ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

EFI អបអរសាទរ​ខួប ១០ ឆ្នាំ​នៃ​ឧត្តមភាព​ផ្នែក​អប់រំ និង​សម្ពោធ​ឆ្នាំ​ដំបូង​នៃ​សាកលវិទ្យាល័យ​ហ្វ្រ​ង់​កូ​ហ្វូ​ន​នៅ​អាស៊ី (Université Francophone d’Asie)

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ថ្ងៃ​ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សាលា École Française Internationale (EFI) ភ្នំពេញ បាន​ប្រារព្ធ​ខួប​លើក​ទី ១០ របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ ទី ១៣​ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅ​សាលា​បុរី​កោះ​ពេជ្រ (Koh Pich City Hall)​។ ព្រឹត្តិការណ៍​នេះ​បាន​ប្រមូលផ្តុំ​ភ្ញៀវ​កិត្តិយស​តំណាង​ស្ថាប័ន​នានា ព្រមទាំង​សមាជិក​នៃ​សហគមន៍ EFI និង​សាកលវិទ្យាល័យ Université Francophone d’Asie(UFA) ក្នុង​កម្មវិធី​អបអរសាទរ​មួយ​ដែល​ផ្តោត​លើ​វិស័យ​អប់រំ វប្បធម៌ និង​ចក្ខុវិស័យ​រួម​សម្រាប់​អនាគត​។ ពិធី​នេះ​ក៏​បាន​សម្គាល់​នូវ​ការ​ឈាន​ចូល​ឆ្នាំ​ដំបូង​នៃ​ដំណើរការ​របស់​សាកលវិទ្យាល័យ UFA ផង​ដែរ​ ។

ចាប់ផ្តើម​ឡើង​ក្នុង​ឆ្នាំ​២០១៦ ក្នុង​នាម​ជា​សា​លាម​ត្តេ​យ្យ​សាកល្បង​តូច​មួយ​ដែល​មាន​សិស្ស​ត្រឹមតែ ៤ នាក់​ប៉ុណ្ណោះ​បាន​រីក​ចម្រើន​ក្លាយជា​សហគមន៍​សាលា​អន្តរជាតិ​ដែល​មាន​សិស្ស​ជាង ២២០ នាក់ ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យរ​ហូត​ដល់​ថ្នាក់​ទី​១២​។ ក្នុង​រយៈពេល​ត្រឹមតែ ១០ ឆ្នាំ​ប៉ុណ្ណោះ EFI បាន​សម្រេច​សមិទ្ធផល​សំខាន់​ៗ​ជា​ច្រើន រួម​មាន​៖ ការ​ទទួល​បានការ​ទទួលស្គាល់​គុណភាព​អប់រំ​ពី «Cambridge Assessment International Education» ក្នុង​ឆ្នាំ ២០២២, ការ​អនុម័ត​ដោយ​ក្រសួងអប់រំជាតិ​បារាំង​ដើម្បី​ចូល​ជា​សមាជិក​ក្នុង​បណ្តាញ​ទីភ្នាក់ងារ​អប់រំ​បារាំង​នៅ​ក្រៅប្រទេស (AEFE) ក្នុង​ឆ្នាំ ២០២៥​និង​ការ​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​បង្រៀន​កម្មវិធី​សិក្សា International Baccalaureate Diploma Programme (IB DP) ក្នុង​ឆ្នាំ ២០២៦​។

កម្មវិធី​នេះ​មាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ដោយ​វត្តមាន​របស់ លោក​ជំទាវ​បណ្ឌិត ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​ចៅស្រី​របស់​លោក​ជំទាវ​ក៏​ជា​សិស្ស​ម្នាក់​នៅ EFI ផង​ដែរ​។ នៅ​ក្នុង​សុន្ទរកថា​ដ៏​មាន​អត្ថន័យ និង​បំផុសគំនិត លោក​ជំទាវ​បាន​កោតសរសើរ​ចំពោះ​ដំណើរការ​របស់​សាលា ដោយ​បាន​លើក​ឡើង​ពី​សមិទ្ធផល​នានា ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​វិស័យ​អប់រំ និង​តួនាទី​ដ៏​ល្អ​ប្រសើរ​ដែល​សាលា​បាន​ដើរតួ​ក្នុង​ជីវិត​របស់​សិស្ស​។ ប្រសាសន៍​ប្រកបដោយ​ភាព​កក់ក្តៅ ការ​លើកទឹកចិត្ត និង​ការ​កោតសរសើរ​របស់​លោក​ជំទាវ បាន​ធ្វើ​ឱ្យ​សុន្ទរកថា​នេះ​ក្លាយជា​ចំណុច​ដ៏​គួរ​ឱ្យ​ចង​ចាំ​មួយ​នៃ​កម្មវិធី​នា​ពេល​រាត្រី​នោះ​។

