ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​រួចរាល់​ហើយ​! ខ្លោងទ្វារ​ខាងត្បូង​ប្រាសាទតាព្រហ្ម នឹង​​បង្អួត​​សម្រស់​​ឡើង​វិញ​នៅ​ចុងឆ្នាំ​២០២៦នេះ​

3 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​បះ គម្រោង​ជួសជុល​ខ្លោងទ្វារ​ខាងត្បូង​របស់​ប្រាសាទតាព្រហ្ម ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​ស្ថាប័ន​ស្រាវជ្រាវ​បុរាណវិទ្យា​ឥណ្ឌា (ASI) គ្រោង​នឹង​បញ្ចប់​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ​២០២៦ ខាង​មុខ​នេះ​។

គម្រោង​ជួសជុល​ដែល​ចាប់ផ្ដើម​តាំងពី​ដើមឆ្នាំ​២០២៣ រហូត​មក​ដល់​បច្ចុប្បន្ន ដោយ​ក្រុម​អ្នកជំនាញ​បាន​ជួសជុល​ពង្រឹង​គ្រឹះ​នៃ​តួ​ខ្លោងទ្វារ និង​រៀប​ថ្ម​ដាក់​ទីតាំង​ដើម​ឡើង​វិញ​តាម​លំនាំ​ដើម ចាប់ពី​គ្រឹះ និង​ខឿន រហូត​ឡើង​ដល់​កំពូល​ខាងលើ​នៃ​មុខព្រហ្ម សម្រេច​បាន​ប្រមាណ​៧៥​ភាគរយ​។

អ្នកស្រី នេ​ត ស៊ី​មន បុរាណ​វិទូ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ឱ្យ​ដឹង​ថា ការងារ​ជួសជុល​ខ្លោង ទ្វារ​ខាងត្បូង​នៃ​កំពែង​ទី​៥​របស់​ប្រាសាទ តា​ព្រហ្ម តម្រូវ​ឱ្យ​ប្រើ​បច្ចេកទេស អាណា​ស្ទី ឡូ​ស (Anastylosis) ដោយ​មានការ​រុះរើ​រចនាសម្ព័ន្ធ​សំណង់​ទាំងមូល ហើយ​រៀប​ផ្គុំ​ឡើង​វិញ​តាម​លំនាំ​ដើម​។ ដ្បិត​មុន​ជួសជុល រចនាសម្ព័ន្ធ​របស់​ខ្លោងទ្វារ​នេះ បាន​ដួល​រលំ​ទាំងស្រុង ឯ​ថ្ម​ផ្សេង​ៗ​ក៏​ច្របល់​ចូល​គ្នា​។ ដូច្នេះ ក្រុម​អ្នកជំនាញ​បាន​អនុវត្ត​បច្ចេកទេស​តាម​ដំណាក់កាល​នីមួយ​ៗ ដូច​ជា ការ​សម្រង់​ប្លង់ ថតរូប​ស្ថានភាព​មុន​រុះរើ និង​សរសេរ​លេខ​សម្គាល់​លើ​ថ្ម​នីមួយ​ៗ មុន​នឹង​រុះរើ​ថ្ម​។ បន្ទាប់​មក​រុះរើ​ថ្ម​តាម​រួត​នីមួយ​ៗ​រហូត​ដល់​គ្រឹះ​។ ចុះបញ្ជី​ថ្ម​ដែល​រើ​រួច កំណាយ​បុរាណ វិទ្យា​សិក្សា​ពី​ស្ថានភាព​គ្រឹះ និង​ស្វែងរក​ថ្ម​ដែល​កប់​ក្នុង​ដី​។ សិក្សា​ពិសោធន៍​ពី​កំហាប់​របស់​ដី និង​ពិសោធន៍​ថ្មភក់ ព្រមទាំង​ថ្មបាយក្រៀម​។

