ខេត្តកែប ៖ លោកជំទាវ ឃុន ណៃហៀក អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម ព្រុំ គន្ធិ អភិបាលរង នៃគណៈអភិបាលខេត្តកែប ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នាព្រឹកថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥ បានបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីនាំយកឱកាសការងារជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ នៅសាលាស្រុកដំណាក់ចង្អើរ ខេត្តកែប ។
ក្នុងឱកាសនោះ ក្រុមការងាររបស់ក្រសួងបានផ្សព្វផ្សាយអំពីឱកាសការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) ជូនដល់អ្នកចូលរួមប្រមាណជាង ២០០នាក់ ក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប ។ ក្នុងនោះ បងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរចំនួន ៦៧នាក់បានទទួលការងារភ្លាមៗពីក្រុមហ៊ុនធំៗ ដែលមានតម្រូវការកម្លាំងពលកម្មសរុបចំនួនជិត ១ពាន់កន្លែង ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