កម្មវិធី​នេះ​ក៏​ជា​ឱកាស​មួយ​សម្រាប់​រំលឹក​ឡើង​វិញ​អំពី​ដំណើរ​ដែល​បាន​នាំ​ឱ្យ​ស្ថាប័ន​ទាំង​ពីរ​ឈាន​មក​ដល់​សមិទ្ធផល​ដ៏​សំខាន់​នេះ​ផង​ដែរ​។ សហ​ស្ថាបនិក​សាលា EFI និង​សាកលវិទ្យាល័យ UFA គឺ លោក Amaury de Saint Blanquat និង​ឧកញ៉ា វេជ្ជបណ្ឌិត ពុង ការ៉ូ​លី​ន បាន​ឡើង​ថ្លែង​សុន្ទរកថា ដើម្បី​ចែករំលែក​អំពី​ការ​ចាប់ផ្តើម​ដំបូង​របស់​សាលា EFI ចក្ខុវិស័យ​ដែល​បាន​ណែនាំ​ការ​អភិវឌ្ឍ​របស់​សាលា​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មក ព្រមទាំង​ដំណើរ​ឆ្ពោះទៅ​មុខ​ដែល​កំពុង​រង់ចាំ​នៅ​ពេល​អនាគត​។ សុន្ទរកថា​របស់​សហ​ស្ថាបនិក​ទាំង​ពីរ​បាន​បង្ហាញ​ពី​ការ​លះបង់ ការ​កសាង​ភាព​ជា​ដៃគូ​និង​មហិច្ឆតា​ដែល​ស្ថិត​នៅ​ពីក្រោយ​ស្ថាប័ន​ទាំងនេះ​ព្រមទាំង​បាន​បង្ហាញ​ពី​ក្តី​រំពឹង​ទុក​ចំពោះ​ឱកាស​ថ្មី​ៗ​ដែល​នឹង​កើត​មាន​ឡើង​ក្នុង​ឆ្នាំ​ខាង​មុខ​ៗ​ទៀត​។

ឯកឧត្តម​បណ្ឌិត ឆែម គាត​រិ​ទ្ធី ទេស​រដ្ឋមន្ត្រី និង​ជា​សាស្ត្រាចារ្យ​ជាន់ខ្ពស់​ផ្នែក​បញ្ញា​សិប្បនិម្មិត (AI) និង​មនុស្ស​សាស្ត្រ​នៅ​សាកលវិទ្យាល័យ ខេ​មតិច ក៏​បាន​ថ្លែង​សុន្ទរកថា​ទៅ​កាន់​អ្នកចូលរួម ដោយ​បាន​ចែករំលែក​ទស្សនៈ​ដ៏​ស៊ីជម្រៅ ដែល​បាន​បន្ថែម​អត្ថន័យ​យ៉ាង​ពិសេស​ដល់​កម្មវិធី​នេះ​។

លោកស្រី Éléonore Caroit រដ្ឋមន្ត្រី​ប្រតិភូ​នៃ​ប្រទេស​បារាំង ទទួល​បន្ទុក​កិច្ចការ ហ្វ្រ​ង់​កូ​ហ្វូ​នី (Francophonie) ភាព​ជា​ដៃគូ​អន្តរជាតិ និង​ពលរដ្ឋ​បារាំង​នៅ​ក្រៅប្រទេស បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ បន្ទាប់​ពី​លោកស្រី​បាន​មក​ដល់​រាជធានី​ភ្នំពេញ​ភ្លាម​ៗ​។ នៅ​ក្នុង​សុន្ទរកថា​ដ៏​គួរ​ឱ្យ​ចង​ចាំ​មួយ លោកស្រី​បាន​លើកតម្កើង​ភាសា​បារាំង និង​គុណ​តម្លៃ​នៃ​សហគមន៍ Francophonie ព្រមទាំង​បាន​អបអរសាទរ​ចំពោះ​ដំណើរ​រយៈពេល ១០ ឆ្នាំ​របស់​សាលា EFI និង​ទទួលស្គាល់​សារៈសំខាន់​នៃ​ឆ្នាំ​ដំបូង​នៃ​ការ​បង្កើត UFA​។ ការ​ចូលរួម​របស់​លោកស្រី បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​សារៈសំខាន់​នៃ​ការ​អប់​រំជា​ភាសា​បារាំង និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​តំបន់​ទាំងមូល​។

