ខេត្តកំពង់ធំ ៖ ស្ថាបនិកវិទ្យាល័យ ជា ចាន់តូ អាជ្ញាធរ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ចូលរួមដាំកូនឈើនៅវិទ្យាល័យ ជា ចាន់តូ ដែលនេះជា ការបង្ហាញនូវសកម្មភាពដ៏មានតម្លៃ នឹងក្លាយជានិមិត្តរូប នៃការចូលរួមចំណែកក្នុងការកសាងបរិស្ថានបៃតង ជាមួយនឹងការអប់រំកាន់តែ ប្រសើរ សម្រាប់ប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ន និងទៅពេលអនាគត ។

លោកជំទាវ ខៀវ ស៊ីណា ស្ថាបនិកវិទ្យាល័យ ជា ចាន់តូ លើកឡើងក្នុងពិធីអបអរសាទរទិវាដាំដើមឈើ នៅវិទ្យាល័យ ជា ចាន់តូ ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ នៅចុងសប្តាហ៍កន្លងមកថា ពិធី “រុក្ខទិវា” ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះ រាជកិច្ចដឹកនាំ របស់ព្រះករុណាព្រះបរមរតនកោដ្ឋ ក្នុងគោលបំណងជួយឱ្យបរិស្ថាន និងអាកាសធាតុមានផលល្អចំពោះភពផែនដី និង មនុស្សជាតិ ដែលពិធីនេះត្រូវបានបន្តប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៩២ រហូតមក ដើម្បីជំរុញឱ្យប្រជាពលរដ្ឋយល់ដឹង ពីសារៈសំខាន់ និងផលប្រយោជន៍ ក៏ដូចជាបណ្ដុះគំនិត ស្មារតីស្រឡាញ់ព្រៃឈើ និងបរិស្ថានផងដែរ។

លោកជំទាវ បន្តថា ជាក់ស្តែងការចូលរួមដាំកូនឈើរពីអាជ្ញាធរ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សនាពេលនេះ បានបង្ហាញ នូវសកម្មភាពដ៏មានតម្លៃ នៃការដាំកូនឈើរួមគ្នា មានន័យថា យើងបានបង្កើនលើកិច្ចការការពារ ថែរក្សា និងអភិរក្ស ដល់សោភ័ណ្ឌ ភាព ក៏ដូចជាបរិស្ថានបៃតង ក្នុងបរិវេណវិទ្យាល័យ ជា ចាន់តូ ដែលកំពុងសាងសង់ឡើង, នេះក៏ជាសកម្មភាពដ៏មានសារៈសំខាន់ ក្នុង ការថែរក្សាបរិស្ថាន បង្កើនគម្របព្រៃឈើ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ជាពិសេសសម្រាប់ជាម្លប់ដល់សិស្សានុសិស្ស អាចអង្គុយរៀនសូត្រនៅក្រៅម៉ោងសិក្សា សក្ដិសមសម្រាប់ការសិក្សាប្រកបដោយសុខុមាលភាព និងពោរពេញដោយភាពរស់រវើករបស់ សិស្សានុសិស្សទាំងអស់ ដែលនឹងត្រៀមចូលសិក្សាក្នុងអំឡុងខែកញ្ញាខាងមុខ។

លោកជំទាវ ក៏បានអំពាវនាវដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សចូលរួមថែទាំកូនឈើរទាំងនោះឱ្យបានល្អ និងបានសង្កត់ ធ្ងន់ថា ដើមឈើមួយលូតលាស់បានល្អ មិនត្រឹមតែត្រូវការដីដែលមានជីវជាតិ ទឹកស្អាត និងពន្លឺព្រះអាទិត្យប៉ុណ្ណោះទេ ប៉ុន្តែទាមទារ ឱ្យអ្នកថែទាំមានភាពអត់ធ្មត់ និងការយកចិត្តទុកដាក់ខ្ពស់ ទើបដើមឈើទាំងនោះអាចរីកធំធាត់បាន។

បន្ទាប់ពីអញ្ជើញចូលរួមដាំកូនឈើ,ជាមួយ លោកជំទាវ ខៀវ ស៊ីណាជា ចាន់តូ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានអញ្ជើញទៅពិនិត្យមើលអគារ និងសំណង់ផ្សេងៗនៅក្នុងវិទ្យាល័យ ជា ចាន់តូ ដែលបាននិងកំពុងសាងសង់ ហើយតាមរយៈវិទ្យាល័យមួយនេះនឹងផ្តល់ជូននូវកម្មវិធីសិក្សាដែលសម្បូរបែបដល់សិស្សានុសិស្ស ដើម្បីអភិវឌ្ឍចំណេះដឹង ជំនាញ និងគុណតម្លៃក្នុងការបង្កើតធនធានមនុស្សនៅកម្ពុជា៕ អត្ថបទសហការ











ចែករំលែកព័តមាននេះ