ខេត្តកំពង់ស្ពឺ ៖ ក្នុងឱកាសអបអរសាទរខួប ១០ឆ្នាំនៃវត្តមាននៅព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន Angkor Dairy Products Co., Ltd. ដែលត្រូវបានស្គាល់ក្រោមម៉ាកយីហោ AngkorMilk បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាដែលទើបជួសជុលរួចរាល់ ជូនដល់សាលាបឋមសិក្សាតាំងរបង ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីលោក ឈួន ឈុំ អភិបាលនៃគណៈអភិបាលរងស្រុកឱរ៉ាល់ លោក Ta Duy Tung អគ្គនាយកក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី អាជ្ញាធរមូលដ្ឋាន តំណាងសហគមន៍ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ។

ព្រឹត្តិការណ៍នេះគឺជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តរបស់ AngkorMilk ក្នុងការតបស្នងចំពោះការគាំទ្ររបស់ ប្រជាជនកម្ពុជា និងរួមចំណែកអភិវឌ្ឍសង្គម តាមរយៈការវិនិយោគលើវិស័យអប់រំ និងការកសាងអនាគតកុមារជំនាន់ក្រោយ ។
ថ្លែងក្នុងពិធីនេះ ថ្នាក់ដឹកនាំក្រុមហ៊ុន AngkorMilk បានមានប្រសាសន៍ថា ៖ «យើងជឿជាក់ថា គ្មានការវិនិយោគណាដែលមានតម្លៃជាងការវិនិយោគលើការអប់រំ និងអនាគតរបស់កុមារនោះទេ ។ សាលារៀនមិនមែនគ្រាន់តែជាអគារសម្រាប់សិក្សាប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងបង្កើតក្តីសុបិន ចែករំលែក ចំណេះដឹង និងបណ្តុះអ្នកដឹកនាំនាពេលអនាគត។ យើងមានមោទនភាពដែលបានរួមចំណែកផ្តល់សមិទ្ធផលនេះជូនដល់សហគមន៍កម្ពុជា» ។

សមិទ្ធផល ១០ឆ្នាំ ៖ រួមចំណែកសេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារជូនប្រជាជនកម្ពុជា ក្នុងរយៈពេល ១០ឆ្នាំកន្លងមក AngkorMilk បានចូលរួមចំណែកដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈ ការវិនិយោគលើវិស័យឧស្សាហកម្មទឹកដោះគោ ដោយសម្រេចបានសមិទ្ធផលសំខាន់ៗរួមមាន ៖
• ការរួមចំណែកដល់ថវិកាជាតិ ៖ បានបង់ពន្ធចូលថវិកាជាតិប្រមាណ ៨២លានដុល្លារអាមេរិក ។
• ការបង្កើតការងារ ៖ ផ្តល់ការងារជូនបុគ្គលិកជាង ៦០០នាក់ និងចូលរួមអភិវឌ្ឍជំនាញបច្ចេកទេសដល់បុគ្គលិកខ្មែរ ។
• ការគាំទ្រអាជីវកម្មក្នុងស្រុក ៖ គាំទ្រអាជីវករក្នុង និងក្រៅប្រព័ន្ធជាង ៥០,០០០អាជីវករ រួមមានអ្នកចែកចាយបន្ត អ្នកលក់ដុំ និងអ្នកលក់រាយទូទាំងប្រទេស ។
• ការផ្គត់ផ្គង់ផលិតផល ៖ មានអ្នកប្រើប្រាស់ចុងក្រោយជាង ៣លាននាក់ក្នុងមួយឆ្នាំ ។