តន្ត្រី​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​កម្មវិធី​អបអរសាទរ​នេះ​។ សិស្សានុសិស្ស​របស់​សាលា EFI បាន​រួម​សម្តែង​លើ​ឆាក​ជាមួយ​លោក Julian Gargiulo អ្នក​ព្យា​ណូ​ដ៏​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ ខណៈ​លោក ឃួ​ន សិទ្ធិ​ស័ក ដែល​ជា​អ្នកចម្រៀង​សំឡេង Tenor ក៏​បាន​ចូលរួម​សម្តែង​នូវ​កម្មវិធី​ពិសេស​មួយ​ផង​ដែរ​។ សិល្បករ​ទាំង​ពីរ​រូប​បាន​ទាក់ទាញ​អារម្មណ៍​អ្នក​ទស្សនា​យ៉ាង​ខ្លាំង ដោយ​បាន​បង្កើត​នូវ​ពេលវេលា​ដ៏​គួរ​ឱ្យ​ចង​ចាំ ដែល​បាន​ផ្សារ​ភ្ជាប់​ទេព​កោសល្យ​របស់​អ្នកសិល្បៈ​អាជីព ជាមួយនឹង​ភាព​ស្វាហាប់ និង​ក្តី​រំភើប​រីករាយ​របស់​សហគមន៍​សាលារៀន​។

កម្មវិធី​អបអរសាទរ​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ឥស្សរជន​ជាន់ខ្ពស់​ក្នុង​វិស័យ​ការទូត រដ្ឋាភិបាល និង​អប់រំ ព្រមទាំង​សមាជិក​នៃ​ព្រះរាជ​វង្សានុវង្ស​កម្ពុជា​ផង​ដែរ ដែល​បាន​ឆ្លុះ​បញ្ចាំង​ពី​ចំណងទាក់ទង និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ដ៏​រឹង​មាំ​ជុំវិញ​សាលា EFI និង​សាកលវិទ្យាល័យ UFA​។ ក្នុង​ចំណោម​ភ្ញៀវ​កិត្តិយស​ទាំងនោះ រួម​មាន ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​, ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​, ឯកឧត្តម Hideo Ishizuki ឯកអគ្គរដ្ឋទូត​ជប៉ុន​, ឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូត​ម៉ា​ឡេ​ស៊ី​, ឯកឧត្តម Vanlalvawna Bawitlung​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​, លោក Dominic Williams (MBE) ឯកអគ្គរដ្ឋទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា និង​លោក​ជំទាវ​Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូត​គុយ​បា​។ លើស​ពី​នេះ កម្មវិធី​ក៏​បាន​ស្វាគមន៍​វត្តមាន​របស់ ឯកឧត្តម ឌិ​តទី​ណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក Guillaume Cario​អ្នកសម្របសម្រួល​នៃ​នាយកដ្ឋាន AEFE និង​ជា​ប្រធាន​ផ្នែក​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​។ ព្រមទាំង​លោក Frédéric Béreyziat​ទីប្រឹក្សា​ផ្នែក​សហប្រតិបត្តិការ និង​សកម្មភាព​វប្បធម៌ និង​ជានា​យក​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា (Institut français du Cambodge)​។ វត្តមាន​របស់​ភ្ញៀវ​កិត្តិយស​ទាំងអស់​នេះ បាន​បង្ហាញ​ពី​សារៈសំខាន់​នៃ​វិស័យ​អប់រំ ការ​ផ្លាស់​ប្តូរ​វប្បធម៌ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លើស​ពី​ការ​អបអរសាទរ​ស្ថាប័ន​ទាំង​ពីរ ព្រឹត្តិការណ៍​នៅ​ល្ងាច​នោះ​គឺជា​ឱកាស​មួយ​ដើម្បី​ផ្តល់​ការ​ទទួលស្គាល់​ដល់​បុគ្គល​នានា ភាព​ជា​ដៃគូ និង​គុណ​តម្លៃ​រួម ដែល​បន្ត​ជួយ​ដល់​ការ​អភិវឌ្ឍ​របស់​ស្ថាប័ន​ទាំងនេះ​។ សម្រាប់ EFI ខួប​នេះ​គឺជា​ការ​កត់សម្គាល់​នូវ​រយៈពេល ១០ ឆ្នាំ​នៃ​ការ​រីក​ចម្រើន​ផ្នែក​អប់រំ និង​ការ​បើកចំហ​ឆ្ពោះទៅ​កាន់​អន្តរជាតិ​។ ចំណែកឯ UFA វិញ វា​គឺជា​ការ​អបអរសាទរ​ការ​ចាប់ផ្តើម​នៃ​ជំពូក​ថ្មី​មួយ ក្នុង​ការ​នាំ​យក​ការ​អប់រំ​កម្រិត​ឧត្តម​សិក្សា​ជា​ភាសា​បារាំង ទៅ​កាន់​និស្សិត​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ទូ​ទាំង​តំបន់​អាស៊ី​អាគ្នេយ៍​។

