៧ថ្ងៃនេះយុទ្ធនាការទ្រង់ទ្រាយធំ ក្រសួងការងារ ផ្សាយពីឱកាសការងារដល់ពលករមកពីថៃ និងពលរដ្ឋជាង ៦ម៉ឺននាក់ ហើយអ្នកទទួលបានការងារភ្លាមជាង ១ម៉ឺននាក់
រាជធានីភ្នំពេញ ៖ គិតពីថ្ងៃទី ២ ដល់ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៥ ក្រសួងការងារ…
រាជធានីភ្នំពេញ ៖ គិតពីថ្ងៃទី ២ ដល់ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៥ ក្រសួងការងារ…
រាជធានីភ្នំពេញ ៖ គិតពីថ្ងៃទី ២ ដល់ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៥ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្សព្វផ្សាយស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ និងពលករដែលទើបមកពីប្រទេសថៃបានចំនួនជាង ៦ម៉ឺននាក់ ខណៈដែលអ្នកចូលរួមប្រមាណជាង ១ម៉ឺននាក់ទទួលបានការងារបឋម ។ នេះគឺជាការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៥ នេះ ។

លោក ស៊ុន មេសា បញ្ជាក់ថា ៖ “ក្នុងរយៈពេល ៧ថ្ងៃនៃយុទ្ធនាការចុះផ្សព្វផ្សាយស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ពលរដ្ឋនៅតាមមូលដ្ឋានជាពិសេសបងប្អូនពលករខ្មែរដែលទើបមកពីថៃបានទទួលដំណឹងពីឱកាសការងារដ៏សម្បូរបែប និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ រួមទាំងអត្ថប្រយោជន៍ប.ស.ស. ហើយជាមួយគ្នានេះ ខ្ញុំក៏សូមអបអរសាទរដល់បងប្អូនដែលទទួលបានឱកាសការងារភ្លាមៗជាង ១ម៉ឺននាក់ដែលទទួលបានឱកាសការងារភ្លាមតាមរយៈយុទ្ធនាការទ្រង់ទ្រាយធំជំហានទី ២ របស់ក្រសួង” ។

បើតាមអ្នកនាំពាក្យដដែល ក្នុងយុទ្ធនាការថ្ងៃទី ៧ នេះ ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចុះផ្សព្វផ្សាយដល់ឃុំសង្កាត់ចំនួន ២០០ ក្នុងខេត្តនានានៅទូទាំងប្រទេសដោយមានអ្នកចូលរួមប្រមាណ ៦ម៉ឺននាក់ដែលភាគច្រើនបំផុតគឺជាពលករដែលទើបត្រឡប់មកពីប្រទេសថៃ ។

សូមរម្លឹកថា ក្នុងគោលបំណងផ្តល់ការងារដល់ពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃភ្លាមៗ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាការចុះផ្សព្វផ្សាយជំហានទី ១ តាំងពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ ដែលបានចុះផ្សព្វផ្សាយដល់ឃុំសង្កាត់ចំនួន ១០២ឃុំ ខណៈដែលយុទ្ធនាការទ្រង់ទ្រាយធំជំហានទី ២ នេះមានរយៈពេល ១០ថ្ងៃដែលនឹងត្រូវចុះផ្សព្វផ្សាយចំនួន ៣០០ឃុំពីថ្ងៃទី ២ ដល់ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ ៕ អត្ថនបទសហការ

ចែករំលែកព័តមាននេះ