AngkorMilk មានរោងចក្រផលិតទឹកដោះគោស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ (RPPSEZ) ដោយបំពាក់ម៉ាស៊ីនទំនើប និងប្រព័ន្ធស្វ័យប្រវត្តិប្រើប្រាស់បច្ចេកវិទ្យាពីប្រទេសស៊ុយអែត អាល្លឺម៉ង់ អ៊ីតាលី និងសហរដ្ឋអាមេរិក ។ ដើម្បីធានាគុណភាព និងសុវត្ថិភាពផលិតផល ក្រុមហ៊ុនអនុវត្តប្រព័ន្ធស្តង់ដារជាតិ និងអន្តរជាតិ រួមមាន ISO, FSSC 22000, HACCP និង GMP ព្រមទាំងបន្តអភិវឌ្ឍជំនាញបុគ្គលិកខ្មែរលើវិស័យផលិតកម្មទឹកដោះគោ ។
វិនិយោគលើការអប់រំ ៖ បន្សល់ទុកសមិទ្ធផលសម្រាប់អនាគតកុមារកម្ពុជា ការជួសជុល និងប្រគល់អគារសិក្សាជូនសាលាបឋមសិក្សាតាំងរបង គឺជាសកម្មភាពទំនួលខុសត្រូវសង្គមដ៏មាន អត្ថន័យរបស់ AngkorMilk ក្នុងឱកាសខួប ១០ឆ្នាំនៅកម្ពុជា ។
ក្រុមហ៊ុនជឿជាក់ថា ការអប់រំគឺជាគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងសង្គមជាតិ ។ អគារសិក្សាដែលបានជួសជុលរួចនេះ នឹងជួយផ្តល់បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងផាសុកភាព ព្រមទាំងជំរុញទឹកចិត្តសិស្សានុសិស្សឱ្យកាន់តែមានភាពរីករាយក្នុងការសិក្សារៀនសូត្រ ។ សមិទ្ធផលនេះក៏ជាការថ្លែងអំណរគុណចំពោះអតិថិជន និងប្រជាជនកម្ពុជាទូទាំងប្រទេស ដែលបានជឿទុកចិត្ត និងគាំទ្រផលិតផល AngkorMilk ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ។

ជំហានវិនិយោគថ្មី ៖ បន្តអភិវឌ្ឍកសិដ្ឋានចិញ្ចឹមគោយកទឹកដោះទំនើប ទន្ទឹមនឹងការបន្តអភិវឌ្ឍអាជីវកម្ម AngkorMilk ក៏បានបង្ហាញពីផែនការវិនិយោគបន្ថែមលើកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដែលមានស្តង់ដារខ្ពស់ និងបច្ចេកវិទ្យាទំនើប ដើម្បីចូលរួមពង្រឹងវិស័យកសិកម្ម និងឧស្សាហកម្ម ទឹកដោះគោកម្ពុជា ។
គម្រោងនេះមានគោលដៅសំខាន់ៗដូចជា ៖
• ផ្ទេរចំណេះដឹង និងជំនាញបច្ចេកទេសចិញ្ចឹមគោយកទឹកដោះដល់កសិករកម្ពុជា ។
• ជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូលទឹកដោះគោពីបរទេស ។
• ជំរុញការផលិតទឹកដោះគោក្នុងស្រុក និងពង្រឹងខ្សែច្រវាក់ផលិតកម្មក្នុងប្រទេស ។
• បង្កើតឱកាសការងារ និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ ។

ការវិនិយោគនេះបង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុនចំពោះសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តក្នុងការរីកចម្រើនជាមួយប្រទេសជាតិរយៈពេលវែង ។ បន្តបេសកកម្ម «AngkorMilk នៅជាមួយអ្នក ដើម្បីអ្នក»
ក្នុងឱកាសខួប ១០ឆ្នាំនេះ AngkorMilk បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តផ្តល់ផលិតផលទឹកដោះគោដែលមាន គុណភាព សុវត្ថិភាព និងអាហារូបត្ថម្ភល្អសម្រាប់ប្រជាជនកម្ពុជា ព្រមទាំងបន្តវិនិយោគលើការបង្កើតការងារ អភិវឌ្ឍជំនាញក្នុងស្រុក គាំទ្រវិស័យអប់រំ និងចូលរួមថែរក្សាបរិស្ថាន ។ ថ្នាក់ដឹកនាំក្រុមហ៊ុនបានថ្លែងអំណរគុណចំពោះអតិថិជន អ្នកចែកចាយបន្ត អ្នកលក់ដុំ អ្នកលក់រាយ ដៃគូអាជីវកម្ម និងបុគ្គលិកទាំងអស់ ដែលបានរួមដំណើរជាមួយ AngkorMilk ក្នុងរយៈពេល ១០ឆ្នាំកន្លងមក ។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំសិក្សារៀនសូត្រ ប្រើប្រាស់ចំណេះដឹងដើម្បីអភិវឌ្ឍខ្លួន និងក្លាយជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់ប្រទេសជាតិនាពេលអនាគត ។ ការប្រគល់អគារសិក្សានេះ គឺជាការបង្ហាញពីស្មារតីចែករំលែក និងការរីកចម្រើនរួមគ្នារវាងវិស័យឯកជន និងសហគមន៍ ក្រោមទស្សនៈ «ខ្មែរជួយខ្មែរ! AngkorMilk ផលិតសម្រាប់ប្រជាជនកម្ពុជា និងរីកចម្រើនជាមួយ កម្ពុជា!» ៕ អត្ថបទសហការ





























ចែករំលែកព័តមាននេះ