ដប់​ឆ្នាំ​បន្ទាប់​ពី​ការ​ទទួល​ស្វាគមន៍​សិស្ស​ដំបូង​ចំនួន ៤​នាក់ សាលា EFI កំពុង​បន្ត​ឆ្ពោះទៅ​មុខ​ជាមួយនឹង​មហិច្ឆតា​ថ្មី ដោយ​បន្ត​ផ្តល់​ការ​អប់រំ​តាម​បែប​អន្តរជាតិ​នៅ​កម្ពុជា និង​បង្កើត​ឱកាស​ថ្មី​ៗ​បន្ថែម​ទៀត​សម្រាប់​សិស្សានុសិស្ស​ក្នុង​ការ​បន្ត​ការ​សិក្សា​ពី​កម្រិត​សាលារៀន​ទៅ​កាន់​ថ្នាក់ឧត្តម​សិក្សា​។
 
អំពី EFI
សាលា​អន្តរជាតិ​បារាំង (École Française Internationale ឬ EFI) ភ្នំពេញ គឺជា​សាលា​អន្តរជាតិ​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​លើ​កោះ​ពេជ្រ ដោយ​ទទួល​សិស្ស​ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា (Nursery) រហូត​ដល់​ថ្នាក់​ទី ១២​។ តាម​រយៈ​ការ​ផ្តល់​ជូន​នូវ​កម្មវិធី​សិក្សា​ផ្អែក​លើ​ប្រព័ន្ធ​អប់រំ​បារាំង ក្នុង​បរិយាកាស​អន្តរជាតិ និង​ពហុ​ភាសា សាលា EFI ទទួល​បានការ​ទទួលស្គាល់​គុណភាព​អប់រំ​ពី Cambridge Assessment International Education ព្រមទាំង​ទទួល​បានការ​ទទួលស្គាល់​ពី AEFE និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ផ្តល់​ជូន​នូវ​កម្មវិធី​សិក្សា International Baccalaureate Diploma Programme (IB DP) ផង​ដែរ​។
គេហទំព័រ​៖ https://efi.asia

អំពី UFA
Université Francophone d’Asie (UFA) គឺជា​គ្រឹះស្ថានឧត្តមសិក្សា​ដែល​ប្រើប្រាស់​ភាសា​បារាំង មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​។ គ្រឹះស្ថាន​នេះ​មាន​មហិច្ឆតា​ក្នុង​ការ​ពង្រីក​លទ្ធភាព​ទទួល​បានការ​អប់រំ​កម្រិត​ឧត្តម​ជា​ភាសា​បារាំង​នៅ​ទូ​ទាំង​តំបន់​អាស៊ី​អាគ្នេយ៍​។ កម្មវិធី​សិក្សា​ដំបូង​របស់​ខ្លួន គឺ​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង ដែល​រៀបចំ​ឡើង​ដោយ​សហការ​ជាមួយ Université Paris-Panthéon-Assas គឺជា​ជំហាន​ដំបូង​ឆ្ពោះទៅ​រក​ការ​សម្រេច​ចក្ខុវិស័យ​នេះ​។​តាម​រយៈ​ការ​អភិវឌ្ឍភាព​ជា​ដៃគូ​ជា​បន្តបន្ទាប់​ជាមួយ​សាកលវិទ្យាល័យ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ពិភព​និយាយ​ភាសា​បារាំង​(Francophone world) UFA មាន​គោលបំណង​ផ្តល់​ជូន​នូវ​កម្មវិធី​សិក្សា និង​សញ្ញាបត្រ​សាកលវិទ្យាល័យ​ដ៏​សម្បូរ​បែប​និង​មានការ​ទទួលស្គាល់​។ នេះ​នឹង​បង្កើត​ឱកាស​ថ្មី​ៗ​សម្រាប់​និស្សិត​នៅ​ក្នុង​តំបន់ ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់ឧត្តម​ជា​ភាសា​បារាំង និង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ជំនាញ​សិក្សាធិការ​របស់​ស្ថាប័ន​ឈានមុខ​នានា​ដែល​ប្រើប្រាស់​ភាសា​បារាំង​។

គេហទំព័រ​៖ https://ufa-universite.asia
ការ​សាកសួរ​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​៖
Thêvy Lenain
មន្ត្រី​ផ្នែក​ទំនាក់ទំនង
thevy.lenain@efi.asia