយៗទៀត ។
ដោយឡែក ក្នុងពិធីនោះផងដែរ លោកឧកញ៉ា គិត លីច័ន្ទផាន់ណា អនុប្រធាន និងជាទីប្រឹក្សាជាន់ខ្ពស់សមាគមសិល្បករខ្មែរក៏បានលើកឡើងដែរថា កិច្ចសហការនេះ គឺជាការបង្ហាញពីឆន្ទៈរួមក្នុងការលើកកម្ពស់គុណភាពជីវិត និងការទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាពសម្រាប់សិល្បករ សិល្បការិនីទូទាំងប្រទេស ជាពិសេសសិល្បកររៀមច្បង ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងទេពកោសល្យក្នុងការអភិរក្ស និងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ ។

លោកបានបញ្ជាក់ថា សិល្បករ សិល្បការិនី គឺជាធនធានដ៏មានតម្លៃរបស់សង្គម និងជាអ្នកថែរក្សាអត្តសញ្ញាណជាតិខ្មែរ ហើយការយកចិត្តទុកដាក់លើសុខភាព សេចក្ដីថ្លៃថ្នូរ និងសុខុមាលភាពរបស់ពួកគាត់ គឺជាកាតព្វកិច្ចដែលយើងទាំងអស់គ្នាត្រូវរួមគ្នាគាំពារ និងថែរក្សា ៕



ចែករំលែកព័តមាននេះ