ចំពោះ​ថ្ម​ដែល​រលុះ​ធ្លាក់​រាយ​ប៉ាយ ក្រុម​អ្នក ជំនាញ​បាន​ស្វែងរក​ដើម្បី​កំណត់​អត្ត សញ្ញាណ រួច​ផ្គុំ​សាកល្បង​រក​ទីតាំង​ដើម​របស់​ថ្ម​ទាំងនោះ​ឡើង​វិញ​។ អ្នកស្រី ស៊ី​មន បញ្ជាក់​ថា ការ​ដួល​រលំ​របស់​តួ​ខ្លោងទ្វារ បាន​បង្ក​ឱ្យ​ថ្ម​មួយ​ចំនួន​បាន​ខូចខាត បាក់បែក​ខូច​គុណ ភាព និង​ថ្ម​មួយ​ចំនួន​បាន​បាត់បង់ សរុប​ប្រមាណ​១៥​ភាគរយ​។ ក្នុង​ការងារ​ជួសជុល និង​ពង្រឹង​រចនាសម្ព័ន្ធ​របស់​តួ​ខ្លោងទ្វារ​ទាំង មូល​ឱ្យ​រឹង​មាំ​ឡើង​វិញ ត្រូវការ​បន្ថែម​ថ្ម​ថ្មី ដើម្បី​ជំនួស​ថ្ម​ដែល​ខូចខាត ឬ​បាត់បង់​ទាំងនោះ​។ ចំពោះ​ការ​ប្រើប្រាស់​ថ្ម​ថ្មី​ជំនួស​ថ្ម​ចាស់​ដែល​បាត់បង់ ឬ​ខូចគុណភាព គឺ​ក្នុង​ករណី មាន​ថ្ម​ចាស់​នៅ​រួត​ខាងលើ ហើយ​រួត​ខាងក្រោម​ថ្ម​ចាស់​បាត់បង់​។ ដូចនេះ​ការ​ប្រើប្រាស់​ថ្ម​ថ្មី​មិន​សម្រាប់​ការ​លម្អ​ទេ គឺ​សម្រាប់​ការ​ទ្រ​រចនាសម្ព័ន្ធ​ថ្ម​ចាស់​ដែល​មាន​ពីលើ និង​ករណី​ការពារ​ជម្រាប​ទឹក​ចូល​គ្រឹះ​តែ​ប៉ុណ្ណោះ​។

អ្នកជំនាញ​រូប​នេះ រំពឹង​ថា ក្រោយ​ពី​បញ្ចប់​ការ​ជួសជុល​តួ​ខ្លោងទ្វារ​នេះ​ទាំងស្រុង ខ្លោងទ្វារ​នេះ នឹង​មាន​ភាព​ពេញលេញ​ឡើង​វិញ ហើយ​មាន​ភាពរឹងមាំ មាន​សោភ័ណ​ភាព ព្រមទាំង​ទាក់ទាញ​ទេសចរ​ផង​។

សូម​បញ្ជាក់​ថា ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​ស្ថាប័ន​បុរាណ វិទ្យា​ឥណ្ឌា ក្នុង​ដំណាក់កាល​ទី​៣​នេះ មាន​គម្រោង​ជួសជុល​ខ្លោងទ្វារ​ខាងត្បូង និង​គម្រោង​ជួសជុល​ខ្លោងទ្វារ​ខាងកើត​នៃ​កំពែង​ទី​៥ របស់​ប្រាសាទតាព្រហ្ម ព្រមទាំង​មាន​គម្រោង​មួយ​ចំនួន​ទៀត រួម​មាន​៖ គម្រោង​ជួសជុល​សាល​របាំ​ផ្នែក​ខាងត្បូង​ឆៀង​ខាង លិច គម្រោង​ជួសជុល​កំពែង​ថ្មបាយក្រៀម​ជុំវិញ​សាល​របាំ​ផ្នែក​ខាងត្បូង និង​ខាងជើង​។

ការ​ជួសជុល ខ្លោងទ្វារ​រោងទង​ទី​៣ ផ្នែក​ខាងកើត ជ្រុង​ខាងជើង ការ​ជួសជុល​ខ្លោងទ្វារ​កណ្តាល​នៃ​រោងទង​ទី​៣ ផ្នែក​ខាងលិច ជួស ជុល​កំពែង​ថ្មបាយក្រៀម​របស់​រោងទង​ទី​៣ ផ្នែក​ខាងជើង និង​ការ​ជួសជុល​កំពែង​ថ្ម​បាយ ក្រៀម​ខាង​នៅ​ខាងលិច​នៃ​ខ្លោងទ្វារ​ខាងត្បូង​ដែរ ដែល​ការងារ​ទាំងនោះ​បាន​សម្រេច​ជា​ស្ថាពរ​ហើយ​។ ក្រៅពី​ការ​ជួសជុល​ទ្រង់ទ្រាយ​ធំ ក៏​មាន​កិច្ចការ​ថែទាំ​ជា​ប្រចាំ ដូច​ជា ការ​ទល់​ទ្រ​សង្គ្រោះ​បន្ទាន់​នូវ​ចំណុច​ហានិភ័យ និង​ជួសជុល​កម្រាល​ក្តារ ស្ពាន និង​បង្កាន់ដៃ​ដែល​រៀបចំ​ធ្វើ​ពី​ឈើ​ដើម្បី​សម្រួល ការ​ទស្សនា​របស់​ទេសចរ​នៅ​បរិវេណ​ប្រាសាទតាព្រហ្ម​៕