ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កោះ​ពេជ្រ​រៀបចំ​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌ ដើម្បី​គាំទ្រ​ដល់​អង្គការ Toutes à l’école

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កោះ​ពេជ្រ​បាន​រៀបចំ​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​មួយ ​កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា នៅ​ការិយាល័យ​លក់​កោះ​ពេជ្រ (Koh Pich Sales Center) ដើម្បី​គាំទ្រ​ដល់​អង្គការ «Toutes à l’école» ដែល​ជា​អង្គការ​មិន​រក​ប្រាក់​ចំណេញ​របស់​បារាំង ធ្វើការ​លើ​ការ​ពង្រីក​ឱកាស​ទទួល​បានការ​អប់រំ​សម្រាប់​កុមារី​នៅ​កម្ពុជា ​។

ព្រឹត្តិការណ៍​នេះ​ បាន​ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​ត្រៀមខ្លួន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី (Fran​cophonie) លើក​ទី​២០ ដោយ​កម្មវិធី​ទាំងមូល​ ត្រូវ​បាន​បំផុសគំនិត​ឡើង​តាម​រយៈ​វប្បធម៌​តន្ត្រី​នៃ​ទី​ក្រុងប៉ារីស​ក្នុង​សតវត្សរ៍​ទី
១៩​ ។

កម្មវិធី​នេះ ​មានការ​ចូលរួម​សម្តែង​ដោយ​អ្នកលេង​ព្យា​ណូ Julian Gargiulo ដែល​បាន​លេង​ស្នាដៃ​តន្ត្រី​របស់​លោក Frédéric Chopin ដោយ​មានការ​ចូលរួម​ច្រៀង​ពី​សំណាក់​លោក ឃួ​ន សិទ្ធិ​ស័ក (Sethisak Khuon) ដែល​ជា​អ្នកចម្រៀង​សំឡេង​តេ​ន័​រ (Tenor) ជនជាតិ​កម្ពុជា​។ លើស​ពី​នេះ លោក Gargiulo ក៏​បាន​ចែករំលែក​រឿងរ៉ាវ​អំពី​ជីវិត​របស់​លោក Chopin និង​ប្រវត្តិ​ទាក់ទង​នឹង​ស្នាដៃ​តន្ត្រី​ដែល​បាន​យក​មក​សម្តែង​ផង​ដែរ ​។

ដោយ​រំលឹក​ឡើង​វិញ ​អំពី​ប្រតិកម្ម​របស់​អ្នក​ទស្សនា លោក Gargiulo បាន​និយាយ​ថា​៖ «​វា​ពិតជា​សប្បាយ​រីករាយ​ណាស់ ហើយ​ខ្ញុំ​ពិតជា​រីករាយ​ដែល​បានឃើញ​ពី​របៀប​ដែល​ទស្សនិកជន​ឆ្លើយ​តប​ទៅ​នឹង​តន្ត្រី​នោះ​។ ខ្ញុំ​គិត​ថា នៅ​ពេល​ដែល​យើង​ធ្វើ​ឱ្យ​តន្ត្រីបុរាណ​មាន​លក្ខណៈ​មិនសូវ​តឹងរ៉ឹង ឬ​មិនសូវ​ផ្លូវការ​ពេក មនុស្ស​ម្នា​អាច​មាន​អារម្មណ៍​ធូរស្រាល រីករាយ​ជាមួយ​វា និង​អាច​ភ្ជាប់​អារម្មណ៍​ទៅ​នឹង​តន្ត្រី​នោះ​បាន​ដោយ​ធម្មជាតិ​ជាង​មុន​»​។ ​គំនិត​ផ្តួចផ្តើម​នេះ​ទទួល​បានការ​គាំទ្រ​ពី​ក្រុមហ៊ុន OCIC, Pandora, Attwood, Vintage, Supersound និង Dara Hotel​។

រាល់​ប្រាក់​ចំណូល​ដែល​ទទួល​បាន​ពី​ការ​លក់​សំបុត្រ និង​ការ​បរិច្ចាគ​នានា​ក្នុងអំឡុងពេល​ព្រឹត្តិការណ៍​នេះ នឹង​ត្រូវ​ផ្តល់​ជូន​ដោយ​ផ្ទាល់​ទៅ​កាន់​អង្គការ Toutes à l’école​។ អង្គការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៥ ដោយ​អ្នក​សារព័ត៌មាន​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ Tina Kieffer ដោយ​បាន​បង្កើត​សាលា Happy Chandara ដើម្បី​ផ្តល់​ការ​អប់រំ​ដោយ​ឥត​គិតថ្លៃ​ដល់​កុមារី​ដែល​មក​ពី​គ្រួសារ​ខ្វះខាត​។

បច្ចុប្បន្ន​នេះ សាលារៀន​នេះ​មាន​សិស្សានុសិស្ស​ជាង១,០០០នាក់ ចាប់ពី​កម្រិត​ម​ត្តេ​យ្យ​សិក្សា​រហូត​ដល់​កម្រិត​មធ្យមសិក្សា​។ បេសកកម្ម​របស់​វា​ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​របស់ Kieffer ដែល​ថា «​ការ​ផ្តល់​ការ​អប់រំ​ដល់​ក្មេង​ស្រី ជួយ​ជំរុញ​ពិភពលោក​ឱ្យ​ឈាន​ទៅ​មុខ​»​។ អត្ថបទ៖ សហការ